អារម្ភកថា
អត្ថបទនៅក្នុងសៀវភៅនេះ
សរសេររៀបរាប់អំពីព្រឹត្តិការណ៍នៃសង្គ្រាម រវាងកងទ័ពកម្ពុជា ធ្វើការប្រយុទ្ធយ៉ាងប្ដូរផ្ដាច់
អង់អាចក្លាហាន ជាមួយកងទ័ពសៀមឈ្លានពាន នៅសមរភូមិទិសទី១ប្រាសាទព្រះវិហារ
និងរឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងក្នុងពេលនោះ ។ ខ្ញុំបានកែច្នៃហេតុការណ៍ទាំងនោះ
ឱ្យក្លាយទៅជាប្រលោមលោកខ្លី ប៉ុន្តែពុំប្រាសចាកពីការពិតនោះឡើយ គ្រាន់តែបញ្ចេញបញ្ចូលពាក្យពេចន៍ឡែបខាយខ្លះៗ
ប៉ុណ្ណោះ ។ ខ្ញុំបាទសូមធ្វើការអភ័យទោសទុកជាមុនៈ ទី១ ចំពោះការរំឭកនូវឈ្មោះឯកឧត្តមមេបញ្ជាការ,
មេបញ្ជាការរង ដាក់ចូលទៅក្នុងអត្ថបទនេះ, ទី២ រឿងរ៉ាវជាច្រើនទៀតដែលកើតឡើង
តែមិនបានសរសេរចូលព្រោះថាខ្ញុំមិនបានបានដកស្រង់ពីក្នុងសារព័ត៌មានណាមួយ
យកមកបញ្ចូលឡើយ ។ អ្វីដែលមាននៅទីនេះ ទាំងព័ត៍មានទាំងរូបភាព
និងសំឡេង គឺរូបខ្ញុំបានជួបប្រទះ (ឃើញ ឮ ដឹង
និងបានថតរូបភាព សំឡេងដោយផ្ទាល់ពីសមរភូមិមុខ) ដូច្នេះតែម្នាក់ឯង ជឿថាវាមិនអាចបានគ្រប់ជ្រុងជ្រោយឡើយ, ទី៣ លើកយកតែវីរភាព នៃកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស (អាវុធគាំទ្រ បេអឹម BM) ដែលដឹកនាំបញ្ជាដោយផ្ទាល់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត
ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,
មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សតែប៉ុណ្ណោះ ។
ការដែលសសេរអត្ថបទនេះឡើង ចង់សម្ដែងពីមោទនភាព
និងបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស នាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលជាកម្លាំងគាំទ្រ (អាវុធគាំទ្រ BM21) ដ៏មានប្រសិទ្ធភាព ក្នុងការដណ្តើមបានជោគជ័យ ក្នុងសង្គ្រាមលើកនេះ
និងចង់រក្សាទុកជាអានុស្សាវរីយ៍ សម្រាប់ខ្លួនឯងទៅថ្ងៃអនាគត ។
សូមជម្រាបជូនផងដែរថា អត្ថបទនេះបានចម្លងចេញយកមកធ្វើការកែសម្រួល
កាត់ចេញខ្លះ និងបន្ថែមបន្ថយនូវចំណុចមួយចំនួន ពីក្នុងកូនសៀវភៅរបស់ខ្ញុំ
ដែលបានបោះពុម្ពម្ដងរួចមកហើយ ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយជាសាធារណៈឡើយ ព្រោះខ្លឹមសារខ្លះវាពាក់ពន្ធ័ទៅនឹងការសម្ងាត់របស់កងទ័ព
(ការបំភាន់អក្ខរៈ ទីតាំងកងទ័ព និងអាវុធយុទ្ធភ័ណ្ឌជាដើម) ។ មួយវិញទៀត
លើកនេះខ្ញុំបានដាក់តួនាទី និងឋានន្តរស័ក្តិបច្ចុប្បន្នរបស់លោកឧត្ដមសេនីយ៍មួយចំនួន
ឧទាហរណ៍កាលក្នុងសម័យសង្គ្រាមនេះ គាត់មានឋានន្តរស័ក្តិត្រឹមថ្នាក់ឧត្ដមសេនីយ៍ត្រី
ឬទោទេ តែពេលនេះឡើងជាឧត្ដមសេនីយ៍ឯកជាដើម ។
សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ៖
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីក្លាយជាបការដទៃឡើយ។
វរសេនីយ៍ឯក
រត្ន័ន៍ សេនា នាយការិយាល័យអប់រំចិត្តសាស្ត្រ
ស្នងការដ្ឋានឃោសនាព័ត៌មាន
បញ្ជាការដ្ឋានអង្គរក្ស
ផ្ដើមសេចក្ដី
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅលើកំពូលភ្នំដងរែក
មានទីតាំងស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ងាយ ៤០៥ គីទ្បូមែត្រ ពីរាជធានីភ្នំពេញ និងមានចម្ងាយ
១០៨ គីឡូម៉ែត្រ ពីក្រុងព្រះវិហារ ។
ថៃ្ងទី៧
ខែកក្កដា ឆ្នាំ២០០៨ អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក
ប្រទេសកាណាដា ។
ដោយសារតែការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកនេះហើយ ដែលធ្វើឱ្យសៀមជ្រុលជ្រុលនិយមមួយចំនួន
កើតទុក្ខមិនសុខចិត្ត លើកគ្នាមកតវ៉ានៅជាប់របងខាងប្រាសាទព្រះវិហារ មានព្រះសង្ឃ
អាចារ្យ និងដូនជី ដោយធ្វើការផ្លោះរបងចូលមកស្នាក់នៅក្នុងវត្តកែវសិក្ខាគីរីស្វារៈ។
គួររំឭកផងដែរថា មុនពេលមានព្រឹត្តិការណ៍វឹកវរកើតឡើង រាល់ការឡើងមកទស្សនាប្រាសាទព្រះវិហារ
ភ្ញៀវទេសចរណ៍ទាំងអស់ត្រូវចូលតាមច្រកពីប្រទេសថៃ ព្រោះមានជម្រាលផ្លូវឡើងទាប
ក្រាលកៅស៊ូរលោងស្អាត ហើយចម្ងាយពីរបងព្រំដែនប្រមាណជាងមួយរយម៉ែត្រប៉ុណ្ណោះ នឹងដល់កាំជណ្ដើរឡើងប្រសាទតែម្ដង
មិនពិបាកក្នុងការឡើងដូចខាងដីខ្មែរយើងឡើយ ដែលមានចំណោតខ្លាំង និងផ្លូវពិបាកឡើង
(ទើបនឹងធ្វើការកសាងនៅវេលាខាងក្រោយនេះទេ) ។ ក្រោយថ្ងៃ ១៥កក្កដា ២០០៨
ផ្លូវចូលពីខាងសៀម ត្រូវបានភាគីខ្មែរយកបន្លាលួសព័ទ្ធជាច្រើនជាន់ បិទលែងឱ្យចូលបានតទៅទៀតរហូតមកទល់បច្ចុប្បន្ននេះ
សព្វថ្ងៃប្រសិនបើមានភ្ញៀវទេសចរណ៍មកពីខាងទឹកដីសៀម អាជ្ញាធរអប្សរាតម្រូវឱ្យនាំចូលតាមច្រកនៃប្រទេសកម្ពុជាវិញ
។
នៅយប់ថ្ងៃទី
១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហានឈុតខ្មៅថៃប្រមាណជា ៤០នាក់
បានសម្រុកចូលទឹកដីកម្ពុជាដោយខុសច្បាប់ នៅត្រង់ចំណុចវត្ត កែវសិក្ខាគិរីស្វារៈ ហើយក៏បានក្លាយជាប្រធានបទក្ដៅ
បង្កឱ្យមានការវិវាទប្រឈមមុខដាក់គ្នា បង្កើតបានទៅជាឮសង្គ្រាមរវាងកម្ពុជា-ថៃ នាពេលខាងក្រោយមកទៀត ។
កត្ដាទាំងអស់ខាងលើនេះហើយ
ដែលជម្រុញឱ្យភាគីកម្ពុជាធ្វើការបញ្ជូនកងទ័ព គ្រឿងចក្រ សម្ភារៈសឹក អាវុធយុទ្ធោបករណ៍ដ៏សន្ធឹកសន្ធាប់
ទៅកាន់តំបន់ប្រាសាទព្រះវិហារ ។ បញ្ជាការដ្ឋានអង្គរក្ស ក៏ទទួលបានបទបញ្ជាពី សម្ដេចតេជោសែន
ឱ្យនាំកម្លាំងមួយផ្នែក ចេញទៅកាន់គោលដៅផងដែរ និងដឹកនាំបញ្ជាដោយផ្ទាល់ ពីសំណាក់ឯកឧត្ដម
នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង
ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។
ចាប់តាំងពីកងទ័ពសៀម
ចូលទន្ទ្រានទឹកដីខ្មែរនាព្រំដែនប្រាសាទព្រះវិហារ ខែកក្កដា ឆ្នាំ២០០៨ មក ក៏ធ្លាប់មានការវាយប្រយុទ្ធគ្នាចំនួនពីរលើកមកហើយដែរ
គ្រាន់តែមិនមានលក្ខណៈទ្រង់ទ្រាយធំ ដូចការប្រយុទ្ធលើកទីបី (៤-៦ កុម្ភៈ ២០១១) នេះ ។
បន្ទាយថ្មី
ក្រោយពីការធ្វើដំណើរ
អស់រយៈពេលជិតពីរយប់ពីរថ្ងៃ ចេញពីទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្រុងតាខ្មៅ
ខេត្តកណ្ដាល (បន្ទាយទួលក្រសាំង) ពួកយើងដែលជានាយពលទាហាន
មានឈ្មោះក្នុងបញ្ជីបេសកកម្មនៅសមរភូមិមុខ បានមកដល់ទីទួល ៩៥ ដែលស្ថិតក្នុងឃុំស្រអែម
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណជាជាងដប់គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។
ប្រសិនបើសព្វថ្ងៃវិញប្រើពេលត្រឹមតែ ៧-៨
ម៉ោងប៉ុណ្ណោះ នឹងទៅដល់ជាក់ជាមិនខានប៉ុន្តែកាលណោះមិនទាន់(សាងសង់) មានផ្លូវក្រាលកៅស៊ូរលោងស្អាតដូចពេលឥឡូវនេះទេ
ផ្លូវចេញពីខេត្តកំពង់ធំទៅទីរួមខេត្តព្រះវិហារ និងបន្តទៅប្រាសាទព្រះវិហារ
អន្លើខ្លះគឺជាផ្លូវរទេះគោនៅឡើយ។ ក្បួនដំណើររបស់ពួកយើងដែលប្រើគ្រឿងចក្រប្រភេទស្រាល
ត្រូវទៅតាមផ្លូវជាតិលេខ៦ កាត់ក្រុងសៀមរាប បង្ហួសឆ្លងតាមស្រុកអន្លង់វែង រួចឆ្ពោះទៅស្រអែម
និងប្រាសាទព្រះវិហារ។
ទីតាំងថ្មីនេះជាតំបន់ព្រៃ
និងសម្បូរទៅដោយគ្រាប់មីន ដែលបន្សល់ទុកពីសម័យសង្គ្រាម រវាងខ្មែរនឹងខ្មែរ(ខ្មែរក្រហម)មកម៉្លេះ។
ដូចនេះជំហានដំបូង ត្រូប្រើប្រាស់កម្លាំងវរៈសេនាតូច ២៤៦ ដឹកនាំដោយឧត្ដមសេនីយ៍ឯក ស៊ឹម
សុទ្ធ (រហស្សនាមវិទ្យុទាក់ទង អគ្គិនេត្រ) ដែលមានជំនាញលើផ្នែកគ្រឿងផ្ទុះ
ធ្វើការរាវរុករក និងបោសសម្អាតទីតាំងដែលត្រូវឈរជើង។ រួចរាល់ហើយ ពួកយើងចាប់ផ្ដើមត្រួសត្រាយឱ្យស្រឡះ
ដើម្បីបោះតង់សង់ជាជំរុំជម្រកស្នាក់នៅ។ ក្រុមរបស់ពួកខ្ញុំ
ទទួលបានបទបញ្ជាឱ្យបោះជំរុំនៅខាងក្រោយ ផ្នែកខាងឆ្វេងជំរុំតង់ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត
ហ៊ីង ប៊ុនហៀង មេបញ្ជាការ ដែលដឹកនាំបញ្ជាផ្ទាល់ដោយឧត្ដមសេនីយ៍ត្រី មាស
ស៊ីថុន និងឧត្ដមសេនីយ៍ត្រី យិន ហេង ។
ពួកយើងទទួលបានរបបផ្គត់ផ្គង់ រួមមានគ្រឿងហូបចុកសម្លៀកបំពាក់
ស្បែកជើង អាវភ្លៀង អាវរងា អង្រឹង និងប៉ាវអ៊ីតូចៗ សម្រាប់ដេកផងដែរ។ ទីនោះក្រៅពីគ្រាប់មីនដែលយើងត្រូវបារម្ភ
ពស់ពព្លាក់មានពិសកាចសាហាវ ក៏វាសម្បូរច្រើនណាស់ដែរ ជួនកាលពួកវាលូនចូលក្នុងរមូកន្ទេល
ភួយ មុង ជាដើម ហើយដែលជួបគ្រោះថ្នាក់ញឹកញាប់នោះគឺ វាចូលក្នុងស្បែកជើងកវែង (ស្បែកជើងទាហាន)
ឬវាលូនចូលក្នុងសាក់កាដូ(បាឡូ)ខោអាវ នៅពេលទាហានលូកជើងចូលច្រកស្បែកជើង
ឬលូកដៃចូលទៅយករបស់របរប្រើប្រាស់ពីក្នុងបាឡូពស់វាចឹកប៉ូកតែម្ដង
ទាហានទទួលរងគ្រោះដោយសារពសស់ចឹក មានចំនួនមិនតិចតួចដែរទេ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ
ព្រោះយើងមានគ្រូពេទ្យប្រចាំការ និងមានថ្នាំចាក់ការពារពិសពស់ផងដែរ។
វេលាឆ្នាំដំបូងដែលពួកយើងទៅដល់
អាកាសធាតុអាក្រក់ណាស់ ពេលខ្លះត្រជាក់ធ្លាក់ចុះដល់កម្រិត ១០អង្សាសេក៏មាន។ អ្នកដែលពូកែទ្រាំនឹងអាកាសធាតុត្រជាក់បែបណា
ក៏ត្រូវមុជទឹកឱ្យបានមុនម៉ោង ៣រសៀលដែរ បើពុំដូច្នោះទេនឹងត្រជាក់លែងហ៊ានមុជមិនខាន។
ទឹកដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបោះបង្គោលបួនជ្រុងចងតង់កៅស៊ូជាថ្នក់
រួចចាក់ទឹកចូលក្នុងនោះ ហើយទឹកត្រូវបានដឹកតាមរថយន្តពន្លត់អគ្គិភ័យ យកពីស្រះធំមួយស្ថិតនៅភូមិស្វាយជ្រុំ
ជាប់ជើងភ្នំប្រសាទព្រះវិហារ។ ឯក្រុមទាហានឈរជើងប្រចាំការលើកំពូលភ្នំប្រាសាទព្រះវិហារ
គ្នារឹតតែយ៉ាប់ជាងនេះទៀតព្រោះថា ឱ្យតែដល់វេលាល្ងាច
បន្តិច
ត្រជាក់ផងខ្យល់បក់ខ្លាំងផង សូម្បីតែដាំបាយក៏វាមិនងាយស្រួលដែរ។
កងកម្លាំងប្រដាប់អាវុធរបស់បញ្ជារដ្ឋានអង្គរក្ស
ដាក់ពង្រាយទីតាំងនៅតាមបណ្ដោយផ្លូវ ចាប់ពីសារមន្ទីរសម្ដេចតេជោ (រូបសំណាកតាឌី)
រហូតដល់ដល់លើកំពូលភ្នំប្រាសាទព្រះវិហារតែម្ដង។ ទីបញ្ជាធំនៅទួល ៩៥ និងទីបញ្ជាការស្រាលនៅស្វាយជ្រុំ
ដែលមានលោកឧត្ដមសេនីយ៍ឯក អ៊ុង សារិទ្ធ (រហស្សនាមវិទ្យុទាក់ទង ពល២)
ជាអ្នកគ្រប់គ្រងបញ្ជាផ្ទាល់។ ក្រោយមក ក៏បង្កើតទីតាំងថ្មីមួយទៀតនៅតំបន់ ពាក់ស្បែក
ជាកន្លែងទុកដាក់គ្រឿងចក្រ និងយុទ្ធោបករណ៍ទំនើបផងរួមមានកាំភ្លើងធំ និងកាណុងហ្វូង BM21
ជាដើម ក្រោមការគ្រប់គ្រងបញ្ជាផ្ទាល់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌៀង
សារុន (រហស្សនាមក្នុងវិទ្យុទាក់ទង ជើងឯក) មេបញ្ជាការរង
បញ្ជាការដ្ឋានអង្គរក្ស ទីតាំងថ្មីនេះស្ថិតនៅក្បែរកងពលធំអន្តរាគមន៍លេខ ៣
របស់លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក។
ដំបូងឡើយ ពួកយើងម្នាក់ៗមានការបារម្ភខ្លះៗដែរ
ព្រោះថាកាលពីមុនធ្លាប់តែចូលសមរភូមិប្រយុទ្ធក្នុងស្រុកប៉ុណ្ណោះ(ជាមួយពួកខ្មែរក្រហម)
តែពេលនេះត្រូវប្រយុទ្ធតតាំងជាមួយប្រទេសដទៃ ហើយជាប្រទេសអ្នកមាន សូម្បីកម្លាំងទ័ពក៏យើងមានតិចជាងគេដែរ
ហេតុនេះហើយតែងមានពាក្យថាស្រមោចតទល់ជាមួយសត្វដំរី ប៉ុន្តែក្រោយមក
ពួកយើងហាក់ធម្មតា គ្មានចិត្តនឹកខ្លាចរអាអ្វីទាំងអស់ ហើយបែរជាសប្បាយចិត្តទៅវិញព្រោះគិតថា
ពួកយើងមានមោទនភាពណាស់ ដោយសារលើកនេះជាសង្គ្រាមការពារជាតិ បូរណភាពទឹកដី ការពារកេរមត៌កវប្បធម៌របស់ដូនតា
និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ធ្វើសង្គ្រាមជាមួយសត្រូវប្រទេសដទៃ
ដែលមានបំណងប៉ងចូលឈ្លានពានទឹកដីរបស់ខ្មែរយើង។
ពួកយើងមិនបានគិតពីជីវិតខ្លួនឯងទៀតឡើយ ព្រោះយើងបានសច្ចាគ្រប់ៗគ្នាហើយថា នឹងលះបង់សាច់
ឈាម និងជីវិតជូនជាតិមាតុភូមិរួចទៅហើយ។
ដំណើរវិវឌ្ឍឈានទៅរកសង្គ្រាម
ចាប់តាំងពីខែមករា ឆ្នាំ២០១១មក ស្ថានការណ៍កាន់តែមានសភាពតានតឹងឡើងជាលំដាប់ នៅតំបន់ប្រាសាទព្រះវិហារ រវាងកម្ពុជាជាមួយថៃ ដែលទើបតែនឹងមានប្រក្រតីភាពនឹងគ្នាឡើងវិញបានមិនដល់មួយខែផងទេ ។ ថ្ងៃទី២៧មករា ខ្ញុំបានធ្វើដំណើរត្រឡប់ទៅកាន់សមរភូមិទិសទី១ ប្រាសាទព្រះវិហារវិញ បន្ទាប់ពីការសម្រាកជាមួយក្រុមគ្រួសារនៅឯក្រុងតាខ្មៅបានពីរយប់ ។ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ លោកបានអញ្ជើញត្រឡប់ទៅវិញតាមឧទ្ធម្ភាកចក្រតាំងពីថ្ងៃទី២៥ មករា បន្ទាប់ពីបំពេញបេសកកម្មនៅតាមខេត្តនានា ។
ការបញ្ជូនកងទ័ព រថក្រោះ រថពាសដែក
និងអាវុធគ្រាប់រំសេវ ទៅដាក់ពង្រាយនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ក៏មានជាបន្តបន្ទាប់។
ទាំងនេះ វាផ្តើមចេញមកពីភាគីថៃ បានធ្វើការដឹកជញ្ជូនអាវុធតូចធំ រថក្រោះ
យន្តហោះប្រតិកម្ម និងកងទ័ពដ៏ច្រើនលើសលប់ មកដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនជាប់ប្រទេសកម្ពុជា
ពិសេសនៅតំបន់ប្រាសាទព្រះវិហារ ដោយសំអាងលេសថាធ្វើសមយុទ្ធ « ពស់វែកមាស ២០១១ » ។ គោលដៅពិតប្រាកដរបស់សៀម
គឺវាយយកតំបន់សំខាន់ៗដូចជា វត្តកែវសិក្ខាគីរីស្វារៈ ដែលពួកគេចាត់ទុកជាតំបន់ផែនទីត្រួតស៊ីគ្នា
ចំណុច ៥មករា ភ្នំទ្រព្យ តាសឹម និងចាក់ច្រែង ។
ដោយមើលឃើញសភាពការណ៍បែបនេះ ខាងភាគីកម្ពុជានិយាយដោយឡែកបញ្ជាការដ្ឋានអង្គរក្ស
ក៏បានទទួលបទបញ្ជាឱ្យបញ្ជូនកម្លាំងបន្ថែម អាវុធគ្រប់ធុន រថក្រោះ រថពាសដែក
និងកាណុងហ្វូងអាវុធគាំទ្រ (BM21)
ទៅដាក់ពង្រាយចាប់ពីរយៈចម្ងាយម្ភៃគីឡូម៉ែត្រ រហូតដល់ចង្កេះភ្នំជើងប្រាសាទ
ក្រោមការគ្រប់គ្រង និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង
ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.ភ.ម
និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។
នាយឧត្ដមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់
ដល់មេបញ្ជាការ មេបញ្ជាការរងទាំងអស់ និងរៀបចំក្បួនយុទ្ធសាស្ត្រសង្គ្រាមយ៉ាងហ្មត់ចត់
ត្រឹមត្រូវច្បាស់លាស់ ពោរពេញទៅដោយបទពិសោធន៍ខ្ពស់ ។ កម្លាំងអង្គរក្ស នាពេលកន្លងមកភាគច្រើនប្រមូលផ្តុំនៅក្នុងទីបញ្ជាការដ្ឋានទូល៩៥
ឬចំបក់មាស ពេលនេះឯកឧត្តមមេបញ្ជាការ បានបញ្ជាឱ្យពង្រាយកម្លាំង ចល័តទៅគ្រប់គោលដៅសំខាន់ៗ
រហូតដល់លើកំពូលភ្នំទ្រព្យ ដើម្បីរួមសហការជាមួយកងពលអន្តរាគមន៍តូច-ធំ និងកម្លាំងនគរបាលការពារព្រំដែន ដែលឈរជើងនៅទីនោះ ។
រថក្រោះ T85 ដែលបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិធំតូច និងគ្រាប់រំសេវមួយចំនួនធំ ត្រូវបានប្រមូលផ្តុំនៅក្នុងវត្តស្វាយជ្រុំ
ចម្ងាយប្រមាណជា ៥គ.ម ពីភ្នំខ្មោចឬភ្នំប្រាំរយ
ដែលជាទីតាំងឈរជើងដ៏សំខាន់មួយរបស់សៀម រថពាសដែក ក៏ត្រូវបានប្រមូលផ្តុំនៅក្នុងទីបញ្ជាការធំ
។ កាណុងហ្វូង ឬអាវុធគាំទ្រ (BM21) បានដាក់ពង្រាយតាមគោលដៅរៀងៗខ្លួន
ក្រោមការបញ្ជារួមពីឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ
និងគ្រប់គ្រងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ ដែលមានជំនាញ
និងបទពិសោធន៍ខ្ពស់លើផ្នែកអាវុធទាំងអស់នេះ ។ កម្លាំងកងអង្គរក្ស បានត្រៀមលក្ខណៈសម្បត្តិរូចជាស្រេច
ទៅតាមចំណុចសំខាន់ៗ ក្នុងស្មារតីប្រុងប្រយ័ត្ ត្រៀមប្រយុទ្ធលើចំណុចខ្ពស់បំផុត ទាំងក្រុមអ្នកជំនាញប្រើប្រាស់អាវុធកម្ទេចយន្តហោះចម្បាំង
(គ្រាប់ប្រដេញយន្តហោះ) ក៏បានត្រៀមរួចរាល់មកហើយដែរ រង់ចាំតែបទបញ្ជាបាញ់ទម្លាក់យន្តហោះរបស់សៀមតែប៉ុណ្ណោះ
។
ប្រជាពលរដ្ឋខ្មែរនៅតំបន់ជិតព្រំដែនរួមមាន
តំបន់គ១ និងតំបន់ស្វាយជ្រុំជាដើម ត្រូវបានក្រុមការងារថ្នាក់ជាតិ ទីស្ដីការគណៈរដ្ឋមន្ត្រី
ដឹកនាំដោយឯកឧត្ដម សួស យ៉ារ៉ា ក្រោមកិច្ចគាំទ្រទាំងកម្លាំង
និងរថយន្តធុនធំរបស់បញ្ជាការដ្ឋានអង្គរក្ស បានធ្វើការដឹកជញ្ជូនជម្លៀសចេញពីស្វាយជ្រំ
គ១ និងតំបន់នានាដែលនៅស្ថិតនក្បែរតំបន់វាយប្រយុទ្ធគ្នា ទៅកាន់ទីតាំងសុវត្ថិភាព
ដែលបានរៀបចំរួចជាស្រេចនៅឯស្ពានតាកឹង ស្រុកគូលែន ខេតុ្តព្រះវិហារ ដែលមានប្រជាពលរដ្ឋជាជនភៀសសឹកចំនួន
១៣ ០០០ នាក់។
ហេតុការណ៍នៅតំបន់ប្រាសាទព្រះវិហារ
កាន់តែមានសភាពច្រួលច្រាលពីមួយថ្ងៃទៅមួយថ្ងៃ ។ កត្តាទាំងអស់នេះ ក៏បណ្តាលមកពីភាគីខាងសៀមជាអ្នកបង្កឡើង
។ សៀមបានស្នើឱ្យកម្ពុជារុះរើ (វាយកម្ទេច) ផ្ទាំងសិលា ដែលកម្ពុជាបានប្រតិដ្ឋឡើង នៅក្នុងវត្តកែវសិក្ខាគីរីស្វារៈ
ដោយមានសសេរជាអក្សរថាៈ «ទីនេះ! ជាកន្លែងដែលទ័ពសៀម
ចូលឈ្លានពានទឹកដីកម្ពុជា ពីថ្ងៃទី ១៥ កក្កដា ២០០៨ និងដកទៅវិញនៅថ្ងៃទី ១ ធ្នូ ២០១០»
។ ថ្ងៃទី ២៦កុម្ភៈ កម្ពុជាក៏បានយល់ព្រមរុះរើចេញ តែជំនួសដោយការដាក់ទង់ជាតិខ្មែរវិញ
។ នៅល្ងាចថ្ងៃ ២៧កុម្ភៈ នាយករដ្ឋមន្ត្រីសៀម អាភិស៊ីត វិឆាជីវ៉ា
បានបញ្ជាឱ្យកម្ពុជាដកទង់ជាតិខ្មែរចេញពីវត្តទៀត ដោយគម្រាមប្រើកម្លាំងយោធាដើម្បីនឹងធ្វើសង្គ្រាម
។
ម្តងនេះ មិនដូចជាការស្នើលើកមុននោះទេ
កម្ពុជាមិនធ្វើតាមភាគីសៀមជាដាច់ខាត ព្រោះអីវត្តកែវសិក្ខាគីរីស្វារៈ បាន កសាងតាំងពីឆ្នាំ
១៩៩៨ នៅមុនពេលមានអនុញ្ញាយោគយល់គ្នា (MOU)
បានន័យថាទាំងទីកន្លែងទាំងវត្ត ឋិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្មែរ
ហើយការដែលដាក់ទង់ជាតិខ្មែរនៅក្នុងវត្តរបស់ខ្មែរ វាជារឿងស្របច្បាប់
រាល់ការប៉ុងប៉ងចង់រំលាយវត្ត ឬក៏ដកទង់ជាតិខ្មែរចេញនោះ មិនអាចធ្វើទៅរួចបានឡើយ ។
កងទ័ពកម្ពុជាត្រៀមស្វាគមន៍ជានិច្ច ប្រសិនបើសៀមហ៊ានចូលមកដកទង់ជាតិ ឬក៏ឆ្លងចូលក្នុងទឹកដីកម្ពុជាត្រឹមតែមួយមីល្លីម៉ែត្រនឹងត្រូវកម្ទេចភ្លាម!
។ អាប់ភិស៊ីត កាន់តែក្រពុលមុខ ព្រោះបំណងរបស់ខ្លួនមិនបានសម្រេច ឯក្រុមអាវលឿងវង្វេងប្រវត្តិសាស្ត្រ
(និងអ្នកបញ្ជាពីខាងលើ) ទាំងក្រុមដែលបានលើកបន្តុបខ្លួនឱ្យក្លាយជានាយករដ្ឋឮមន្ត្រីថៃ ក៏កំពុងរករឿងគ្មានពេលល្ហែដែរ ។
កងទ័ពកម្ពុជាពិសេសកងអង្គរក្ស ទឹកចិត្តពុះកញ្ជ្រោល ក្លាហាន មោះមុត ត្រៀមប្រយុទ្ធជានិច្ច
គ្មានចិត្តគេចកែឡើយ ក្រោមការបញ្ជា និងមើលថែ លើកទឹកចិត្ត ប្រកបដោយព្រហ្មវិហារធម៌ពីរបស់ឯកឧត្តម
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបេះដូងក្រហមឆ្អៅ ដែលយើងខ្ញុំទាំងអស់គ្នាជាកូនចៅក្រោមឱវាទ
តែងនិយាយគ្រប់មាត់ថា ស្ទើរតែមិនអាចរកមេបញ្ជាការឯណា ឱ្យបានដូចរូបលោកឡើយ មិនត្រឹមតែជាមេបញ្ជាការដ៏ល្អមួយរូបប៉ុណ្ណោះទេ
លោកប្រៀបដូចជាឪពុកម្តាយទីពីរ ដែលផ្តល់ភាពកក់ក្តៅដល់យើងកូនចៅទាំងអស់គ្នាផងដែរ ។
ចូលដល់ខែកុម្ភៈ បរិយាកាសនយោបាយកាន់តែអ័ព្វអួរ
។ ការប្រកាសអាសន្ន ប្រជុំជួរទ័ព ផ្គុំអាវុធ ត្រូវបានធ្វើជាប្រចាំគ្រប់ពេលវេលា
នៅក្នុងទីបញ្ជាការ និងតាមបណ្តាកងអនុសេនាធំនានា ត្រៀមប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពាន
មិនឱ្យពួកវារំលោចូលក្នុងទឹកដីកម្ពុជា ពិសេសប្រាង្គប្រាសាទព្រះវិហារ កេរតំណែលវប្បធម៌
ជាស្នាដៃបុព្វបុរសខ្មែរបានជាដាច់ខាត ។
ថ្ងៃទី២ ទី៣ និងទី៤ ខែកុម្ភៈ សភាពការណ៍ទុំជោរ
ពួកសៀមកាន់តែស្រេកឃ្លាននូវការឈ្លានពានទឹកដីកម្ពុជា ពួកវារំកិលខ្លួនចូលមកកៀកជាបណ្តើរៗ
។ កងយោធពលខេមរភូមិន្ទ នៅតែអត់ធ្មត់ជានិច្ច មិនបំផ្ទុះអាវុធឡើយ
ដោយគោរពតាមបទបញ្ជា ដ៏មានប្រសិទ្ធភាព របស់សម្ដេចតេជោនាយករដ្ឋ មន្ត្រី នាយឧត្តមសេនីយ៍ផ្កាយមាស ៥ ផុតលេខ
ហ៊ុន សែន (ព្រះឥន្ទ) ។
សភាពការណ៍ទុំជោរ
ថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០១១
វេលាម៉ោងប្រមាណជា ២ និង ៤០នាទីរសៀល ទ័ពសៀមនៅតែគឃ្លើន
ដើរចូលដល់គំនូសហាមឃាត់ ដោយបញ្ចោញកាយវិការបញ្ឈឺឌឺដងដាក់កងទ័ពកម្ពុជា បើទោះជាមានការស្រែកហាមឃាត់
មិនឱ្យពួកគេដើរចូលទៀតក៏ដោយ ថែមទាំងបានបាញ់សំដៅមកលើកងទ័ពជួរមុខរបស់យើងទៀតផង។ ភឹងភឹង! សំឡេងគ្រាប់កាំភ្លើងបេ៤០ និងអាវុធផ្សេងៗទៀត ធ្វើការបាញ់សងត្រឡប់ទៅវិញ
បញ្ចប់ដំណើររុលចូលរបស់ពួកសៀមឱ្យងាប់ និងរបួសយ៉ាងទម្ងន់មួយរំពេច ឯអ្នកនៅរស់ខំប្រវេប្រវាររត់រកលេណដ្ឋាន
(ត្រង់សេ) ដើម្បីការពារជីវិត និងបាញ់តបតវិញ ដោយមានការជួយអន្តរាគន៍ពីកងទ័ពពួកគេនៅខ្សែត្រៀមខាងក្រោយ
។ សង្គ្រាមបានផ្ទុះឡើងនៅវេលា ម៉ោង ១៤ និង ៤៨ នាទីរសៀល ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១១
។
« ឱ្យបងប្អូនយើងត្រៀមឱ្យបានរួចរាល់
ហើយទៅក្បែលេណដ្ឋានទាំងអស់គ្នា! ឆាប់ឡើងៗ! »
នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍មេបញ្ជាការ ដែលបានស្រែកបញ្ជាតាមវិទ្យុទាក់ទង
(អាយកូម) ។ គ្រប់កងទាំងអស់ បានអនុវត្តគោរពតាមបទបញ្ជា ។ ស្នូរគ្រាប់កាំភ្លើងគ្រប់ប្រភេទ
លាន់ឮទ្រហឹងអឺងអាប់ នៅខ្សែប្រយុទ្ធជួរមុខ ។ ក្ឌាំងៗ ! ជាគ្រាប់កាំភ្លើងធំ ១០០មម « ឆាប់ឱ្យបងប្អូនចូលក្នុងលេណដ្ឋានភ្លាម! ឱ្យឆាប់ឡើង! ពួកវាលេងអាដៃវែងហើយ! » (ដៃវែង គឺសំដៅទៅលើប្រភេទកាំភ្លើងធំ) នេះជាបទបញ្ជាម្ដងទៀត
របស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ។ ទទួលបទបញ្ជាភ្លាម មិនបង្អង់យូរក្រុមរបស់ខ្ញុំដែលមានក្រវាត់ទូស្សៀ
កាំភ្លើង គ្រាប់ បាឡូនៅនឹងខ្លួនរួចស្រេចហើយនោះ បានបែងចែកកម្លាំងចល័តជាពីរគោលដៅ, ទីមួយគឺនៅក្បែរមន្ទីរសេនាធិការ
និងឃ្លាំងស្បៀងដែលមានលោកឧត្ដមសេនីយ៍ត្រី មាស ស៊ីថុន លោកឧត្ដមសេនីយ៍ត្រី យិន ហេង (កាលនោះនៅជាវរសេនីយ៍ឯក), វ.ឯក អ៊ី ថាវរី, វ.ទោ ផូ ចាន់ថន, វ.ទោ ម៉ម សារ៉ាត់, វ.ទោ អៀម ចន្ថា, វ.ត្រី ស៊ុំ ផាន់ណុល, វ.ត្រី មាស គ្រឿន, រីឯគោលដៅរបស់ខ្ញុំ គឺនៅក្បែរស្នងការដ្ឋានឃោសនា-ព័ត៌មានចម្ងាយ ១០០ ម៉ែត្រ ពីខាងមុខកាណុង BM21
ដាក់លើរថយន្តពីរគ្រឿងដែលច្រកគ្រាប់រួចជាស្រេច រង់ចាំតែបទបញ្ជាបាញ់កម្ទេចគោលដៅបច្ចាមិត្តប៉ុណ្ណោះ
។ ក្នុងលេណដ្ឋានខ្ញុំ មានបងប្អូនរួមអាវុធដូចជា លោកឧត្ដមសេនីយ៍ ប៉ា ថន, វ.ឯក
រត្ន័ន៍ សេនា (រូបខ្ញុំ), វ.ទោ ឆែម សុខឿន, វ.ទោ ម៉ម
គឹមយាង, វ.ត្រី ធូ សំណាង, វ.ទោ ព្រហ្ម ធី,អ.ឯក ឃឹម សាម៉ាច, អ.ឯក
ដូត ណារី, អ.ឯក ធឿន សុគន្ធារី, អ.ឯក យ៉ាន់ ភិរម្យ,
អ.ឯក សឿន សុភ័ក្រ រួមទាំងប្រពន្ធ និងកូននាយទាហានពីរបីនាក់ទៀត ។
តាមវិទ្យុទាក់ទង ឮសេចក្តីរាយការណ៍មកថា
មានការផ្លោងគ្រាប់ ១០០មម, ១៣០មម, ១៥៥មម, ចូលក្នុងបរិវេណប្រាសាទព្រះវិហារ និងមួយផ្នែកទៀត
វាផ្លោងសង្គ្រប់ខ្លាំងទៅគោលដៅស្លាបឆ្វេងភ្នំទ្រព្យ ដែលជាទិសដៅរបស់លោកឧត្ដមសេនីយ៍ឯក
យង់ សារិទ្ធ (នាមក្នុងវិទ្យុទាក់ទងចតុម្មុខ)មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស សហការគាំទ្រឱ្យវរសេនាតូចលេខ ៣៨២ ដឹកនាំដោយឧត្ដមសេនីយ៍
«ការ៉េ ២» (នាមវិទ្យុទាក់ទង) ស្ថិតក្នុងកងពលតូចលេខ
៨ ចំណុះឱ្យកងពលធំលេខ ៣ របស់ឧត្ដមសេនីយ៍ឯក ស្រី ឌឹក ។
បន្តិចក្រោយមក មានសំឡេងសុំការគាំទ្រពីទិសភ្នំទ្រព្យ
ព្រោះថាសៀមវាយសម្រុកខ្លាំងសម្បើមណាស់ ។ ឆ្លើយតបទៅនឹងការស្នើសុំ នាយឧត្តមសេនីយ៍ផ្កាយមាសបួន
ហ៊ីង ប៊ុនហៀង បានបញ្ជាទៅឧត្តមសេនីយ៍ឯក ឌៀង សារុន (នាមក្នុអាយកូមហៅ ជើងឯក)មេបញ្ជាការរង
បញ្ជាការដ្ឋានអង្គរក្ស និងឧត្តមសេនីយ៍ឯក យ៉ាត រិទ្ធ (នាមវិទ្យុទាក់ទងហៅ ថ្លែងសរ) ឱ្យបញ្ចោញគ្រាប់
BM21 ដែលបានត្រៀមរួចជាស្រេច ទៅតាមគោលដៅដែលបានសំណូមពរ ។ វឺបៗង៉ោកៗ
ស្នូរគ្រាប់បេអឹមហោះចេញពីកាណុងទាំង ៤០ បានទៅដល់គោលដៅសុំឱ្យជួយអន្តរាគមន៍ ។
សំឡេងរាយការណ៍តាមវិទ្យុទាក់ទង របស់កម្លាំងជួរមុខភ្នំទ្រព្យ
លាយនឹងសំណើចក្អាកក្អាយ «គោរព! សូមរាយការណ៍ជូនបង ចំគោលដៅល្អណាស់ អរគុណហើយ អរគុណហើយ..!»។
ជាបន្តបន្ទាប់ គ្រាប់BM បានហោះទៅកាន់គោលដៅសុំជំនួយក្រោមការបញ្ជាបាញ់យ៉ាងហ្មឺងម៉ាត់ អង់អាច និងមានជំនឿចិត្តពីឯកឧត្តម
នាយឧត្តមសេនីយ៍មេបញ្ជាការអង្គរក្ស ដោយមានរាយការណ៍មកវិញជាហូរហែថាចំៗគោលដៅល្អណាស់ ដែលសូម្បីតែឯកឧត្តម
នាយឧត្តមសេនីយ៍ ជា តារា (នាមវិទ្យុទាក់ទង ឃុងឆាង)
និងនាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានវត្តមាននៅពយតាឌី
ក៏មានការសប្បាយចិត្តយ៉ាងខ្លាំង «អាឡូអង្គុលីមារៗ (នាមវិទ្យុទាក់ទងរបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង) ចំល្អណាស់ៗ អរគុណហើយ
តើវាប៉ុន្មានមាសមេ អរគុណៗកាំអឺងៗ» (ក្នុងការទាក់ទងគ្នាតាមវិទ្យុ ក៏មានទាំងការប្រើប្រាស់ភាសាវៀតណាមផងដែរ
ដើម្បីបំភ័ន្តសត្រូវ ព្រោះពួកគេចាប់ប្រេកង់អាយកូមរបស់យើងបាន
ដែលធ្វើឱ្យមានមតិមួយចំនួនយល់ច្រឡំថា មានកងទ័ពវៀតណាមចូលរួមនៅក្នុងសង្គ្រាមលើកនេះដែរ)
។
ម៉ោង ៣ និង ២៧ នាទីរសៀល គោលដៅ BM2 ទី១១,១២ និងទី១០ បានធ្វើការបាញ់រួចរាល់ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ
បានបញ្ជាឱ្យចល័តទៅគោលដៅទី២ យ៉ាងរហ័សរហួនបំផុត រួចលាបប្រេងជូតសម្អាតកាណុង
និងច្រកគ្រាប់សាជាថ្មីត្រៀមបាញ់គាំទ្រលើកទី២ជាបន្តទៀត។ ជាការឈ្លាសវៃរបស់នាយឧត្ដមសេនីយ៍មេបញ្ជាការ
ដែលបញ្ជារថយន្តផ្ទុកអាវុធ BM ទាំងអស់ចេញពីគោលដៅចាស់ភ្លាមៗ
បន្ទាប់ពីបាញ់រួច ព្រោះថាសត្រូវនឹងចាប់បានទីតាំងនេះ
ហើយធ្វើការបាញ់ផ្លោងមកកម្ទេចវិញមិនខាន ជាក់ស្ដែងទីតាំងចាស់ទាំងអស់ដែលដាក់ BM
សុទ្ធតែត្រូវបានសៀមផ្លោងទម្លាក់ចំៗគ្មានខុសឡើយ ប្រមាណជា ៥ទៅ១០ នាទីក្រោយពេលចល័តចេញផុត
។ សេចក្តីរាយការណ៍មកថា នៅខាងមុខប្រាសាទមានសភាពស្ងប់ស្ងាត់បន្តិច ឯខាងប៉ែកភ្នំទ្រព្យ
នៅមានការផ្លោងចូលមកដល់ខាងក្រោយផ្នែកខាងឆ្វេង និងមានការបាញ់រប៉េះរប៉ោះនៅឡើយ នេះបើតាមសម្តីឧត្ដមសេនីយ៍
ចតុម្មុខ និងឧត្ដមសេនីយ៍ កងពេជ្រ ។
ដោយមានការធុញថប់នៅក្នុងលេណដ្ឋាន
(ត្រង់សេ) ខ្ញុំនិងលោកឧត្ដមសេនីយ៍ ប៉ា ថន បានងើបចេញមកក្រៅដើម្បីក្តាប់សភាពការណ៍
និងទៅជួបជជែកជាមួយលោកឧត្តមសេនីយ៍ ឡេង សំអឿន (នាមវិទ្យុទាក់ទង សរជ័យ) ដែលកាន់កាប់កាណុងហ្វូង BM 21 គោលដៅខាងក្រោយលេណដ្ឋានរបស់ពួកខ្ញុំ ។ គាត់ (បងសរជ័យ) បានសួរខ្ញុំថាៈ«យ៉ាងម៉េចដែរអាវ៉ែនតា សម្លេងគ្រាប់ BM21?»,«អូ!ពីរោះណាស់បង!» (ខ្ញុំបានឆ្លើយលេងសើចទៅគាត់វិញ)
គាត់បានបន្តទៀតថាៈ « ឯងចាំស្តាប់ BM21 រយៈចម្ងាយ ៤០គ.ម របស់យើងចេញម្តង រឹតតែពីរោះជាងនេះទៀត តែនៅពេលមានបទបញ្ជាឱ្យបាញ់
ពួកឯងត្រូវចូលក្នុងលេណដ្ឋានឱ្យអស់ » ។ BM21 ដែលគ្រប់គ្រងដោយបងរជ័យ ចំណុចដែលត្រូវកម្ទេចគឺនៅម្ដុំផ្ទះក្រហមរបស់សៀម
ហើយក៏ជាគោលដៅរបស់ពលតូចអន្តរាគមន៍ឆត្រ័យោង ៩១១ ដឹកនាំដោយឧត្ដមសេនីយ៍ឯក ចាប ភក្តី
។
បរិវេណប្រាសាទព្រះវិហារ ត្រូវទទួលរងនូវអំបែងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់
សបញ្ជាក់ឱ្យឃើញថា សៀមមិនបានគោរពច្បាប់ទម្លាប់អ្វីទាល់តែសោះ ហើយជាបាបកម្ម ពួកគេទទួលបានមកវិញនូវគ្រាប់កាណុងហ្វូង
BM21 យ៉ាងទន់ហន់បំផុត ដែលកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលយើងធ្វើការដឹកជញ្ជូនអាវុធ
និងយុទ្ធោបករណ៍ទៅកាន់សមរភូមិ ពួកគេបានសើចចំអកឡកឡឺយពោលឡែបខាយថា សុទ្ធតែជារបស់អេតចាយនោះ
ពេលនេះបានហោះទៅកម្ទេច ធ្វើឱ្យពួកគេងាប់ និងរបួសជាច្រើននាក់គួរឱ្យអាសូរ (ស្រមោចតូចតាច
អាចផ្តួលសត្វដំរី) ។
ប្រមាណជាពីរម៉ោងក្រោយមក ឮសេចក្តីរាយការណ៍មកថា
សៀមចង់ផ្អាកបាញ់ដើម្បីធ្វើការចរចាគ្នា ប៉ុន្តែពួកវានៅបន្តបាញ់ផ្លោងដដែល
ដូច្នេះភាគីកម្ពុជា ក៏មិនទាន់បញ្ឈប់សកម្មភាពប្រយុទ្ធនៅឡើយដែរ ព្រោះអាចជាល្បិចកលរបស់សៀមក៏ថាបាន
។ កន្លងមក ធ្លាប់មានការប៉ះទង្គិចគ្នាច្រើនដងមកហើយ ហើយនៅរាល់លើក ពេលដែលពួកគេទន់ដៃ
តែងតែស្រែកថាឈប់បាញ់ដើម្បីធ្វើការចរចាគ្នា ។
ម្តងនេះ ក៏គ្មានអ្វីខុសប្លែកពីលើកមុនៗដែរ
មាត់ស្រែកថាចរចា ប៉ុន្តែកាំភ្លើងធំចាប់ប្រភេទពី ១០០មម ឡើងទៅរបស់ពួកវា កាន់តែបង្កើនការបាញ់ផ្លោងសង្គ្រប់មកលើកងកម្លាំងរបស់យើង
និងបានផ្លោងចូលជ្រៅមកក្នុងទឹកដីកម្ពុជា រហូតដល់ទីប្រជុំជនផ្សារស្រអែម ភូមិធម្មជាតិសម្តេចតេជោ
(ស្រះក្តុល), គ១ ពិសេសទីតាំងឈរជើង របស់នគរបាលការពារព្រំដែន
៥៩៤ និងទីបញ្ជាការស្រាលបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក អ៊ុង សារិទ្ធ
(នាមវិទ្យុទាក់ទង ពល២) មេបញ្ជាការរង
បញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ក៏ត្រូវទទួលរងគ្រាប់កាំភ្លើងធំរាប់រយគ្រាប់ផងដែរ
។
ម៉ោង ៣ និង ៤០ នាទីរសៀល ក្រុមការងារថ្នាក់ជាតិ
បានធ្វើការស្នើសុំរថយន្តធំចំនួន ៤គ្រឿង ពីឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការអង្គរក្ស
ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ស្វាយជ្រុំ ជន្លៀសពួកគាត់យកទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព
។
មុខព្រួញសំខាន់ៗមួយចំនួន ដែលសត្រូវវាយសម្រុកខ្លាំងក្លា
បានហៅ តាមវិទ្យុទាក់ទងមកសុំការគាំទ្រពីកាណុងហ្វូង BM21 ។ មិនបង្អង់យូរឡើយ សំឡេងបញ្ជារបស់នាយឧត្តមសេនីយ៍មេបញ្ជាការតាមវិទ្យុទាក់ទងបានលាន់ឮឡើង
« ជើងឯកៗ!..ថ្លែងសរៗ! អឹម៩
អឹម១០-១១-អឹម៥ បាញ់!,អាម៉ាប់ៗ! អឹម៤ អឹម៥ បាញ់ទៅ ចាំអីទៀត, សរជ័យៗ អឹម៣
អឹម៤ បាញ់ទៅ!(គោរពតាមបញ្ជាបង! គោរពតាមបញ្ជាប៉ា!) ។ ចប់បញ្ជា និងការទទួលកាលណាហើយ សំឡេង
និងពន្លឺសរព្រះឥន្ទ្រ (គ្រាប់BM21) ដែលព្រួសហោះចេញពីមាត់កាណុងទាំង
៤០ ក្នុងពេលតែមួយ បានហោះរំលងព្រៃព្រឹក្សាដងគីរីបព្វតា រួចឆ្លងដែនសីមាទៅជ្រែកហែកកកាយ
កម្ទេចទីតាំងនានារបស់ពួកបច្ចាមិត្ត ឱ្យវិនាសអន្តរាយខូចខាតទាំងបន្ទាយ អាវុធយុទ្ធភ័ណ្ឌ
កងទ័ពស្លាប់និងរបួស ។ ព្រមជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាឱ្យកងរថក្រោះចល័តចេញ
ដើម្បីបាញ់សង្គ្រប់បំបាក់ស្មារតីសត្រូវផងដែរ ។
ឆាកប្រយុទ្ធនៅមានសភាពស្រូចស្រាល់នៅឡើយ
។ ដូចជារាងអផ្សុកបន្តិចហើយ ខ្ញុំក៏បបួលលោកឧត្ដមសេនីយ៍ ប៉ា ថន ងើបចេញពីលេណដ្ឋាន
(ត្រង់សេ) ដើម្បីយកខ្យល់អាកាសស្រាប់តែ វ៉ឺ...ក្ឌាំង! គ្រាប់ផ្លោងហោះរំលងពីលើក្បាល
ហួសទៅធ្លាក់ចំទីតាំងដាក់កាណុង BM21 បងសរជ័យ ដែលទើបនឹងចល័តចេញក្រោយពេលដែលបានបាញ់រួច
ធ្វើពួកខ្ញុំទាំងពីរនាក់លោតយ៉ាងប្រញាប់ប្រញាល់ចូលទៅក្នុងត្រង់សេវិញទាំងព្រលឹងចុងសក់
ហេតុការណ៍បែបនេះ វាបានកើតឡើងពីរដង ។ នៅលើកទីបី ខ្ញុំក៏បបួលគាត់ (ប៉ា ថន) ចេញមកម្តងទៀតដោយប្រាប់គាត់ថា
ខ្ញុំនឹងឡើងទៅកន្លែងដេករកអ្វីមកផឹកបន្តិច ។ ឃើញឱកាសល្អ ខ្ញុំរត់វឹងចូលទៅក្នុងអគារសម្រាក
រកមើលមិនឃើញអ្វី ក្រៅពីស្រាបៀរបួនកំប៉ុងនៅក្រោមប៉ៅអ៊ីដេករបស់វ.ទោ ឆែម សុខឿន (ដាង)
ខ្ញុំស្រវាបានស្រាបៀរ ហើយរត់សំដៅទៅត្រង់សេវិញ ស្រាប់លាន់សូរក្ឌាំង! គ្រាប់កាំភ្លើងធំ
១០០លី ធ្លាក់នៅខាងក្រោយរថយន្តដឹកម៉ាស៊ីនភ្លើងក្បែរឃ្លាំងដាក់ស្បៀងបញ្ជាការដ្ឋាន ធ្វើឱ្យខ្ញុំលោតចូលត្រង់សេទាំងច្រងាប់ច្រងិល
។ បន្ទាប់ពីស្ងប់ស្ងាត់គ្រាប់ ខ្ញុំនិងលោក ប៉ា ថន នាំគ្នាអើតចេញពីត្រង់សេត្រឹមពាក់កណ្តាលខ្លូន
ក្នុងលក្ខណៈប្រុងប្រយ័ត្ន ហើយបបួលគ្នាគាស់ស្រាបៀរក្រេបផ្សើមបំពង់ក
ព្រោះអត់ទឹកផឹកច្រើនម៉ោងមកហើយ និងជក់បារីមួយដើមម្នាក់ ជជែកគ្នាពីនេះពីនោះ ភ្នែកសម្លឹងទៅទីតាំងកំពុងប្រយុទ្ធជួរមុខ ចាប់ពីភ្នំទ្រព្យ ឃ្មុំ ប្រាសាទ ភ្នំប្រាំរយ តាសឹម ចាក់ច្រែងជាដើម
ឮតែស្នូរគ្រាប់កាំភ្លើងតូចធំគ្រប់ប្រភេទទ្រហ៊ឹងអឺងអាប់ ក្នុងពេលនេះដែរក៏មានការហៅទូរស័ព្វចូលពីបងប្អូនមិត្តភក្តិ
ពីសមរភូមិខាងក្រោយ ចង់ដឹងហេតុការណ៍ និងការសាកសួរសុខទុក្ខដ៏ច្រើននាក់ផងដែរ ដែលកាលនៅក្នុងលេណដ្ឋាន
ទូរស័ព្វមិនអាចទាក់ទងបានឡើយ ព្រោះគ្មានសេវាទាល់តែសោះ ។
បន្ទាប់ពីទំនាក់ទំនងជាមួយក្រុមគ្រួសារ
និងលោកឪពុកអ្នកម្ដាយរួច ទូរស័ព្ទរបស់ខ្ញុំក៏នៅមានការហៅចូលមកទៀត នោះជាលេខរបស់លោកគ្រូបណ្ឌិត
ញ៉ែម គឹមតេង (ជាគ្រូរបស់ខ្ញុំតាំងពីនៅជាសិស្សសាលា រហូតបានបួសរៀននាវត្តព្រៃឆ្លាក់
ក្រុងស្វាយរៀង) ព្រះអង្គបានទូរស័ព្ទមកសួរនាំពីសុខទុក្ខរបស់ពួកខ្ញុំ ព្រោះកាលពីពីរថ្ងៃមុន
លោកទើបនឹងនិមន្តចាកចេញពីទីនេះ
ក្រោយពេលព្រះអង្គនិមន្តអមដំណើរសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងប្រតិភូក្រសួងធម្មការ
យាង និងអញ្ជើញមកសួរសុខទុក្ខនាយ-ពលទាហាន នៅសមរភូមិទិសទី១ប្រាសាទព្រះវិហារ
។ លោកគ្រូ ត្រូវបានឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
ឃាត់ដំណើរលោកឱ្យសឹងពីរបីយប់នៅទីនេះ ដោយសារឯកឧត្ដមធ្លាប់ជួប និងស្គាល់កាលដែលលោកអញ្ជើញទៅទស្សនកិច្ចនៅឥណ្ឌា
ហើយព្រះអង្គគ្រូ ក៏កំពុងសិក្សាថ្នាក់បណ្ឌិតនៅទៅទីនោះដែរ ។ ប៉ុន្មានថ្ងៃមុន ដោយបានដឹងថាលោកគ្រូ
និងព្រះថេរៈមួយអង្គទៀតគង់នៅទីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាមកនាយឧត្ដមសេនីយ៍មេបញ្ជាការ
ឱ្យរៀបចំនិមន្តព្រះអង្គជយន្តោប្រោះព្រំប្រសិទ្ធិពរជ័យដល់កងទ័ព រថក្រោះ រថពាសដែក
និងយុទ្ធោបករណ៍នានាផងដែរ ។
ក្រោយពីសាកសួរសុខទុក្ខរួច លោកគ្រូបណ្ឌិតបានប្រោះព្រំប្រសិទ្ធិពរជ័យដល់ពួកយើងម្ដងទៀតតាមទូរស័ព្ទ។
នាយ-ពលទាហានទាំងអស់របស់បញ្ជាការដ្ឋានអង្គរក្ស គ្មាននរណាម្នាក់ត្រូវរងរបួស
ឬស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់សៀម ក្នងសង្គ្រាមលើកនេះឡើយ សូម្បីតែរថក្រោះ
រថពាសដែក និងយុទ្ធោបករណ៍ ក៏គ្មានការខូចខាតអ្វីដែរ ។
តាំងពីដើមរៀងមក
ខ្ញុំពុំដែលមានវត្ថុស័ក្តិសិទ្ធិ ឬមន្តអាគមអូមអាមអ្វីដាក់តាមខ្លួនដូចអ្នកដទៃឡើយ ដែលអ្នកខ្លះគេមានខ្សែចង្កេះ
ខ្សែគាថា អាថាន់ ជាដើម ចំណែកឯរូបខ្ញុំគ្មានអ្វីក្រៅអំពី ការរំឭកដល់គុណមាតាបិតា
និងគុណបុណ្យព្រះរតនត្រ័យជាទីពឹងទីរឭក យល់ថាវាគ្រប់គ្រាន់ណាស់ទៅហើយ ។
នៅម៉ោងជិត ៦ ល្ងាចថ្ងៃដដែល ការប្រយុទ្ធត្រូវបានបញ្ចប់
ដោយខាងភាគីសៀមសុំធ្វើការចរចា ព្រោះថាពួកគេរងនូវបរាជ័យយ៉ាងធ្ងន់ធ្ងរ និងអាម៉ាសជាទីបំផុត
ដោយចាញ់ដៃគូប្រើត្រឹមអាវុធអេតចាយតែប៉ុណ្ណោះ ។ ឯការចចរចានោះ នឹងធ្វើឡើងនៅថ្ងៃទី ៥កុម្ភៈ
២០១១ វេលាម៉ោង ២ រសៀល នាច្រកជាំស្រង៉ាំ ខេត្តឧត្តរមានជ័យ ដោយខាងភាគីកម្ពុជាមានមេបញ្ជាការភូមិភាគ៤
និងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ (លោកឧត្ដមសេនីយ៍ ស្រី ឌឹក) ខាងភាគីថៃ មានមេបញ្ជាការភូមិភាគ
២ និងមេបញ្ជាការកងពលលេខ ៦ ។
សូមរំឭកថា នៅមុនពេលដែលភាគីខាងសៀមសុំឈប់បាញ់
ដើម្បីធ្វើការចរចា ព្រះឥន្ទ្រ (រហស្សនាមសម្ដេចតេជោ)
បានទូរស័ព្ទមកនាយឧត្ដមសេនីយ៍មេបញ្ជាការ ហ៊ីង ប៊ុនហៀង ដោយបញ្ជាក់ថា
យ៉ាងយូរម៉ោង ៦ ល្ងាចពួកគេនឹងសុំឈប់បាញ់ហើយ ។ ពិតជាមិនខុសមែន
ម៉ោងប្រហែល ៥ និង ៤៥នាទី នាយឧត្ដមសេនីយ៍មេបញ្ជាការ បានប្រកាសតាមអាយកូមថាៈ កូនចៅ!
ឈប់បាញ់កនយើង ព្រោះព្រះឥន្ទ្របញ្ជាមកថា ពួកវាសុំឈប់បាញ់
រៀបចំធ្វើការចរចានៅថ្ងៃស្អែក ។ ពេលស្ដាប់ឮបទបញ្ជានេះ
ពួកយើងទាំងអស់នាំគ្នាជំនុំគ្នាថា សម្ដេចតេជោ ពិតជាមិនធម្មតាមែន រឿងធ្វើសឹកសង្គ្រាម
គាត់អាចស្មានដឹងបានពីចិត្តសាស្ត្រ ស្ថានការណ៍ និងសមត្ថភាពរបស់គូសត្រូវយ៉ាងច្បាស់លាស់បំផុត
។
គួរឱ្យអស់សំណើចបន្តិចដែរ ពេលដែលមានបទបញ្ជាឈប់បាញ់ទៅហើយ
តែនៅមានការហៅសុំជំនួយពីជួរមុខ នាយឧត្ដមសេនីយ៍មេបញ្ជាការ ក៏បញ្ជាឱ្យបាញ់ BM21
ថែម២កញ្ច្រែងថែមទៀត ធ្វើឱ្យខាងសៀមផ្អើលជាថ្មី
ហើយបានទាក់ទងទៅថ្នាក់លើរបស់គេ ឱ្យប្រាប់មករាជរដ្ឋាភិបាលខ្មែរ ទើបសម្ដេចតេជោហៅទូរស័ព្ទមកនាយឧត្ដមសេនីយ៍មេបញ្ជាការ
ហ៊ីង ប៊ុនហៀង សួរថាហេតុអីនៅបាញ់ទៀត? នាយឧត្ដមសេនីយ៍មេបញ្ជាការ លោកបានតបទៅថា
«ជម្រាបប្រសាសន៍សម្ដេច! ដោយសារយើងនៅសល់គ្រាប់ដែលច្រករួច
ពីរកញ្ច្រែងនៅក្នុងកាណុង បើធ្វើការដកចេញ អាចបណ្ថាលឱ្យមានបញ្ហាជាយថាហេតុ
ដូច្នេះក៏ព្រលែងចេញតែម្ដងទៅ ដើម្បីលាងសម្អាតកាណុងផង»! រួចហើយគាត់បែរមកសើចដាក់កូនចៅក្រោមឱវាទ
(តាមពិតយើងអាចដោះក្បាលគ្រាប់ចេញពីកាណុងបានទេតើ ) ។
ងើបពីត្រង់សេ
(លេណដ្ឋាន)
បើទោះបីជាមានការព្រមព្រៀងគ្នា
ឈប់បាញ់ដើម្បីធ្វើកាចរចាក៏ដោយ ក៏ភាគីសៀមនៅតែបន្តផ្លោងគ្រាប់កាំភ្លើងធំ ចូលមកក្នុងទឺកដីកម្ពុជាជាហូរហែ
និងជាច្រើនគ្រាប់ រហូតដល់ម៉ោង ១០យប់ ទើបមានការស្ងប់ស្ងាត់ ហើយក្រុមខ្ញុំទាំងអស់ ក៏បានមកជួបជុំគ្នាឡើងវិញ
។ យុទ្ធមិត្តរួមអាវុធទាំងអស់របស់ក្រុមយើង ប្រញាប់ប្រញាលរៀបចំដាំបាយហូប ព្រោះមានការស្រេកឃ្លាន
និងហេវហត់ខ្លាំងណាស់ទៅហើយ ។ បាយរួច ខ្ញុំដោះកាំភ្លើង ទូស្សៀ និងខោអាវចេញពីខ្លួន ទៅរកមុជទឹកសម្អាតខ្លួនបន្តិច រួចស្លៀកពាក់ឯកសណ្ឋានឡើងវិញ ក្នុងលក្ខណៈត្រៀមប្រយុទ្ធដដែល
។
យប់នោះរហូតដល់ជិតភ្លឺ មិនមានអ្នកណាម្នាក់ហ៊ានដេកឱ្យលង់លក់នោះទេ
នាំគ្នាអង្គុយ និងឈរនៅក្បែៗលេណដ្ឋានជជែកពីនេះពីនោះ ភ្នែកសម្លឹងទៅកន្លែងប្រយុទ្ធគ្នាកាលពីថ្ងៃ
កំពុងត្រូវភ្លើងឆេះក្រហមរងាលជាជួរៗ មើលទៅហាក់ដូចជាភ្លើងលម្អទីក្រុងក្នុងរាត្រីដ៏សែនមនោរម្យអ៊ីចឹង
។ ម៉ោងជាងបីរំលងអាធ្រាត្រ ភាពងងុយក៏កាន់តែខ្លាំងឡើងៗ
ទ្រាំមិនបានខ្ញុំក៏បបួលមិត្តភ័ក្ត្រមួយចំនួន ឡើងមកដេកនៅគ្រែក្នុងអគាររៀងៗខ្លួន ដោយមានការប្រយ័ត្នប្រយែងខ្ពស់
។
ស្នូរកាំភ្លើងធំរំខានម្ដងទៀត
គ្រឹមៗ!
ក្ឌាំងៗ! សំឡេងទាំងនេះ វាបានមករំខានដំណេកពួកខ្ញុំឱ្យភ្ញាក់ក្រញាង
ស្រវេស្រវារទូស្សៀរគ្រាប់ កាំភ្លើង មកពាក់ពីលើខោអាវដែលបានស្លៀកតាំងពីយប់ រួចហីយចល័តទៅកាន់លេណដ្ឋានជាបន្ទាន់
។
«គ្រប់គ្នា! ឲ្យបងប្អូនប្រុងប្រយ័ត្ន»!
នេះជាសំឡេងបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការតាមវិទ្យុទាក់ទង
។ ទ័ពសៀមបានបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់ នាពេលព្រឹកព្រលឹមស្រាងៗ វេលាម៉ោង
៥ ជិតកន្លះ ថ្ងៃទី ៥ កម្ភៈ ឯខាងកងទ័ពយើងគ្រាន់តែត្រៀមសភាពការណ៍
មិនទាន់មានបទបញ្ជាណាមួយឱ្យធ្វើការបាញ់តបតនៅឡើយទេ ។ មួយសន្ទុះធំក្រោយមក
បងពល២ (ឧត្ដមសេនីយ៍ឯក អ៊ុង សារិទ្ធ) បានរាយការណ៍ជូនឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការតាមវិទ្យុទាក់ទងមកថា
នេះពួកវាគ្រាន់តែបាញ់ផ្លោងកំញើញ ដាស់សូរយកខ្មោចតែប៉ុណ្ណោះ
ព្រោះការប្រយុទ្ធគ្នាពីល្ងាចម្សិលមិញ ទ័ពសៀមបានទទួលរងនូវសរព្រះឥន្ទ្រ (គ្រាប់BM21) សុសសាញដីធ្វើឱ្យទ័ពងាប់
និងរបួសមិនស្ទើរហើយទុកចោលនៅក្នុងព្រៃ ទើបពេលនេះ ធ្វើការបាញ់ផ្លោងលើកទឹកចិត្តគ្នាវា
ដើម្បីចូលមកយកខ្មោច និងអ្នករបួសតែប៉ុណ្ណោះ ។
ក្តាប់បានសភាពការណ៍ដូច្នេះហើយ
ទើបខាងភាគីខ្មែរយើង មិនបានបាញ់តបតវិញសូម្បីតែមួយគ្រាប់
។ ប្រហែលជាកន្លះម៉ោងក្រោយមក ក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ ពួកខ្ញុំម្នាក់ៗមានការហួសចិត្ត
និងខឹងសម្បារជាខ្លាំងអំពីរឿងនេះ ។ មានមិត្តភក្ដិខ្លះបានស្រែកជេររបៀបលេងសើចថាៈ អាសៀមជម្លើយ! គេអត់ដឹងអីផង! កំពុងតែដេកស្រួលៗមកផ្លោងដាក់ឱ្យគេភ័យ! អាឈ្លើយ! អាសៀមត្រូវបេ! ជាដើម ។
ក្នុងថ្ងៃ និងយប់នោះ (៥កុម្ភៈ) ទោះបីមិនមានសភាពការណ៍អ្វីធំដុំកើតឡើងក៏ដោយ
ក៏ពួកយើងនៅតែមានស្មារតីប្រុងប្រយ័ត្ន និងត្រៀមប្រយុទ្ធជានិច្ច មិនអាចធ្វេសប្រហែសបានឡើយ
។ ម្នាក់ៗតាមដានវិទ្យុទាក់ទង ក្រែងលោមានពត៌មាន ឬបទបញ្ជាអ្វីមួយផង និងរង់ចាំស្តាប់លទ្ធផលនៃការចរចានៅ
ជាំស្រង៉ាំ ផង ។ ម៉ោង ៦ និង ៣០ ល្ងាចថ្ងៃដដែល យើងនាំគ្នាបើកទូរទស្សន៍ដើម្បីទស្សនា
ទើបបានដឹងខ្លះៗ អំពីលទ្ធផលនៃការចរចានោះ ដែលលទ្ធផលមិនខុសពីការចរចាលើកមុនៗ
ធ្លាប់បានធ្វើមកនោះទេ ភាគីទាំងសងខាង បានឯកភាពឈប់បាញ់គ្នាតទៅទៀត ។
លុះស្អែកឡើងថ្ងៃទី ៦កុម្ភៈ
ក៏ឃើញថានៅមានសភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែអ្នកយកការណ៍ជួរមុខ បានជូនដំណឹងមកថា
ពួកវាកំពុងបញ្ជូនកម្លាំងទ័ព និងអាវុធ រថក្រោះមកបន្ថែមទៀត និងមានយន្តហោះចម្បាំងប្រភេទ
F16 បានមកដល់ខេត្តស៊ីសាកេត ។ ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ បានប្រកាសតាមវិទ្យុទាក់ទង
ទៅកាន់បណ្តាមេបញ្ជាការគ្រប់អង្គភាពទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ឱ្យប្រកាសអាសន្នផ្គុំអាវុធ
មិនអាចធ្វេសប្រហែសបានឡើយ ថ្វីត្បិតតែការចរចាគ្នាពីថ្ងៃ បានឯកភាពគ្នាថាឈប់បាញ់ក៏ពិតមែន
ប៉ុន្តែមេរៀននេះយើងធ្លាប់បានដឹង និងទទួលជាច្រើនដងមកហើយ ពួកសៀមនេះក្រឡេចក្រឡុចខ្លាំងណាស់
និយាយអ៊ីចេះធ្វើអ៊ីចុះ បាទដៃជាខ្នងដៃ ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល
ពេលជួបគ្នាជាមួយយើងនិយាយផ្អែមល្ហែមណាស់ គួរឱ្យទុកចិត្ត បាទ!យល់ព្រម អរគុណបាទ (ខាប់!ខបឃុនខាប់) តែចប់ពីនោះបែរជាឯណាឯណីឆ្កុយទៅវិញ ។
មិនខុសពីការគិតរបស់យើងឡើយ
នៅម៉ោងប្រមាណជា ៦ និង ៣០នាទីល្ងាច គ្រាប់កាំភ្លើងធំគ្រប់ធុនត្រូវបានពួកសៀមបាញ់ផ្លោងចូលទឹកដីកម្ពុជាជាថ្មីម្តងទៀតរាប់ពាន់គ្រាប់
គ្របដណ្ដប់ទៅលើគ្រប់គោលដៅសំខាន់ៗរបស់យើង ។ គោលបំណងរបស់គេ គឺវាយសង្គ្រប់បំបាក់ស្មារតីឱ្យយើងចុះចាញ់
ប៉ុន្តែមិនដូចជាការគិតឡើយ កងកម្លាំងប្រដាប់អាវុធកម្ពុជា ទឹកចិត្តអង់អាចក្លាហានគ្មានតក់ស្លុត
ឆន្ទះមោះមុតវាយបកទៅភាគីសត្រូវវិញ យ៉ាងប្តូរផ្តាច់ជាទីបំផុត ។
នៅទីបញ្ជាការសមរភូមិមុខឯណេះវិញ ឯកឧត្តម
នាយឧត្តមសេនីយ៍មេបញ្ជាការ កំពុងតែមមាញឹកគ្រប់គ្រងស្ថានការណ៍ និងរង់ចាំទទួលសំណូមពរឱ្យជួយគាំទ្រពីខ្សែត្រៀមជួរមុខ
ហើយគាត់មិនភ្លេចដាស់តឿនកូនចៅក្រោមឱវាទ ឱ្យមានការប្រុងប្រយ័ត្ន ចូលទៅក្នុងលេណដ្ឋានគ្រប់ៗគ្នា
ព្រោះលើកនេះពួកវាវាយកាន់តែទ្រង់ទ្រាយធំ អាវុធគ្រប់ប្រភេទ ឬក៏អាចប្រើយន្តហោះប្រភេទ
F16 ក៏ថាបាន ។ ដូចនេះហើយ នាយឧត្តមសេនីយ៍មេបញ្ជាការ លោកត្រូវតែប្រុងជើងការឱ្យបានហ្មត់ចត់បំផុត
ដែលជារឿយៗ យើងតែងតែឮសំឡេងគាត់ស្រែកបញ្ជា «អាឡូជើងឯកៗ...អាឡូចតុមុខ...ពល២...
ថ្លែងសរ... សរជ័យ... អគ្គិនេត្រ... កំពង់ឆ្នាំង...អាម៉ាប់ៗ...យ៉ាងម៉េចហើយ ត្រៀមរួចរាល់ហើយនៅ
? មើលបងប្អួនឱ្យបានស្រួលបួលប្រយ័ត្នប្រយែង! ក្តាប់សភាពការណ៍ឱ្យបានល្អ រង់ចាំបទបញ្ជាចាត់ការឮទេ?» «គោរពទទួលបញ្ជាលោកនាយ!» (សំឡេងឆ្លើយតប)
។c
មិនយូរប៉ុន្មាន
សំឡេងស្រែកសុំជំនួយគាំទ្រពីជួរមុខ បានលាន់ឮនៅក្នុងវិទ្យុទាក់ទង ។ ទទួលបានការស្នើសុំ នាយឧត្តមសេនីយ៍មេបញ្ជាការ បាន បញ្ជាទៅគោលដៅគ្រប់គ្រងអាវុធ
BM21 នៅតាមមុខសញ្ញានីមួយៗ ឱ្យបាញ់ទៅកាន់ទីតាំងបច្ចាមិត្ត លាន់ឮសំឡេងង៉ោកង៉ាកៗ
វឹបៗ ! ទ្រហឹងអ៊ឺងអាប់ នាពេលរាត្រីក្រោយថ្ងៃអស្តង្គតរលត់ចោលទ្វីបលោកា ។
យុទ្ធសាស្ត្រក្នុងការបាញ់អាវុធគាំទ្រ
BM21 លើកនេះ មានភាពខុសប្លែកពីលើកមុន ដោយកាលពីថ្ងៃទី ៤ កុម្ភៈ បាញ់ម្តងមួយគោលដៅកាណុង
និងចេញម្តងមួយកញ្ច្រែង (៤០កាណុង) ការបាញ់បែបនេះ នាយឧត្តមសេនីយ៍មេបញ្ជាការបានឱ្យឈ្មោះថាជាចង្វាក់ រាំវង់អន្លង់រមៀត ចំណែកឯលើកនេះ ប្តូរយុទ្ធសាស្ត្រមកបាញ់ព្រមៗគ្នាក្នុងពេលតែមួយ
(គ្រប់គោលដៅអាវុធ BM21) ប៉ុន្តែក្នុងមួយគោលដៅបាញ់ម្ដងតែ ៥ កាណុងប៉ុណ្ណោះ
ឱ្យឈ្មោះថាបាញ់ជាចង្វាក់ ឡាំបាដា Lambada ។
ក្នុងយប់នេះ
ត្រង់សេរបស់ពួកយើង មានសភាពចង្អៀតណែនមែនទែន ព្រោះត្រូវប្រមូលផ្ដុំកម្លាំងមកជុំគ្នា
មិនបានបែងចែកក្រុមដូចកាលថ្ងៃទីមួយនោះទេ និងមានកម្លាំងថ្មីបីបួននាក់ទៀត ដែលទើបនឹងឡើងពីសមរភូមិក្រោយមក
(មិនចាំឈ្មោះអ្នកនៅក្នុងលេណដ្ឋានបានអស់ទេក្នុងយប់នោះ គ្រាន់តែដឹងថាមានគ្នាប្រហែលជា
២០ នាក់) ។ អ្នកដែលមិនសូវមានការភ័យខ្លាច ព្រោះធ្លាប់ជួបប្រទះ
និងមានបទពិសោធន៍ខ្លះៗអំពីរឿងគ្រាប់ផ្លោង មិនបានចូលក្នុងលេណដ្ឋានជាអចិន្ត្រៃយ៍នោះទេ
ពេលណាស្បើយសំឡេងគ្រាប់ធ្លាក់ក្បែរៗ ក៏នាំគ្នាអើតឡើងមកលើ ឈរអែបផ្លូវចូលត្រង់សេ
ដើម្បីយកខ្យល់អាកាស និងតាមដានសភាពការណ៍ផង ។ នៅច្រកចូលពីខាងកើត មានគ្នាពីរទៅបីនាក់កំពុងនិយាយគ្នារអ៊ូរៗ
មានឧត្ដមសេនីយ៍ ប៉ា ថន ឧត្ដមសេនីយ៍ យិន ហេង, វ.ត្រី មាស គ្រឿន ឯមាត់ច្រកខាងលិច មុខបែរចំទៅគោលដៅកំពុងប្រយុទ្ធ មានរូបខ្ញុំ (រ័ត្នន៍ សេនា) វ.ទោ ម៉ម
សារ៉ាត់, វ.ទោ ឆែម សុខឿន, អ.ឯក ដូត ណារី
ខ្លះឈរខ្លះអង្គុយអើតចេញមកក្រៅពាក់កណ្តាលខ្លួន នាំគ្នាសម្លឹងមើលគ្រាប់កាំភ្លើងធំដែលសៀមកំពុងផ្លោងចូលមក
ហោះប្រសេចប្រសាចពេញផ្ទៃអាកាសា ។ យូរៗម្តង ពួកវាបាញ់គ្រាប់ភ្លើងមួយគ្រាប់ដើម្បីបំភ្លឺ
ដុំពន្លឺភ្លើងបានហោះឡើងលើ ភ្លឺច្បាស់ក្រឡែតប្រមាណ១នាទី ព្រមជាមួយនឹងការបាញ់ផ្លោងសង្គ្រប់
មកលើទីតាំងឈរជើងរបស់យើង ប៉ុន្តែពួកវាពុំបានទទួលលទ្ធផលអ្វីឡើយ ។ វ៉ឺ...រ៉ាកៗៗ កំពុងតែស្លុងអារម្មណ៍
ស្រាប់តែឃើញពន្លឺភ្លើង ហោះសំដៅមកកាន់ពួកយើង ផ្តាច់ការសន្ទនាអស់ ជំនួសដោយសម្រែកៈ« គ្រាប់ផ្លោងសំដៅមកពួកយើងហើយ ចូលក្នុងត្រង់សេឱ្យលឿនឡើង!ឆាប់ឡើងៗៗ!» ម្នាក់ៗស្ទុះលោតចូលដំណាលគ្នាចង្អៀតណែនប៉ែស
ព្រោះតែផ្លូវចូលលេណដ្ឋាន មានទំហំត្រឹមតែខ្លួនមនុស្សម្នាក់ប៉ុណ្ណោះ។ ចូលដល់មិនទាន់បានស្រួលបួលផង
សំឡេងគ្រាប់ធ្លាក់ដល់ដីគ្រាំងៗ ពីខាងក្រោយត្រង់សេ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន
ចំកន្លែងទីតាំងដាក់អាវុជ BM21 ដែលបញ្ជាដោយបង សរជ័យ (ឧត្ដមសេនីយ៍ ឡេង សំអឿន) កាលពីថ្ងៃទី ៤ កុម្ភៈ
កន្លងមក ។ លុះបន្តិចក្រោយមក ក៏នាំគ្នាចេញមកក្រៅវិញដដែល
ដើម្បីផ្លាស់ប្តូរយោបល់គ្នា និងវិភាគជាបន្តទៅទៀត ហើយសភាពបែបនេះវាកើតឡើងជាញឹកញាប់មកលើក្រុមពួកខ្ញុំ
។
ងាកមកមើលផ្នែកខាងស្តាំដៃឯណោះវិញ ភ្លើងកំពុងតែឆេះសន្ធោសន្ធៅ
ក្រហមច្រាលភ្លឺរន្ទាលជ្រែកស្បៃអន្ធការ នោះគឺភ្លើងឆេះនៅលើភ្នំក្បាលខ្មោច (ភ្នំប្រាំរយ)
ដែលស្ថិតនៅខាងកើតឆៀងខាងជើងភ្នំប្រាសាទព្រះវិហារ ជាទីតាំងយោធាដ៏ធំមួយរបស់សៀម (ភ្នំនេះជារបស់ខ្មែរដែរ
តែត្រូវបានគេកាន់កាប់ជាយូរមកហើយ)។ សៀមបានធ្វើផ្លូវក្រាលកៅស៊ូឡើងដល់លើកំពូលភ្នំ បង្កលក្ខណៈងាយស្រួលដល់ពួកវា
ក្នុងការដឹកជញ្ជូនកម្លាំង និងសម្ភារៈសឹក ។ ភ្លើងដែលកំពុងឆេះនៅជុំវិញភ្នំនេះ កើតឡើងពីការបាញ់កាំភ្លើងគាំទ្ររបស់កងទ័ពជាតិយើង
ធ្វើឱ្យពួកខ្មាំងសៀមបាក់ស្មារតី ភ័យលស់ព្រលឹងគ្រប់ៗគ្នា។ មានពត៌មានផ្ដល់មកថា
នៅពេលដែលយើងវាយសម្រុកខ្លាំង ពួកវាក៏បានហៅការគាំទ្រពីខាងក្រោយមកដែរ ប៉ុន្តែគ្រាប់កាំភ្លើងធំគាំទ្រ
បាញ់មិនដល់គោលដៅរបស់យើង បែរជាធ្លាក់នៅលើភ្នំចំទីតាំងគ្នាវាទៅវិញ ធ្វើឱ្យពួកវាយល់ថាកងទ័ពកម្ពុជា
ចូលព័ទ្ធវាយលុកពីខាងក្រោយខ្នង ទើបនាំគ្នាបែរចុងកាណុងកាំភ្លើង បាញ់គ្នាវាទៅវិញទៅមក ត្រូវគ្នាឯងងាប់ និងរបួសមិនតិចនាក់ទេ ពេលដែលបានឮរឿងនេះ ពួកខ្ញុំនាំគ្នាសើចគឹលទាំងហួសចិត្តជាខ្លាំង
។
ម៉ោង ៩យប់ទៅហើយ ការប្រយុទ្ធគ្នានៅតែបន្តនៅឡើយ
ហើយក៏មានការប្រកាសប្រាប់តាមវិទ្យុទាក់ទងមកថា សៀមចាប់ផ្តើមប្រើគ្រាប់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក
ដូច្នេះត្រូវប្រុងប្រយ័ត្នរកមើមខ្ទឹមស ទុកទប់ទល់និងជាតិពុល ។ ពួកយើងម្នាក់ៗសុទ្ធតែបានត្រៀមលក្ខណៈរួចជាស្រេច
ពុំមានធ្វេសប្រហែសឡើយ ប្រសិនបើមានជាតិពុល ត្រូវយកមើមខ្ទឹមសទាំងនោះ
មកដំរួចយកមកហិតទៅ អ្វីៗនឹងបានប្រសើរឡើងវិញហើយ ។ បើតាមសង្កេតមើលយូរៗទៅ ការបាញ់ផ្លោងកាំភ្លើងធំរបស់ពួកវា
ហាក់បីដូចជាទទឹងទទែងទិស គោលដៅធ្លាក់គ្រាប់មិនច្បាស់លាស់ទាល់តែសោះ គ្រាំង!ឯណេះ គ្រាំង!ឯណោះ
មើលទៅពួកវាមានសភាពដូចជាជ្រូកពុលអ៊ីចឹង ។ ម៉ោងប្រហែលជា ៩ និង ៤០ នាទីយប់ មានការព្រមព្រៀងឈប់បាញ់គ្នាម្តងទៀត
ទទួលបានបទបញ្ជា ភាគីកម្ពុជាក៏បានផ្អាកការបាញ់។ ខាងសៀមក៏ឈប់បាញ់លក្ខណៈទ្រង់ទ្រាយធំដែរ
ប៉ុន្តែនៅតែមានការផ្លោងចូលជាហូរហែថែមទៀត ត្រង់នេះមួយគ្រាប់ ត្រង់នោះមួយគ្រាប់ លុះដល់ម៉ោងជិត
១១ យប់ ក៏ប្រហែលជាដោយសារឃើញយើងមិនរវល់តបត ពួកវាក៏ឈប់បាញ់ផ្លោងតទៅទៀតដែរ ។
បើទោះបីជាមានការស្ងប់ស្ងាត់ក៏ដោយ
ពួកយើងនៅមិនទាន់មាននរណាម្នាក់ ចូលទៅដេកនៅកន្លែងរបស់ខ្លួនវិញឡើយ ព្រោះតែមិនទុកចិត្ត
ក្រែងលោពួកវាវាយប្រហារម្តងទៀត ។ ពួកខ្ញុំនាំគ្នាឡើងមកខាងក្រៅ ជជែកពិភាក្សាគ្នាអំពីហេតុការណ៍ដែលទើបនឹងកើតឡើងថ្មីៗ
អ្នកខ្លះសម្ងំសម្រាកនៅខាងក្នុងត្រង់សេនៅឡើយ ។
យប់នោះខ្ញុំចេះតែនឹកពិភាល់ក្នុងចិត្ត ហេតុអ្វីបានជាមានអការផ្សារភ្នែក ហើយងងុយដេកចម្លែកខ្លាំងម្លេះ?
អ្នកឯទៀតក៏អ៊ីចឹងដែរ លុះក្រោយមកទើបប្រាកដក្នុងចិត្តថា វាបណ្តាលមកពីឧស្ម័នបង្ហូរទឹកភ្នែក
ដែលពួកសៀមបានបាញ់បង្ហើរតាមខ្យល់មក ទើបបណ្ដាលឱ្យទៅជាបែបនេះ ។ យប់កាន់តែជ្រៅ
កាន់តែងងុយខ្លាំងឡើងៗ ខ្ញុំក៏ចូលទៅក្នុងត្រង់សេវិញ អង្គុយទម្រេតផ្អែកជាប់ជញ្ជាំង
រហូតដល់ម៉ោង ៣ជាងកន្លះ ឃើញថាមិនស្រួលទាល់តែសោះ ក៏គិតក្នុងចិត្តថាៈ «បើទោះជាពួកឯងផ្លោងមកទៀត
ក៏ផ្លោងតាមចិត្តទៅ! អញលែងខ្វល់ហើយ...» ។ គិតរួចក៏ទាញកាំភ្លើង ងើបឡើងដើរចេញ
សំដៅទៅកាន់អគារសម្រាក រួចក៏ប្រាស់ខ្លួនភីង ដេកលក់ស្កប់ស្កល់លែងដឹងខ្លួនរហូតថ្ងៃរះ
ប៉ុន្តែមុននឹងដេក ខ្ញុំបានប្រាប់មិត្តភ័ក្ត្រឱ្យជួយដាស់ផង បើមានសភាពការណ៍អ្វីមួយកើតឡើង
និងបានយកវិទ្យុទាក់ទងមកដាក់លើក្បាលដំណេកក្បែរត្រចៀក បើក សំឡេងឱ្យអស់ទៀតផង ។
ស្អែកឡើងពេលក្រោកពីដេក មិនឮសូរថាមានអ្វីកើតឡើងទេ
ហើយជាច្រើនថ្ងៃកន្លងមកទៀត ក៏គ្មានការវាយប្រយុទ្ធគ្នាដែរ ប៉ុន្តែរយៈពេល ២-៣ ម៉ោងម្តង តែងតែឮស្នូរផ្ទុះគ្រាប់នៅខ្សែត្រៀមជួរមុខ បង្កឡើងដោយពួកទ័ពសៀម ។ ពួកវាគប់គ្រាប់បែក ចុចបំផ្ទុះមីន ឬបាញ់គ្រាប់បេ
៤០ មកទម្លាក់ក្បែរៗពួកយើង តែគ្មានបង្កផលប៉ះពាល់អ្វីធំដុំឡើយ
ហើយពួកយើងក៏មិនខ្វល់នឹងធ្វើការតបតទៅពួកវាវិញដែរ ដោយគោរពតាមបទបញ្ជាដ៏ហ្មឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ។ ទោះបីមិនមានការវាយប្រយុទ្ធគ្នាក៏ដោយ
កងយោធពលខេមរភូមិន្ទ្រដ៏អង់អាចក្លាហាន ជាពិសេសកងកម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលជាកម្លាំងគាំទ្រយ៉ាងសំខាន់
ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងនៃ ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស លោកមិនបានធ្វេសប្រហែសមួយវិនាទីណាឡើយ
តែងតែដាស់តឿនក្រើនរំឭកដល់មេបញ្ជាការ មេបញ្ជាការរងក្រោមឱវាទ ឱ្យត្រួតពិនិត្យអាវុធយុទ្ធភ័ណ្ឌជាប្រចាំ
មើលសុខទុក្ខ ជំរុំជម្រក ស្នាក់នៅរបស់បងប្អូនយុត្ធមិត្ត ផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ
លុយកាក់ប្រាក់កាស និងបានប្រកាសអាសន្នជាទៀងទាត់ ពិសេសពេលទៀបភ្លឺជារៀងរាល់ថ្ងៃ ។
ផ្អើលទាំងយប់
កន្លងបាន ៥-៦ ថ្ងៃ មានហេតុការណ៍មួយបានកើតឡើង នៅពេលយប់រំលងអាធ្រាត្រថ្ងៃទី១៣
ឈានចូលថ្ងៃទី ១៤កុម្ភៈ វេលាម៉ោង ១:៣៥នាទី មានការប្រកាសអាសន្នតាមវិទ្យុទាក់ទង
(អាយកូម) ដល់គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ក្នុងបញ្ជាការដ្ឋានថា មានការពើបប្រទះវាយប្រយុទ្ធគ្នា
អស់រយៈពេលកន្លះម៉ោងហើយ នៅតំបន់ប្រាសាទតាមាន់ខេត្តឧត្តរមានជ័យ ។
ទាំងអស់គ្នាប្រញាប់ប្រញាលរួសរាន់ ក្រវាត់ទូស្សៀរ អាវុធ គ្រាប់រំសេវ រត់សំដៅទៅកាន់លេណដ្ឋាន
ហើយភ្នែកសម្លឹងទៅទិសខាងលិច ចំប្រាសាទតាមាន់ ឃើញតែពន្លឺភ្លើងភ្លឹបភ្លែតៗ លាយឡំនឹងស្នូរគ្រឹមៗ
គិតច្បាស់ក្នុងចិត្តថា ពិតជាកំពុងមានការវាយប្រយុទ្ធគ្នាប្រាកដមែន ។ មួយស្របក់ក្រោយមក
សំឡេងបង ចតុមុខ (ឧត្ដមសេនីយ៍ យង់ សារិទ្ធ) បានបន្លឺឡើងតាមវិទ្យុទាក់ទង
ជាមួយនឹងសំណើចផងថា អម្បាញ់មិញនេះ គាត់បានទូរស័ព្ទទៅសួរលោកឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌
ជាមេបញ្ជាការទិសប្រាសាទតាមាន់ គាត់បានប្រាប់មកថា មេឃកំពុងភ្លៀងយ៉ាងខ្លាំង និងមានផ្លេកបន្ទោរផ្គររន្ទះទៀតផងដែរ
រយៈពេលជិតមួយម៉ោងមកហើយ គ្មានការបាញ់គ្នាអីនោះទេ ។ ទទួលបានដំណឹងនេះ ពួកខ្ញុំនាំគ្នាសើចហួសចិត្ត
(ដែលមើលឃើញភ្លើងភ្លឺភ្លឹបភ្លែតៗ និងសូរគ្រឹមៗនោះ មិនមែនជាគ្រាប់ផ្លោងបាញ់គ្នាឯណា
នោះជាផ្លេកបន្ទោរ និងផ្គលាន់ទេតើលោកព្រះអើយ!) ។ បន្ទាប់មក ក៏នាំគ្នាចូលនិទ្រាតាមកន្លែងរៀងៗខ្លួនវិញ ។ មុនដំបូង ក្រុមរបស់ខ្ញុំទទួលបានព័ត៌មាននេះពី អាគ្រឿន (វ.ត្រី មាស
គ្រឿន) ពេលកំពុងតែដេកលក់ មិនដឹងជាបានដំណឹងនេះពីណាមកទេ
វារត់មកប្រាប់ពួកយើងទាំងត្រហេបត្រហប រញីរញ័រស្ទើរតែស្តាប់មិនយល់ «ឆាប់ឡើងៗ (វាស្រែក)ក្រោកឡើងកនយើង! គេបាញ់គ្នាជាងកន្លះម៉ោងហើយនៅប្រាសាទតាមាន់! »។ មែនទែនទៅខ្ញុំនិងវ.ទោ ផូ ចាន់ថន ដូចជាមិនសូវទុកចិត្តដំណឹងនេះ តាំងតែពីដំបូងមកម្លេះ
នៅពេលដែលអាគ្រឿនវាដើរស្រែកដាស់គេដាស់ឯងឱ្យភ្ញាក់ ពួកខ្ញុំក្រោកអង្គុយនៅជ្រុងម្ខាងគ្រែដេក
ភ្នែកសម្លឹងគ្នាទៅវិញទៅមក ក្នុងចិត្តនឹកសង្ស័យតែរៀងៗខ្លួន មួយសន្ទុះទើបងើបឡើងស្លៀកពាក់ឯកសណ្ឋាន
ទាំងមិនសូវប្រញេបប្រញាប់ដូចអ្នកដ៏ទៃទៀតប៉ុន្មានទេ ព្រោះតែមិនអស់ចិត្ត ហេតុអ្វីបានជាមិនឮសំឡេងបញ្ជាពីនាយឧត្តមសេនីយ៍មេបញ្ជាការតាមអាយកូម
(វិទ្យុទាក់ទង) ដូចលើកមុនៗ ? លុះដល់ពេលដឹងការពិតហើយ
ទើបយើងសើចដាក់គ្នា «វាមិនខុសពីការសង្ស័យរបស់ពួកយើងមែន» ។ ទោះបីមិនមែនជាការពិត
ក៏វាជារឿងល្អម៉្យាងដែរ ទុកដូចជាការប្រកាសអាសន្ន ពញ្ញាក់ស្មារតីបងប្អូនយើង ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច
។
កិច្ចការថ្នាក់ជាតិ
នៅយប់ថ្ងៃទី ៤កុម្ភៈ ២០១១
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផ្ញើលិខិតមួយ
ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្ហាញអំពីការវាយប្រហារ រំលោភបំពានរបស់ភាគីថៃ
មកលើទឹកដីកម្ពុជា ។ យប់ថ្ងៃទី៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន បានចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ស្តីពីបញ្ហាសៀម នៅតែធ្វើការបាញ់ផ្លោងចូលមកលើកកម្ពុជា ពិសេសក្នុងតំបន់ប្រាសាទព្រះវិហារ
ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សម្តេចបានស្នើសុំ ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
កោះប្រជុំជាបន្ទាន់មួយ ហើយទទួលបាននូវការឆ្លើយតបមកវិញ ក្រុមប្រឹក្សាសន៉្តិសុខអង្គការសហប្រជាជាតិ
នឹងធ្វើការប្រជុំនៅថ្ងៃច័ន្ទ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០១១ នៅទីក្រុង New York នៃសហរដ្ឋអាមេរិក ។
ដោយសារដឹងពីភាពកំសោយរបស់ខ្លួនលើផ្នែកការទូត
និងចាញ់ប្រៀបទាំងស្រុងលើផ្លូវច្បាប់ជាមួយកម្ពុជា នាយករដ្ឋមន្ត្រីថៃ អាភិស៊ីត
ខិតខំខ្នះខ្នែងរកគ្រប់កលល្បិច ដើម្បីបង្អាក់ដំណើរការនៃការប្រជុំនេះ រួមមានការទូរស័ព្ទទៅផ្អាកកិច្ចប្រជុំ
តែត្រូវបរាជ័យ ទើបចាត់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន កាស៊ីតភិរុម ឱ្យធ្វើការបញ្ចុះបញ្ចូល
(Lobby) សុំឱ្យមានត្រឹមតែកិច្ចប្រជុំ កុំឱ្យមានចេញសេចក្តីថ្លែងការណាមួយ ក៏ត្រូវបរាជ័យផងដែរ
។ កាស៊ីតភិរុម អះអាងថាកម្ពុជា និងសៀម អាចដោះស្រាយគ្នាបាន មិនបាច់មានការអន្តរា
គមន៍ពីភាគីទីបីឡើយ ។
ថ្ងៃទី ១៤កុម្ភៈ (នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក) នាយករដ្ឋមន្ត្រីថៃ អាភិស៊ីត
មានការអាម៉ាសជាខ្លាំង ព្រោះអីមិនត្រឹមតែជំទាស់ការប្រជុំមិនបានទេ ថែមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ
ចេញសេចក្តីថ្លែងការណ៍ពីរចំណុចទៀតផងគឺ៖ ទី១ ភាគីទាំងពីរត្រូវឈប់បាញ់ជាអចិន្ត្រៃយ៍, ទី២ គាំទ្រយ៉ាងសកម្មកិច្ចប្រជុំការបរទេសអាស៊ាន ASEAN នៅទីក្រុង ហ្សាការតា ថ្ងៃទី ២២កុម្ភៈ ២០១១ ។
នៅព្រឹកថ្ងៃ ពុធ ទី ១៧ កុម្ភៈ
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើសន្និសីទកាសែត ដែលមានអ្នកសារព័ត៌មានជាតិ
និងអន្តរជាតិជាច្រើនរូបបានចូលរួម ហើយត្រូវបានធ្វើការផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ថែមទៀតផង
។ សម្តេចបានវាយប្រហារចំៗ ទៅលើរដ្ឋាភិបាល អាភិស៊ីត និងអ្នកនយោបាយថៃមួយចំនួនទៀត រួមទាំងមេដឹកនាំក្រុមអាវលឿងជ្រុលនិយម ដែលមាន ចំឡង
ស្រីមឿង,ស៊ុនធិ លឹមថងឃុន និង វីរ៉ាក់ ក្បាលក្រិន
ដែលកាលនោះ កំពុងសម្រាកវិស្សមកាលរយៈពេល ៨ ឆ្នាំ នៅក្នុងគុកព្រៃសរប្រទេសកម្ពុជា ដោយត្រូវបានតុលាការរាជធានីភ្នំពេញ
ចោទប្រកាន់លើករណីឆ្លងដែនខុសច្បាប់ ចូលក្នុងតំបន់យោធា និងធ្វើចារកម្ម។
នៅក្នុងសន្និសីទនោះដែរ សម្តេចតេជោ បានបញ្ជាក់ពីគោលជំហរ
៤ ចំណុច ដែលកម្ពុជាស្នើទៅក្រុមប្រឹក្សាសន្តិសុខអាស៊ាន ទី១-កម្ពុជាស្នើឱ្យមានការចុះហត្ថលេខា រវាងភាគីទាំងពីរ(កម្ពុជា-ថៃ) ដែលមានការធ្វើសាក្សីពីអាស៊ាន អំពីបទឈប់បាញ់គ្នាជាស្ថាពរ
និងជាអចិន្ត្រៃយ៍, ទី២-រក្សាស្ថានភាពដដែល
នៃទីតាំងឈរជើង,ទី៣-កម្ពុជាលើកទឹកចិត្ត
ឱ្យមេបញ្ជាការកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ
ពិភាក្សានិងសហការគ្នាល្អ ដើម្បីសម្រួលឱ្យស្ថាន ការណ៍ វិលត្រឡប់ទៅដូចមុនថ្ងៃ ១៥ កក្កដា
ឆ្នាំ ២០០៨, និងទី៤- កម្ពុជាយល់ព្រមឱ្យមានការត្រួតពិនិត្យ
បទឈប់បាញ់គ្នាដោយមានការចូលរួម ពីបណ្តាសមាជិកអាស៊ានទាំង ៨ ប្រទេស ជាក្រុមប្រទេស
ឬក៏ជាប្រទេសនីមួយៗ ។ ចំណែកខាងភាគីសៀម នៅតែជំទាស់ជានិច្ចដោយមានលេសថា
អាចដោះស្រាយទ្វេភាគីបាន មិនចាំបាច់មានភាគីទីបីចូលរួមឡើយ ។
ហេតុដូចនេះហើយ បានជារៀងរាល់យប់ថ្ងៃ ទ័ពសៀមតែងតែគប់គ្រាប់បែក
ចុចបំផ្ទុះមីន ផ្លោងគ្រាប់កាំភ្លើងត្បាល់ ៦០-៨០ មម, បេ ៤០-៤០ កន្លះ
សំដៅមកភាគីកម្ពុជាជាហូរហែគ្មានលស់ពេលឡើយ ជាក់ស្តែងក្នុងរាត្រីថ្ងៃទី ១៦ កុម្ភៈ សៀមបានបំផ្លោងចូលប្រមាណជាង
២០០គ្រាប់ ទើបមានការស្ងប់ស្ងាត់វិញ លុះដល់យប់ទី ១៩ កុម្ភៈ ឮស្នូរផ្ទុះគ្រាប់មីនពីរគ្រាប់
ក្រោយភ្នំត្រងោល ។ ទោះបីជាដូច្នេះក្តី ក៏ភាគីកម្ពុជានៅតែអត់ធ្មត់ មិនបានធ្វើការតបតឡើយ
។
ខ្ញុំតែងតែគិតម្នាក់ឯង ហើយក៏ធ្លាប់បាននិយាយប្រាប់មិត្តរួមអាវុធឯទៀតដែរថា
តាមការយល់ឃើញរបស់ខ្ញុំ ដែលពួកសៀមវាធ្វើដូច្នេះ មានហេតុផលពីរយ៉ាង៖ ទី១-វាញោះយើងឱ្យទ្រាំមិនបានវាយតបតទៅវាវិញ វាបានលេសនេះ នឹងប្រើយន្តហោះចម្បាំងតែវាយយើងទ្រង់ទ្រាយធំតែម្តង,
ទី២-ពួកវាយល់ឃើញថា មិនអាចយកឈ្នះលើផ្នែកច្បាប់ និងការទូត
អ៊ីចឹងហើយមានតែបង្កឱ្យមានជាសង្គ្រាមម្តងទៀត ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឈប់លូកដៃ
ព្រោះគេយល់ថាភាគីទាំងពីរ មិនបានគោរព សេចក្តីថ្លែងការណ៍
នៃកិច្ចប្រជុំកន្លងមក (ជាគំនិតផ្ទាល់ខ្លួនខ្ញុំតែប៉ុណ្ណោះ) ។ អ្នកឯទៀតមួយចំនួនយល់ថា វាជាព្រលឹងអតីតមេទ័ពខ្មែរដ៏ខ្លាំងពូកែនៅតំបន់ប្រាសាទព្រះវិហារ
មានលោកតាឌី, មេទ័ព ១០៨, លោកយាយថងជាដើម និម្មិតជាកងទ័ពដើរល្បាតនៅពេលយប់ ឯពួកសៀមឃើញស្មានថាជាទ័ពរបស់យើងលុកចូលទៅវាយប្រហារវា
ទើបនាំគ្នាបាញ់បោះក្ឌុងក្ឌាំងរបៀបនេះទៅ ។
អ្វីៗហាក់ដូចជាមានការធូរស្រាលបន្តិច ម្នាក់ៗរង់ចាំតែលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
ប្រសិនបើមិនមានការព្រមព្រៀងណាមួយនោះទេ ច្បាស់ជានឹងមានសង្គ្រាមរវាងកម្ពុជា សៀមកើតឡើងម្តងទៀតជាក់ជាមិនខាន
ហើយមានទ្រង់ទ្រាយកាន់តែធំ និងគ្រោះថ្នាក់ជាងលើកមុនទៀត។
ប្រិយមិត្តជាទីគោរពស្រលាញ់រាប់អាន នៅពេលខ្ញុំ
(រ័ត្នន៍ សេនា) បានសរសេរប្រលោមលោកពិតមកដល់ត្រឹមនេះ
គឺថ្ងៃទី ២០ កុម្ភៈ ២០១១ ហើយក៏គ្មានព្រឹត្តិការណ៍អ្វីគួរឱ្យកត់សម្គាល់កើតឡើងតទៅទៀតដែរ
នៅរង់ចាំតែលទ្ធផលនៃកិច្ចប្រជុំអាស៊ានថ្ងៃទី ២២ កុម្ភៈ ខានស្អែកយ៉ាងណាៗនោះ នឹងសសេរជូនមិត្តអ្នកអានជ្រាបជាបន្តទៀត
។
នៅម៉ោង ៨ ព្រឹកថ្ងៃទី ២១ កុម្ភៈ ខ្ញុំបានទទួលព័ត៌មានមកថា
រដ្ឋាភិបាលថៃយល់ព្រមតាមសំណើទាំង ៤ ចំណុច ដែលកម្ពុជាគ្រោងនឹងដាក់ចូល ទៅក្នុងកិច្ចប្រជុំអាស៊ាននៅហ្សាការតា
។ ថៃបានជ្រើសរើសយកកម្លាំងឥណ្ឌូណេស៊ី ឱ្យមកសង្កេតការណ៍ និងឃ្លាំមើលភាគីទាំងពីរ (កម្ពុជា-ថៃ) ថាតើអ្នកណាជាអ្នករំលោភបំពានលើអ្នកណាមុន?។
ទទួលបានដំណឹងនេះភ្លាម ខ្ញុំរួមនិងមិត្តភក្តិមួយចំនួន មានក្តីរីករាយក្នុងចិត្តជាខ្លាំង
និយាយបែបនេះមិនមែនបានន័យថា ពួកខ្ញុំកំសាកខ្លាចស្លាប់នោះឡើយ បើខ្លាចមិនមែនម្នាក់ៗ ប្រឈមមុខនៅទីនេះរហូតជិតពីរឆ្នាំកន្លះមកហើយនោះទេ
អ្វីដែលយើងសប្បាយចិត្ត ក៏មិនមែនបានន័យថា ពួកយើងនឹងបានវិលត្រឡប់ទៅសមរភូមិក្រោយវិញភ្លាមៗនោះដែរ
ដ៏រាបណាមានសន្តិភាពទាំងស្រុង និងមានការវាស់វែងបោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ ទើបកងកម្លាំងពួកខ្ញុំអាចធ្វើមាតុភូមិនិវត្តន៍ទៅកាន់សមរភូមិក្រោយ
និងឆ្លៀតទៅផ្ទះសម្បែង ជួបមុខប្រពន្ធកូនជាទីស្រលាញ់របស់ខ្លួនវិញបាន ។ ពេលនេះត្រឹមតែគិតថា
បើសភាពការណ៍បានធូរស្រាល ពួកខ្ញុំអាចមានច្បាប់ទៅលេងផ្ទះបានពីរ ឬបីថ្ងៃប៉ុណ្ណោះ ។ (*
រហូតដល់ខែកក្កដា ឆ្នាំ ២០១៧ ទើបពួកខ្ញុំមានឈ្មោះ បានវិលត្រឡប់មកសមរភូមិក្រោយវិញទាំងអស់គ្នា
គឺរយៈពេល៩ឆ្នាំ ដែលរស់នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ ) ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
នៅហ្សាកាតា
ថ្ងៃទី ២២ កុម្ភៈ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅ
ហ្សាកាតា ទទួលបានលទ្ធផលគាប់ប្រសើរ ទៅតាមអ្វីដែលកម្ពុជាបានគ្រោងទុក ។ ភាគីទាំងពីរ
(កម្ពុជា-ថៃ) យល់ស្របគ្នាឱ្យអ្នកសង្កេតការណ៍មកពីឥណ្ឌូណេស៊ីចំនួន
១៥ នាក់ដាក់នៅខាងទឹកដីកម្ពុជា និង ១៥ នាក់ទៀត ដាក់នៅខាងទឹកដីថៃ ដើម្បីឃ្លាំមើលបទឈប់បាញ់
។ ថ្វីត្បិតតែយ៉ាងនេះក្តី ក៏មិនមែនមានន័យថា អ្វីៗបានបញ្ចប់នោះទេ កងកម្លាំងប្រដាប់អាវុធរបស់យើង
នៅតែប្រកាន់ខ្ជាប់នូវគោលជំហរប្រុងប្រយត្ន័ខ្ពស់ មិនអាចធ្វេសប្រហែសមួយដងណាណោះឡើយ ។
ក្នុងនាមយើងជាកងទ័ពជាតិ
ត្រូវតែមានវិន័យ សណ្ដាប់ធ្នាប់ គោរពតាមបញ្ជារបស់មេបញ្ជាការ ពិសេសគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់
របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។
ប្រិយមិត្តទាំងអស់! សភាពការណ៍នយោបាយនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់បានបញ្ចប់ស្ងប់ស្ងាត់តែត្រឹមនេះឡើយ នៅមានការប្រែប្រួលជាបន្តបន្ទាប់ទៀត
។ ខ្ញុំនឹងសរសេររៀបរាប់បន្ថែម ដើម្បីបានជូនជ្រាបនៅពេលក្រោយ ។
និពន្ធដោយវរសេនីយ៍ឯក
រត្ន័ន៍ សេនា
(នាយការិយាល័យអប់រំចិត្តសាស្ត្រ
ស្នងការដ្ឋានឃោសនាព័ត៌មាន បញ្ជាការដ្ឋានអង្គរក្ស)
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
អគ្គមេបញ្ជាការរង
នៃ ខ.ភ.ម នាយយករងខុទ្ទកាល័យ,ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ផ្តល់កិត្តិយសបំពាក់
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង
អគ្គមេបញ្ជាការរងនៃ ខ.ភ.ម
នាយយករងខុទ្ទកាល័យ,ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស
ផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ
ដោយមានការធុញទ្រាន់ពេលត្រៀមប្រយុទ្ធពួកខ្ញុំក៏នាំគ្នាចាប់សាប់សាមពីរបីដៃលេងទៅ