Tuesday, June 11, 2013

សង្គ្រាមខ្មែរ-សៀម / Khmer-Siames War




អារម្ភកថា

            អត្ថបទនៅក្នុងសៀវភៅនេះ សរសេររៀបរាប់អំពីព្រឹត្តិ​ការណ៍​នៃសង្គ្រាម រវាងកងទ័ពកម្ពុជា ធ្វើការប្រយុទ្ធ​​យ៉ាង​ប្ដូរផ្ដាច់ អង់អាចក្លាហាន ជាមួយកងទ័ពសៀមឈ្លានពាន នៅសមរភូមិទិសទី១ប្រាសាទព្រះ​វិហារ និងរឿងរ៉ាវផ្សេងៗ​ ដែលបានកើតឡើងក្នុងពេលនោះ ។ ខ្ញុំបានកែច្នៃហេតុ​ការណ៍​​ទាំងនោះ ឱ្យក្លាយទៅជាប្រលោម​លោក​​ខ្លី ប៉ុន្តែពុំប្រាសចាកពីការពិតនោះឡើយ​ គ្រាន់តែបញ្ចេញបញ្ចូលពាក្យពេចន៍ឡែបខាយខ្លះៗ ប៉ុណ្ណោះ ។ ខ្ញុំបាទសូមធ្វើការអភ័យ​ទោសទុកជាមុនៈ ទី១ ចំពោះការរំឭកនូវឈ្មោះឯកឧត្តមមេបញ្ជា​ការ, មេបញ្ជាការរង ដាក់ចូលទៅ​ក្នុងអត្ថបទនេះ, ទី២ រឿង​រ៉ាវ​ជាច្រើនទៀតដែលកើតឡើង តែមិនបានសរសេរចូលព្រោះថាខ្ញុំ​​​មិនបានបានដកស្រង់ពីក្នុងសារព័ត៌មានណាមួយ យកមកបញ្ចូលឡើយ ។ អ្វីដែលមាននៅទីនេះ ទាំងព័ត៍មានទាំងរូបភាព និងសំឡេង គឺរូបខ្ញុំបានជួបប្រទះ (ឃើញ ឮ ដឹង និងបានថតរូបភាព សំឡេងដោយផ្ទាល់ពីសមរភូមិមុខ) ដូច្នេះតែម្នាក់ឯង ជឿថាវាមិនអាចបានគ្រប់ជ្រុងជ្រោយឡើយ, ទី៣  លើកយកតែវីរភាព  នៃកង​កម្លាំងបញ្ជាការដ្ឋានអង្គរក្ស (អាវុធគាំទ្រ បេអឹម BM) ដែលដឹកនាំបញ្ជាដោយផ្ទាល់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សតែប៉ុណ្ណោះ ។
            ការដែលសសេរអត្ថបទនេះឡើង ចង់សម្ដែងពីមោ​ទនភាព និងបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស​​ នាយ-ពល​ទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលជាកម្លាំងគាំទ្រ (អាវុធគាំទ្រ BM21) ដ៏មានប្រសិទ្ធភាព ក្នុងការដណ្តើមបានជោគជ័យ​ ក្នុងសង្គ្រាមលើកនេះ និងចង់រក្សាទុកជាអានុស្សាវរីយ៍ សម្រាប់ខ្លួនឯងទៅថ្ងៃអនាគត ។
            សូមជម្រាបជូនផងដែរថា អត្ថបទនេះបានចម្លងចេញយកមកធ្វើការកែសម្រួល កាត់ចេញខ្លះ និងបន្ថែមបន្ថយនូវចំណុចមួយចំនួន ពីក្នុងកូនសៀវ​ភៅរបស់ខ្ញុំ ដែលបានបោះពុម្ពម្ដងរួចមកហើយ ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយជាសាធារណៈឡើយ ព្រោះខ្លឹមសារខ្លះវាពាក់ពន្ធ័ទៅនឹងការសម្ងាត់របស់កងទ័ព (ការបំភាន់អក្ខរៈ ទីតាំងកងទ័ព និងអា​វុធយុទ្ធភ័ណ្ឌជាដើម) ។ មួយវិញទៀត លើកនេះខ្ញុំបានដាក់តួនាទី និងឋានន្តរស័ក្តិបច្ចុប្បន្នរបស់លោកឧត្ដមសេនីយ៍មួយ​ចំនួន ឧទាហរណ៍កាលក្នុងសម័យសង្គ្រាមនេះ គាត់មានឋានន្តរស័ក្តិត្រឹមថ្នាក់ឧត្ដម​សេនីយ៍ត្រី ឬទោទេ តែពេលនេះឡើងជាឧត្ដមសេនីយ៍ឯកជាដើម ។
            សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីក្លាយជាបការដទៃឡើយ។

វរសេនីយ៍ឯក រត្ន័ន៍ សេនា នាយការិយាល័យអប់រំចិត្តសាស្ត្រ
ស្នងការដ្ឋានឃោសនាព័ត៌មាន បញ្ជាការដ្ឋានអង្គរក្ស






ផ្ដើមសេចក្ដី

            ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅលើកំពូលភ្នំដងរែក មាន​​ទីតាំងស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ​ចម្ងាយ​ ៤០៥ ​គី​ទ្បូ​មែ​ត្រ ​ពី​រាជធានីភ្នំពេញ និងមាន​ចម្ងាយ​ ​១០៨​ គីឡូម៉ែត្រ​ ពី​ក្រុងព្រះវិហារ​ ។
            ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​របស់​កម្ពុជា ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នាសម័យ​ប្រជុំ​លើក​ទី​៣២ នៅ​​ទីក្រុង​កេបិក ប្រទេស​កាណាដា​ ។
            ដោយសារតែការដាក់​បញ្ចូលប្រាសាទព្រះវិហារចូលទៅក្នុង​បញ្ជី​បេតិក ភណ្ឌ​​ពិភពលោកនេះហើយ ដែលធ្វើឱ្យសៀមជ្រុល​ជ្រុលនិយមមួយចំនួន កើតទុក្ខមិនសុខចិត្ត លើកគ្នាមកតវ៉ានៅជាប់របងខាង​ប្រាសាទព្រះវិហារ មានព្រះសង្ឃ អាចារ្យ និងដូនជី ដោយធ្វើការផ្លោះរបងចូលមកស្នាក់នៅក្នុងវត្តកែវសិ​ក្ខា​​គីរីស្វារៈ។ គួររំឭកផងដែរថា មុនពេលមានព្រឹត្តិការណ៍វឹកវរកើតឡើង រាល់ការឡើងមកទស្សនាប្រាសាទព្រះវិហារ ភ្ញៀវទេសចរណ៍ទាំងអស់ត្រូវចូលតាមច្រកពីប្រទេសថៃ ព្រោះមានជម្រាលផ្លូវឡើងទាប ក្រាលកៅស៊ូរលោងស្អាត ហើយចម្ងាយពីរបងព្រំដែនប្រមាណជាងមួយរយម៉ែត្រប៉ុណ្ណោះ នឹងដល់កាំជណ្ដើរ​​ឡើងប្រសាទតែម្ដង មិនពិបាកក្នុងការឡើង​ដូចខាងដីខ្មែរយើងឡើយ ដែល​មានចំ​ណោត​ខ្លាំង និងផ្លូវពិបាកឡើង (ទើបនឹងធ្វើការកសាងនៅវេលាខាងក្រោយនេះទេ) ។ ក្រោយថ្ងៃ ១៥កក្កដា ២០០៨ ផ្លូវចូលពីខាងសៀម ត្រូវបានភាគីខ្មែរយកបន្លាលួសព័ទ្ធជាច្រើនជាន់ បិទលែងឱ្យចូលបានតទៅទៀត​រហូតមកទល់បច្ចុប្បន្ននេះ សព្វថ្ងៃប្រសិនបើមានភ្ញៀវទេសចរណ៍មកពីខាងទឹកដីសៀម អាជ្ញាធរអប្សរាតម្រូវឱ្យនាំចូលតាមច្រកនៃប្រទេសកម្ពុជាវិញ ។
            នៅយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហានឈុតខ្មៅថៃប្រមាណ​ជា ៤០នាក់ បានសម្រុកចូលទឹកដីកម្ពុជាដោយខុសច្បាប់ នៅត្រង់ចំណុចវត្ត កែវសិក្ខាគិរីស្វារៈ ហើយក៏បានក្លាយជាប្រធានបទក្ដៅ បង្កឱ្យមានការវិវាទប្រឈមមុខដាក់គ្នា បង្កើតបានទៅជាឮសង្គ្រាមរវាងកម្ពុជា-ថៃ នាពេលខាងក្រោយមកទៀត ។
            កត្ដាទាំងអស់ខាងលើនេះហើយ ដែលជម្រុញឱ្យភាគីកម្ពុជាធ្វើការបញ្ជូនកងទ័ព គ្រឿងចក្រ សម្ភារៈសឹក អាវុធយុទ្ធោបករណ៍ដ៏សន្ធឹកសន្ធាប់ ទៅកាន់តំបន់ប្រាសាទព្រះវិហារ ។ បញ្ជាការដ្ឋានអង្គរក្ស ក៏ទទួលបានបទបញ្ជាពី សម្ដេច​​តេជោសែន ឱ្យនាំកម្លាំងមួយផ្នែក ចេញទៅកាន់គោលដៅផងដែរ និងដឹក​នាំ​បញ្ជាដោយផ្ទាល់ ពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា​ការ បញ្ជា​ការដ្ឋានអង្គរក្ស ។
            ចាប់តាំងពីកងទ័ពសៀម ចូលទន្ទ្រានទឹកដីខ្មែរនាព្រំដែនប្រាសាទព្រះវិហារ ខែកក្កដា ឆ្នាំ២០០៨ មក ក៏ធ្លាប់មានការវាយប្រយុទ្ធគ្នាចំនួនពីរលើកមកហើយដែរ គ្រាន់តែមិនមានលក្ខណៈទ្រង់ទ្រាយធំ ដូចការប្រយុទ្ធលើកទីបី (៤-៦ កុម្ភៈ ២០១១) នេះ ។
           



បន្ទាយថ្មី

            ក្រោយពីការធ្វើដំណើរ អស់រយៈពេលជិតពីរយប់ពីរថ្ងៃ ចេញពីទីបញ្ជា​ការ​​ដ្ឋាន​​អង្គរក្ស ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល (បន្ទាយទួលក្រសាំង) ពួកយើងដែលជានាយពលទាហាន មានឈ្មោះក្នុងបញ្ជីបេសកកម្មនៅសមរភូមិមុខ បានមកដល់ទីទួល ៩៥ ដែលស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិ​ហារ និងមានចម្ងាយប្រមាណជាជាងដប់គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។ ប្រ​សិន​បើសព្វ​​ថ្ងៃវិញប្រើពេលត្រឹមតែ ៧-៨ ម៉ោងប៉ុណ្ណោះ នឹងទៅដល់ជាក់ជាមិនខានប៉ុន្តែ​កាលណោះមិនទាន់(សាងសង់) មានផ្លូវក្រាលកៅស៊ូរលោងស្អាតដូចពេល​ឥឡូវនេះទេ ផ្លូវចេញពីខេត្តកំពង់ធំទៅទីរួមខេត្តព្រះវិហារ និងបន្តទៅប្រាសាទព្រះ​វិហារ អន្លើខ្លះគឺជាផ្លូវរទេះគោនៅឡើយ។ ក្បួនដំណើររបស់ពួកយើងដែលប្រើគ្រឿង​ចក្រប្រភេទស្រាល ត្រូវទៅតាមផ្លូវជាតិលេខ៦ កាត់ក្រុងសៀមរាប បង្ហួសឆ្លងតាមស្រុក​អន្លង់វែង រួចឆ្ពោះទៅស្រអែម និងប្រាសាទព្រះវិហារ។
            ទីតាំងថ្មីនេះជាតំបន់ព្រៃ និងសម្បូរទៅដោយគ្រាប់មីន ដែលបន្សល់ទុក​ពីសម័យសង្គ្រាម រវាងខ្មែរនឹងខ្មែរ(ខ្មែរក្រហម)មកម៉្លេះ។ ដូច​នេះជំហានដំបូង ត្រូប្រើប្រាស់កម្លាំងវរៈសេនាតូច ២៤៦ ដឹកនាំដោយឧត្ដមសេ​នីយ៍​ឯក ស៊ឹម សុទ្ធ (រហស្សនាមវិទ្យុទាក់ទង អគ្គិនេត្រ) ដែលមានជំនាញលើផ្នែកគ្រឿងផ្ទុះ ធ្វើ​ការរាវរុករក និងបោសសម្អាតទីតាំងដែលត្រូវឈរជើង។ រួចរាល់ហើយ ពួកយើង​​ចាប់ផ្ដើមត្រួសត្រាយឱ្យស្រឡះ ដើម្បីបោះតង់សង់ជាជំរុំជម្រកស្នាក់នៅ។          ក្រុម​របស់ពួកខ្ញុំ ទទួលបានបទបញ្ជាឱ្យបោះជំរុំនៅខាងក្រោយ ផ្នែកខាងឆ្វេង​ជំរុំតង់ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជា​ការ ដែលដឹកនាំបញ្ជាផ្ទាល់ដោយឧត្ដមសេនីយ៍ត្រី មាស ស៊ីថុន និងឧត្ដមសេ​​​​​​នីយ៍​ត្រី យិន ហេង
            ពួកយើងទទួលបានរបបផ្គត់ផ្គង់ រួមមានគ្រឿងហូបចុកសម្លៀក​បំពាក់ ស្បែក​​ជើង អាវភ្លៀង អាវរងា អង្រឹង និងប៉ាវអ៊ីតូចៗ សម្រាប់ដេកផងដែរ។ ទីនោះក្រៅពីគ្រាប់មីនដែលយើងត្រូវបារម្ភ ពស់​​ពព្លាក់មានពិសកាចសាហាវ ក៏វាសម្បូរច្រើនណាស់ដែរ ជួនកាលពួកវាលូនចូល​ក្នុងរមូកន្ទេល ភួយ មុង ជាដើម ហើយដែលជួបគ្រោះថ្នាក់ញឹកញាប់នោះគឺ វាចូលក្នុងស្បែកជើងកវែង (ស្បែក​ជើងទាហាន) ឬវាលូនចូលក្នុងសាក់កាដូ(បាឡូ)ខោអាវ នៅពេលទាហានលូក​ជើងចូលច្រកស្បែកជើង ឬលូកដៃចូលទៅយករបស់របរប្រើប្រាស់ពីក្នុងបាឡូពស់វាចឹកប៉ូកតែម្ដង ទាហានទទួលរងគ្រោះដោយសារពសស់ចឹក មានចំនួនមិន​តិចតួចដែរទេ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ព្រោះ​យើងមានគ្រូពេទ្យប្រចាំការ និងមានថ្នាំចាក់ការពារពិសពស់ផងដែរ។
            វេលាឆ្នាំដំបូងដែលពួកយើងទៅដល់ អាកាសធាតុអាក្រក់ណាស់ ពេលខ្លះត្រជាក់ធ្លាក់ចុះដល់កម្រិត ១០អង្សាសេក៏មាន។ អ្នកដែលពូកែទ្រាំនឹងអា​កាស​ធាតុ​ត្រជាក់បែបណា ​ក៏ត្រូវមុជទឹកឱ្យបានមុនម៉ោង ៣រសៀលដែរ បើពុំដូច្នោះទេនឹងត្រជាក់លែងហ៊ាន​មុជមិនខាន។ ទឹកដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ត្រូវ​​បោះបង្គោលបួនជ្រុងចងតង់កៅស៊ូជាថ្នក់ រួចចាក់ទឹកចូលក្នុងនោះ ហើយទឹកត្រូវបានដឹកតាមរថយន្តពន្លត់អគ្គិភ័យ​ យកពីស្រះធំមួយស្ថិតនៅភូមិស្វាយជ្រុំ ជាប់​​ជើងភ្នំប្រសាទព្រះវិហារ។ ឯក្រុមទាហានឈរជើងប្រចាំការលើកំពូលភ្នំ​ប្រាសាទព្រះវិហារ គ្នារឹតតែយ៉ាប់​ជាងនេះទៀតព្រោះថា ឱ្យតែដល់វេលាល្ងាច
បន្តិច ត្រជាក់ផងខ្យល់បក់ខ្លាំងផង សូម្បីតែដាំបាយក៏វាមិនងាយស្រួលដែរ។
            កងកម្លាំងប្រដាប់អាវុធរបស់បញ្ជារដ្ឋានអង្គរក្ស ដាក់ពង្រាយទីតាំងនៅ​តាមបណ្ដោយផ្លូវ ចាប់ពីសារមន្ទីរសម្ដេចតេជោ (រូបសំណាកតាឌី) រហូតដល់​ដល់លើកំពូលភ្នំប្រាសាទព្រះវិហារតែម្ដង។ ទីបញ្ជាធំនៅទួល ៩៥ និងទីបញ្ជា​ការ​ស្រាលនៅស្វាយជ្រុំ ដែលមានលោកឧត្ដមសេនីយ៍ឯក អ៊ុង សារិទ្ធ (រហស្ស​​នាមវិទ្យុទាក់ទង ពល២) ជាអ្នកគ្រប់គ្រងបញ្ជាផ្ទាល់។ ក្រោយមក ក៏បង្កើតទីតាំងថ្មីមួយទៀតនៅតំបន់ ពាក់ស្បែក ជាកន្លែងទុកដាក់គ្រឿងចក្រ និងយុទ្ធោ​បករណ៍ទំនើបផងរួម​មានកាំភ្លើងធំ និងកាណុងហ្វូង BM21 ជាដើម ក្រោមការគ្រប់គ្រងបញ្ជាផ្ទាល់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌៀង សារុន (រហស្សនាមក្នុងវិទ្យុទាក់ទង ជើង​ឯក) មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទីតាំងថ្មីនេះស្ថិត​នៅ​ក្បែរកងពលធំអន្តរាគមន៍លេខ ៣ របស់លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក
            ដំបូងឡើយ ពួកយើងម្នាក់ៗមានការបារម្ភខ្លះៗដែរ ព្រោះថាកាលពីមុន​ធ្លាប់តែចូលសមរភូមិប្រយុទ្ធក្នុងស្រុកប៉ុណ្ណោះ(ជាមួយពួកខ្មែរក្រហម) តែ​​ពេល​នេះ​ត្រូវប្រយុទ្ធតតាំងជាមួយប្រទេសដទៃ ហើយជាប្រទេសអ្នកមាន សូម្បីកម្លាំង​ទ័ពក៏យើងមានតិចជាងគេដែរ ហេតុនេះហើយតែងមានពាក្យថាស្រ​មោច​​​​ត​ទល់ជាមួយសត្វដំរី ប៉ុន្តែក្រោយមក ពួកយើងហាក់ធម្មតា គ្មានចិត្តនឹកខ្លាចរអាអ្វីទាំង​អស់ ហើយបែរជាសប្បាយចិត្តទៅវិញព្រោះគិតថា ពួកយើងមានមោ​ទនភាពណាស់ ដោយសារលើកនេះជាសង្គ្រាមការពារជាតិ បូរណភាពទឹកដី ការពារ​កេរមត៌ក​វប្ប​​ធម៌របស់ដូនតា និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ធ្វើសង្គ្រាមជាមួយសត្រូវប្រទេសដទៃ ដែលមានបំ​ណងប៉ងចូលឈ្លាន​ពានទឹកដីរបស់​ខ្មែរយើង។ ពួកយើងមិនបានគិតពីជីវិតខ្លួនឯងទៀតឡើយ ព្រោះយើងបានសច្ចាគ្រប់ៗគ្នា​ហើយថា នឹងលះបង់សាច់ ឈាម និងជីវិតជូនជាតិមាតុភូមិរួចទៅហើយ។

ដំណើរវិវឌ្ឍឈានទៅរកសង្គ្រាម

            ចាប់តាំងពីខែមករា ឆ្នាំ២០១១មក ស្ថានការណ៍កាន់តែមានសភាពតាន​តឹង​ឡើងជាលំដាប់​ នៅតំបន់ប្រាសាទព្រះវិហារ រវាងកម្ពុជាជាមួយថៃ ដែលទើប​តែនឹងមានប្រក្រតីភាពនឹងគ្នាឡើងវិញបានមិនដល់មួយខែផងទេ ។ ថ្ងៃទី២៧​មករា ខ្ញុំបានធ្វើដំណើរត្រឡប់ទៅកាន់សមរភូមិទិសទី១ ប្រា​​​​​សាទ​​​​​​​​​​ព្រះវិហារវិញ បន្ទាប់ពីការសម្រាក​​ជាមួយក្រុមគ្រួសារនៅឯក្រុងតាខ្មៅបានពីរយប់ ។ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ លោកបានអញ្ជើញត្រឡប់ទៅវិញតាមឧទ្ធម្ភាកចក្រតាំងពីថ្ងៃទី២៥
 មករា បន្ទាប់ពីបំពេញបេសកកម្មនៅតាមខេត្តនានា 
            ការបញ្ជូនកងទ័ព រថក្រោះ រថពាសដែក និងអាវុធគ្រាប់រំសេវ​ ទៅដាក់ពង្រាយនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ក៏មានជាបន្តបន្ទាប់។ ទាំង​នេះ វាផ្តើមចេញមកពីភាគីថៃ បានធ្វើការដឹកជញ្ជូនអាវុធតូចធំ រថក្រោះ យន្តហោះប្រតិកម្ម និងកងទ័ពដ៏ច្រើនលើសលប់ មកដាក់ពង្រាយនៅតាមបណ្ដោយព្រំដែន​ជាប់ប្រទេសកម្ពុជា ពិសេសនៅតំបន់ប្រា​សាទព្រះវិហារ ដោយសំអាងលេស​ថាធ្វើសមយុទ្ធ « ពស់វែកមាស ២០១១ » ។ គោលដៅពិតប្រា​កដ​របស់សៀម គឺវាយយកតំបន់សំខាន់ៗដូចជា វត្តកែវសិក្ខាគីរីស្វារៈ ដែលពួកគេចាត់ទុកជាតំបន់ផែនទីត្រួតស៊ីគ្នា ចំណុច ៥មករា ភ្នំទ្រព្យ តាសឹម និងចាក់​ច្រែង ។
            ដោយមើលឃើញសភាពការណ៍បែបនេះ ខាងភាគីកម្ពុជានិយាយ​ដោយឡែក​បញ្ជា​ការដ្ឋានអង្គរក្ស ក៏បានទទួលបទបញ្ជាឱ្យបញ្ជូនកម្លាំងបន្ថែម អាវុធគ្រប់ធុន រថក្រោះ រថពាសដែក និងកាណុងហ្វូងអាវុធគាំទ្រ (BM21) ទៅដាក់ពង្រាយចាប់ពីរយៈចម្ងាយម្ភៃគីឡូម៉ែត្រ រហូតដល់ចង្កេះភ្នំជើងប្រាសាទ ក្រោមការគ្រប់គ្រង និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ..ម និងជាមេបញ្ជា​ការ បញ្ជាការដ្ឋានអង្គរក្ស ។
            នាយឧត្ដមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការ មេ​​បញ្ជាការរងទាំងអស់ និងរៀបចំក្បួនយុទ្ធសាស្ត្រសង្គ្រាមយ៉ាងហ្មត់​ចត់ ត្រឹមត្រូវច្បាស់លាស់ ពោរពេញទៅដោយបទពិ​សោ​ធន៍ខ្ពស់​ ​។ កម្លាំងអង្គរក្ស​ នាពេលកន្លងមកភាគច្រើនប្រមូលផ្តុំនៅក្នុងទីបញ្ជា​ការដ្ឋានទូល៩៥ ឬចំបក់មាស ពេលនេះឯកឧត្តមមេបញ្ជាការ បាន​​​​បញ្ជាឱ្យពង្រាយកម្លាំង ចល័ត​ទៅគ្រប់គោលដៅសំខាន់ៗ​ រហូតដល់លើកំពូលភ្នំទ្រព្យ ដើម្បី​រួម​សហ​​ការ​ជា​មួយ​កងពលអន្តរាគមន៍តូច-ធំ និងកម្លាំងនគរ​​​​​​​​​​​បាល​​​​ការ​​ពារ​ព្រំ​ដែន ដែលឈរ​ជើងនៅទីនោះ 
            រថក្រោះ T85 ដែលបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិធំតូច និងគ្រាប់រំសេវមួយចំនួនធំ ត្រូវបានប្រមូលផ្តុំនៅក្នុងវត្តស្វាយជ្រុំ ចម្ងាយប្រមាណជា ៥.ម ពីភ្នំខ្មោចឬភ្នំប្រាំរយ ដែលជាទីតាំងឈរជើងដ៏សំខាន់មួយរបស់សៀម រថពាសដែក ក៏ត្រូវបានប្រមូលផ្តុំនៅក្នុងទីបញ្ជាការធំ​ ។ កាណុងហ្វូង ឬអាវុធគាំទ្រ (BM21) បានដាក់ពង្រាយតាមគោលដៅរៀងៗខ្លួន ក្រោមការបញ្ជារួមពីឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ និងគ្រប់គ្រងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់លើផ្នែកអាវុធទាំងអស់នេះ​ ។ កម្លាំង​កងអង្គរក្ស បានត្រៀមលក្ខណៈសម្បត្តិរូចជាស្រេច ទៅតាមចំណុចសំខាន់ៗ ក្នុង​ស្មារតីប្រុងប្រយ័ត្ ត្រៀមប្រ​យុទ្ធ​លើចំណុចខ្ពស់បំផុត ទាំងក្រុមអ្នកជំនាញប្រើប្រាស់អាវុធកម្ទេចយន្តហោះចម្បាំង (គ្រាប់ប្រដេញយន្តហោះ) ក៏បានត្រៀមរួចរាល់មកហើយដែរ រង់ចាំតែបទបញ្ជាបាញ់ទម្លាក់យន្តហោះរបស់​​សៀមតែប៉ុណ្ណោះ ។
            ប្រជាពលរដ្ឋខ្មែរនៅតំបន់ជិតព្រំដែនរួមមាន តំបន់គ១ និងតំបន់ស្វាយជ្រុំជាដើម ត្រូវបានក្រុមការងារថ្នាក់ជាតិ ទីស្ដីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្ដម សួស យ៉ារ៉ា ក្រោមកិច្ចគាំទ្រទាំងកម្លាំង និង​រថយន្តធុនធំរបស់បញ្ជាការដ្ឋានអង្គរក្ស បានធ្វើការដឹកជញ្ជូនជម្លៀសចេញពីស្វាយជ្រំ គ១ និងតំបន់នានាដែលនៅស្ថិតនក្បែរតំបន់វាយប្រយុទ្ធគ្នា ទៅកាន់ទីតាំងសុវត្ថិភាព ដែលបានរៀបចំរួចជាស្រេចនៅឯស្ពានតាកឹង ស្រុកគូលែន ខេតុ្តព្រះវិហារ ដែលមាន​​ប្រជា​​ពល​រដ្ឋ​ជាជនភៀស​សឹក​ចំនួន​ ១៣ ០០០ ​នាក់​។​
            ហេតុការណ៍នៅតំបន់ប្រាសាទព្រះវិហារ កាន់តែមានសភាពច្រួលច្រាល​​ពីមួយថ្ងៃទៅមួយថ្ងៃ ។ កត្តាទាំងអស់នេះ ក៏បណ្តាល​ម​កពីភាគីខាងសៀម​ជាអ្នក​បង្កឡើង ។ សៀមបានស្នើឱ្យកម្ពុជារុះរើ (វាយកម្ទេច) ផ្ទាំងសិលា ដែលកម្ពុជាបានប្រតិដ្ឋឡើង នៅក្នុងវត្តកែវសិក្ខាគីរីស្វារៈ ដោយមាន​សសេរជាអក្សរថាៈ «ទី​នេះ​!​ ជា​កន្លែងដែលទ័ពសៀម ចូលឈ្លានពានទឹកដីកម្ពុជា ពីថ្ងៃទី ១៥ កក្កដា ២០០៨ និងដកទៅវិញនៅថ្ងៃទី ១ ធ្នូ ២០១០» ។ ថ្ងៃទី ២៦កុម្ភៈ កម្ពុជាក៏បានយល់ព្រមរុះរើចេញ តែជំនួសដោយការដាក់ទង់ជាតិខ្មែរវិញ ។ នៅល្ងាចថ្ងៃ ២៧កុម្ភៈ នាយករដ្ឋមន្ត្រីសៀម អាភិស៊ីត វិឆាជីវ៉ា បានបញ្ជាឱ្យកម្ពុជាដកទង់ជាតិខ្មែរចេញពីវត្តទៀត ដោយគម្រាមប្រើកម្លាំងយោធាដើម្បី​នឹងធ្វើសង្គ្រាម ។
            ម្តងនេះ មិនដូចជាការស្នើលើកមុននោះទេ កម្ពុជាមិនធ្វើតាមភាគីសៀមជាដាច់ខាត ព្រោះអីវត្តកែវសិក្ខាគីរីស្វារៈ បាន​​​ កសាងតាំងពីឆ្នាំ ១៩៩៨ នៅមុនពេលមានអនុញ្ញាយោគយល់គ្នា (MOU) បានន័យថាទាំងទីកន្លែងទាំងវត្ត ឋិតនៅក្នុងដែនអធិ​ប​​តេយ្យភាពរបស់ខ្មែរ ហើយការដែលដាក់ទង់ជាតិខ្មែរនៅក្នុងវត្តរបស់ខ្មែរ វាជារឿងស្រប​ច្បាប់ រាល់ការប៉ុងប៉ងចង់រំលាយវត្ត ឬក៏ដកទង់ជាតិ​ខ្មែរចេញនោះ មិនអាចធ្វើទៅរួចបានឡើយ ។ កងទ័ពកម្ពុជា​​ត្រៀមស្វា​គមន៍​ជានិច្ច ប្រសិនបើសៀមហ៊ានចូលមកដកទង់ជាតិ ឬក៏ឆ្លងចូលក្នុងទឹកដីកម្ពុជាត្រឹមតែមួយមីល្លីម៉ែត្រនឹងត្រូវកម្ទេចភ្លាម! ។ អាប់ភិស៊ីត កាន់​តែក្រពុលមុខ ព្រោះ​បំណងរបស់ខ្លួនមិនបានសម្រេច ឯក្រុមអាវលឿងវង្វេងប្រវត្តិសាស្ត្រ (និង​​អ្នកបញ្ជាពីខាងលើ) ទាំងក្រុមដែលបានលើកបន្តុបខ្លួនឱ្យក្លាយជានាយករដ្ឋ​​ឮមន្ត្រីថៃ ក៏កំពុងរករឿងគ្មានពេលល្ហែដែរ ។
          កងទ័ពកម្ពុជាពិសេសកងអង្គរក្ស ទឹកចិត្តពុះកញ្ជ្រោល ក្លា​ហាន មោះ​មុត ត្រៀមប្រយុទ្ធជានិច្ច គ្មានចិត្តគេចកែឡើយ ក្រោមការបញ្ជា និងមើលថែ លើកទឹកចិត្ត ប្រកបដោយព្រហ្មវិហារធម៌ពីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបេះដូងក្រហមឆ្អៅ ដែលយើងខ្ញុំទាំងអស់គ្នាជាកូនចៅក្រោមឱវាទ តែងនិយាយគ្រប់មាត់​ថា​ ស្ទើរតែមិនអាចរកមេបញ្ជាការឯណា ឱ្យបានដូចរូបលោកឡើយ​ មិនត្រឹមតែជាមេបញ្ជាការដ៏ល្អមួយរូបប៉ុណ្ណោះទេ លោកប្រៀប​​​ដូច​ជាឪពុកម្តាយទីពីរ ដែលផ្តល់ភាពកក់ក្តៅដល់យើងកូនចៅទាំងអស់គ្នាផងដែរ ។
            ចូលដល់ខែកុម្ភៈ បរិយាកាសនយោបាយកាន់តែអ័ព្វអួរ ។ ការប្រកាសអាសន្ន ប្រជុំជួរទ័ព ផ្គុំអាវុធ ត្រូវបានធ្វើជាប្រចាំគ្រប់ពេលវេលា​ នៅក្នុងទីបញ្ជាការ និងតាមបណ្តាកងអនុសេនាធំ​នា​នា ត្រៀមប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពាន មិនឱ្យពួកវារំលោចូល​ក្នុងទឹកដីកម្ពុជា ពិសេសប្រាង្គប្រាសាទ​ព្រះ​វិហារ​​ កេរតំណែលវប្បធម៌ ជាស្នាដៃបុព្វបុរសខ្មែរបានជាដាច់ខាត ។
            ថ្ងៃទី២ ទី៣ និងទី៤ ខែកុម្ភៈ សភាពការណ៍ទុំជោរ ពួកសៀមកាន់តែស្រេកឃ្លាននូវការឈ្លានពានទឹកដីកម្ពុជា ពួកវារំកិលខ្លួនចូលមកកៀកជាបណ្តើរៗ ។ កងយោធពលខេមរភូមិន្ទ នៅតែអត់ធ្មត់ជានិច្ច មិនបំផ្ទុះអាវុធឡើយ ដោយគោរពតាមបទបញ្ជា  ដ៏មានប្រសិទ្ធភាព របស់សម្ដេចតេជោ​នាយករដ្ឋ​​​   មន្ត្រី នាយឧត្តម​សេនីយ៍​ផ្កាយមាស ៥ ផុតលេខ ហ៊ុន សែន (ព្រះឥន្ទ) ។
      
















សភាពការណ៍ទុំជោរ

ថ្ងៃទី  កុម្ភៈ ឆ្នាំ ២០១១

            វេលាម៉ោងប្រមាណជា ២ និង ៤០នាទីរសៀល ទ័ពសៀមនៅតែគ​ឃ្លើន​ ដើរចូលដល់គំនូសហាមឃាត់ ដោយបញ្ចោញកាយវិការបញ្ឈឺឌឺដងដាក់កងទ័ពកម្ពុជា បើទោះជាមានការស្រែកហាម​ឃាត់ ​មិនឱ្យពួកគេដើរចូលទៀតក៏ដោយ ថែមទាំងបានបាញ់សំដៅមកលើកងទ័ពជួរមុខរបស់យើងទៀតផង។ ភឹងភឹង! សំឡេងគ្រាប់​​កាំភ្លើងបេ៤០ និងអាវុធផ្សេងៗទៀត ធ្វើការបាញ់សងត្រឡប់ទៅវិញ បញ្ចប់ដំណើររុលចូលរបស់ពួកសៀមឱ្យងាប់ និងរបួសយ៉ាងទម្ងន់មួយរំពេច ឯអ្នកនៅរស់ខំប្រវេប្រវាររត់រកលេណ​ដ្ឋាន (ត្រង់​សេ) ដើម្បីការពារជីវិត និងបាញ់តបតវិញ ដោយមានការជួយអន្តរាគន៍ពីកងទ័ពពួកគេនៅខ្សែត្រៀមខាងក្រោយ ។ សង្គ្រាមបានផ្ទុះឡើង​​​នៅវេលា ម៉ោង ១៤ និង ៤៨ នាទីរសៀល ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១១
            « ឱ្យបងប្អូនយើងត្រៀមឱ្យបានរួចរាល់ ហើយទៅក្បែលេណ​ដ្ឋានទាំងអស់គ្នា! ឆាប់ឡើងៗ! » នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍មេបញ្ជា​ការ ដែលបានស្រែកបញ្ជាតាមវិទ្យុទាក់ទង (អាយកូម) ។ គ្រប់កងទាំងអស់ បានអនុវត្តគោរពតាមបទបញ្ជា ។ ស្នូរគ្រាប់កាំភ្លើងគ្រប់ប្រភេទ លាន់ឮទ្រហឹងអឺង​អាប់ នៅខ្សែប្រយុទ្ធជួរមុខ ។ ក្ឌាំងៗ ! ជាគ្រាប់កាំភ្លើងធំ ១០០មម « ឆាប់ឱ្យបងប្អូនចូលក្នុងលេណដ្ឋានភ្លាម! ឱ្យឆាប់ឡើង! ពួកវាលេងអាដៃវែងហើយ! » (ដៃវែង គឺសំដៅទៅលើប្រភេទកាំភ្លើងធំ) នេះជាបទបញ្ជាម្ដងទៀត របស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ។ ទទួលបទបញ្ជាភ្លាម មិនបង្អង់យូរក្រុម​​របស់ខ្ញុំដែលមានក្រវាត់ទូស្សៀ កាំភ្លើង គ្រាប់ បាឡូនៅនឹងខ្លួនរួចស្រេចហើយនោះ បានបែងចែកកម្លាំងចល័តជាពីរគោលដៅ, ទីមួយគឺនៅក្បែរមន្ទីរសេនាធិការ និងឃ្លាំងស្បៀងដែលមានលោកឧត្ដមសេនីយ៍ត្រី មាស ស៊ីថុន លោកឧត្ដមសេនីយ៍ត្រី យិន ហេង (កាលនោះនៅជាវរសេនីយ៍​ឯក),.ឯក អ៊ី ថាវរី,.ទោ ផូ ចាន់ថន,.ទោ ម៉ម សារ៉ាត់, វ.ទោ អៀម ចន្ថា,.ត្រី ស៊ុំ ផាន់ណុល, វ.ត្រី មាស គ្រឿន, រីឯគោលដៅរបស់ខ្ញុំ គឺនៅក្បែរស្នងការដ្ឋានឃោសនា-ព័ត៌​មានចម្ងាយ​ ១០០ ម៉ែត្រ ពីខាងមុខកាណុង BM21 ដាក់លើរថយន្តពីរគ្រឿង​ដែលច្រកគ្រាប់រួចជាស្រេច រង់ចាំតែបទបញ្ជាបាញ់កម្ទេចគោល​ដៅបច្ចាមិត្តប៉ុណ្ណោះ ។ ក្នុងលេណដ្ឋានខ្ញុំ ​ មានបងប្អូនរួមអាវុធដូចជា លោកឧត្ដមសេនីយ៍ ប៉ា ថន, ​​  វ.ឯក រត្ន័ន៍ សេនា (រូបខ្ញុំ),.ទោ ឆែម សុខឿន,.ទោ ម៉ម គឹមយាង,.ត្រី ធូ សំណាង,.ទោ ព្រហ្ម ធី,.ឯក ឃឹម សាម៉ាច,.ឯក ដូត ណារី,.ឯក ធឿន សុគន្ធារី,.ឯក យ៉ាន់ ភិរម្យ,.ឯក សឿន សុភ័ក្រ  រួមទាំងប្រពន្ធ​​ និងកូននាយទាហានពីរបីនាក់ទៀត ។
            តាមវិទ្យុទាក់ទង ឮសេចក្តីរាយការណ៍មកថា មានការផ្លោងគ្រាប់ ១០០មម, ១៣០មម, ១៥៥មម, ចូលក្នុងបរិវេណប្រាសាទព្រះវិហារ និងមួយផ្នែកទៀត វាផ្លោងសង្គ្រប់ខ្លាំងទៅគោលដៅស្លាប​ឆ្វេងភ្នំទ្រព្យ ដែលជាទិសដៅរបស់លោកឧត្ដមសេនីយ៍ឯក យង់ សារិទ្ធ (នាមក្នុងវិទ្យុទាក់ទងចតុម្មុខ)មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស សហការគាំទ្រឱ្យវរសេនាតូចលេខ ៣៨២ ដឹកនាំដោយឧត្ដមសេនីយ៍ «ការ៉េ ២» (នាមវិទ្យុទាក់ទង) ស្ថិតក្នុងកងពលតូចលេខ ៨ ចំណុះឱ្យកងពលធំលេខ ៣ របស់ឧត្ដមសេនីយ៍ឯក ស្រី ឌឹក  
            បន្តិចក្រោយមក មានសំឡេងសុំការគាំទ្រពីទិសភ្នំទ្រព្យ ព្រោះថាសៀមវាយសម្រុកខ្លាំងសម្បើមណាស់ ។ ឆ្លើយតបទៅនឹងការស្នើសុំ នាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង បានបញ្ជាទៅឧត្តមសេនីយ៍ឯក ឌៀង សារុន (នាមក្នុអាយកូមហៅ ជើងឯក)មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងឧត្តមសេនីយ៍ឯក យ៉ាត រិទ្ធ (នាមវិទ្យុទាក់ទងហៅ ថ្លែងសរ) ឱ្យបញ្ចោញ​គ្រាប់ BM21 ដែលបានត្រៀមរួចជាស្រេច ទៅតាមគោលដៅដែលបានសំណូមពរ ។ វឺបៗង៉ោកៗ ស្នូរគ្រាប់បេអឹមហោះចេញពីកាណុងទាំង ៤០ បានទៅដល់គោលដៅសុំឱ្យជួយអន្តរាគមន៍ ។    
            សំឡេងរាយការណ៍តាមវិទ្យុទាក់ទង របស់កម្លាំងជួរមុខភ្នំទ្រព្យ លាយនឹងសំណើចក្អាកក្អាយ «គោរព! សូមរាយការណ៍ជូនបង ចំគោលដៅល្អណាស់ អរគុណហើយ អរគុណហើយ..!»
            ជាបន្តបន្ទាប់ គ្រាប់BM បានហោះទៅកាន់គោលដៅសុំជំ​នួយ​ក្រោមការបញ្ជាបាញ់យ៉ាងហ្មឺងម៉ាត់ អង់អាច និងមានជំនឿចិត្តពីឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការអង្គរក្ស ដោយមានរាយការណ៍មកវិញជាហូរហែថាចំៗគោលដៅល្អណាស់ ដែលសូម្បីតែឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ជា តារា (នាមវិទ្យុទាក់​ទង ឃុងឆាង) និងនាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានវត្តមាននៅពយតាឌី ក៏មានការសប្បាយ​ចិត្តយ៉ាង​ខ្លាំង «អាឡូអង្គុលីមារៗ ​​(នាមវិទ្យុទាក់ទងរបស់​ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង) ​ចំល្អណាស់ៗ អរគុណហើយ តើវា​ប៉ុន្មានមាសមេ​​ អរ​គុណៗកាំអឺងៗ» (ក្នុងការទាក់ទងគ្នាតាមវិទ្យុ ក៏មានទាំងការប្រើ​​​​​ប្រាស់ភាសាវៀតណាមផងដែរ ដើម្បីបំភ័ន្តសត្រូវ ព្រោះពួកគេចាប់ប្រេកង់អាយកូមរបស់យើងបាន ដែលធ្វើឱ្យ​មានមតិមួយចំនួនយល់ច្រឡំថា មានកងទ័ពវៀតណាមចូលរួមនៅក្នុងសង្គ្រាមលើក​នេះដែរ) ។
     ម៉ោង ៣ និង ២៧ នាទីរសៀល គោលដៅ BM2 ទី១១,១២ និងទី១០ បានធ្វើការបាញ់រួចរាល់ ឯកឧត្តម​​នាយឧត្តម​​​សេនីយ៍​​​មេបញ្ជា​ការ​ បានបញ្ជាឱ្យ​ចល័ត​​ទៅគោលដៅទី២ យ៉ាងរហ័សរហួនបំ​​ផុត រួច​លាប​​​ប្រេងជូតសម្អាតកាណុង និងច្រកគ្រាប់សាជាថ្មីត្រៀមបាញ់គាំទ្រលើកទី២ជាបន្តទៀត។ ជាការឈ្លាស​វៃរបស់នាយឧត្ដមសេនីយ៍មេបញ្ជាការ ដែលបញ្ជារថយន្តផ្ទុកអាវុធ BM ទាំងអស់ចេញពីគោលដៅចាស់ភ្លាមៗ បន្ទាប់ពីបាញ់រួច ព្រោះថាសត្រូវនឹងចាប់បានទីតាំងនេះ ហើយធ្វើការបាញ់ផ្លោងមកកម្ទេចវិញមិនខាន ជាក់ស្ដែងទីតាំងចាស់ទាំងអស់ដែលដាក់ BM សុទ្ធតែត្រូវបានសៀមផ្លោងទម្លាក់ចំៗគ្មានខុសឡើយ ប្រមាណជា ៥ទៅ១០ នាទីក្រោយពេលចល័តចេញផុត ។ សេចក្តី​រាយ​ការណ៍​មកថា នៅ​ខាង​មុខប្រាសាទមានសភាពស្ងប់ស្ងាត់បន្តិច ឯខាងប៉ែកភ្នំទ្រព្យ នៅមានការផ្លោងចូលមក​ដល់ខាងក្រោយ​​​ផ្នែកខាង​ឆ្វេង និងមានការបាញ់រប៉េះ​រប៉ោះនៅឡើយ នេះបើតាមសម្តីឧត្ដមសេនីយ៍ ចតុម្មុខ និងឧត្ដមសេនីយ៍ កងពេជ្រ  
            ដោយមានការធុញថប់នៅក្នុងលេណដ្ឋាន (ត្រង់សេ) ខ្ញុំនិងលោកឧត្ដមសេនីយ៍ ប៉ា ថន បានងើបចេញ​មក​​​​​​ក្រៅ​​​ដើម្បីក្តាប់សភាពការណ៍ ​​និងទៅជួបជជែកជាមួយលោកឧត្តមសេនីយ៍ ឡេង សំអឿន (នាមវិទ្យុទាក់ទង សរជ័យ)​ ដែល​កាន់កាប់កាណុងហ្វូង BM 21 គោលដៅខាងក្រោយលេណដ្ឋានរបស់ពួកខ្ញុំ ។ គាត់ (បងសរ​ជ័យ) បានសួរខ្ញុំថាៈ«យ៉ាង​ម៉េចដែរអាវ៉ែនតា សម្លេងគ្រាប់ BM21?»,«អូ!ពី​រោះ​​​​ណាស់បង!» (​ខ្ញុំបាន​ឆ្លើយ​​​​លេងសើចទៅគាត់វិញ) គាត់បានបន្ត​ទៀត​ថាៈ « ឯងចាំស្តាប់ BM21 រយៈចម្ងាយ ៤០គ.ម របស់យើងចេញម្តង រឹតតែពីរោះជាង​នេះទៀត តែនៅពេលមានបទបញ្ជាឱ្យបាញ់ ពួកឯងត្រូវចូលក្នុងលេណ​ដ្ឋានឱ្យអស់ »BM21 ដែលគ្រប់គ្រងដោយបងរជ័យ ចំណុចដែលត្រូវកម្ទេចគឺនៅម្ដុំផ្ទះ​ក្រហម​​​​​របស់សៀម ហើយក៏​ជាគោលដៅរបស់ពលតូចអន្តរាគមន៍​ឆត្រ័យោង ៩១១ ដឹកនាំដោយឧត្ដមសេ​នីយ៍ឯក ចាប ភក្តី
            បរិវេណប្រាសាទព្រះវិហារ ត្រូវទទួលរងនូវអំបែងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ សបញ្ជាក់ឱ្យឃើញថា សៀមមិនបានគោរពច្បាប់​ទម្លាប់​​​អ្វីទាល់តែសោះ ហើយជាបាបកម្ម ពួកគេទទួលបានមកវិញនូវគ្រាប់កាណុងហ្វូង BM21 យ៉ាងទន់ហន់បំផុត ដែលកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលយើងធ្វើការដឹកជញ្ជូនអាវុធ និងយុទ្ធោបករណ៍ទៅកាន់សមរភូមិ ពួកគេបានសើចចំអកឡកឡឺយ​ពោលឡែបខាយថា សុទ្ធតែជារបស់អេតចាយនោះ ពេលនេះបានហោះទៅ​កម្ទេច ធ្វើឱ្យពួកគេងាប់ និងរបួសជាច្រើននាក់គួរឱ្យអាសូរ (ស្រ​មោចតូចតាច អាចផ្តួលសត្វដំរី) ។
            ប្រមាណជាពីរម៉ោងក្រោយមក ឮសេចក្តីរាយការណ៍មកថា សៀមចង់ផ្អាកបាញ់ដើម្បីធ្វើការចរចាគ្នា ប៉ុន្តែពួកវានៅបន្តបាញ់​ផ្លោងដដែល ដូច្នេះភាគីកម្ពុជា ក៏មិនទាន់បញ្ឈប់សកម្មភាពប្រយុទ្ធនៅឡើយដែរ ព្រោះអាចជាល្បិចកលរបស់សៀមក៏ថាបាន ។ កន្លងមក ធ្លាប់មានការប៉ះទង្គិចគ្នាច្រើនដងមកហើយ ហើយនៅរាល់លើក ពេលដែលពួកគេទន់ដៃ តែងតែស្រែកថាឈប់បាញ់ដើម្បីធ្វើការចរចាគ្នា ។
            ម្តងនេះ ក៏គ្មានអ្វីខុសប្លែកពីលើកមុនៗដែរ មាត់ស្រែកថាចរចា ប៉ុន្តែកាំភ្លើងធំចាប់ប្រភេទពី ១០០មម ឡើងទៅរបស់ពួកវា កាន់តែបង្កើនការបាញ់ផ្លោងសង្គ្រប់មកលើកងកម្លាំងរបស់យើង និងបានផ្លោងចូលជ្រៅមកក្នុងទឹកដីកម្ពុជា រហូតដល់ទីប្រជុំជនផ្សារស្រអែម ភូមិធម្មជាតិសម្តេចតេជោ (ស្រះក្តុល), គ១ ពិសេសទីតាំងឈរជើង​ របស់នគរបាលការពារព្រំដែន ៥៩៤ និងទីបញ្ជាការស្រាល​បញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក អ៊ុង សារិទ្ធ (នាមវិទ្យុទាក់ទង ពល២) មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ក៏ត្រូវទទួលរងគ្រាប់កាំភ្លើងធំរាប់រយគ្រាប់ផងដែរ ។
            ម៉ោង ៣ និង ៤០ នាទីរសៀល ក្រុមការងារថ្នាក់ជាតិ បានធ្វើការស្នើសុំរថយន្តធំចំនួន ៤គ្រឿង ពីឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការអង្គរក្ស ដើម្បីធ្វើការដឹកជញ្ជូនប្រជាពល​រដ្ឋ ដែលរស់នៅតំបន់ស្វាយជ្រុំ ជន្លៀសពួកគាត់យកទៅកាន់ទីកន្លែងដែលមានសុវត្ថិ​ភាព ។
            មុខព្រួញសំខាន់ៗមួយចំនួន ដែលសត្រូវវាយសម្រុកខ្លាំងក្លា បាន​​​​​ហៅ​​ តាមវិទ្យុទាក់ទងមកសុំការគាំទ្រពីកាណុងហ្វូង BM21 ។ មិនបង្អង់យូរឡើយ សំឡេងបញ្ជារបស់នាយឧត្តមសេនីយ៍មេបញ្ជាការតាមវិទ្យុទាក់ទងបានលាន់ឮឡើង « ជើងឯកៗ!..ថ្លែងសរៗ! អឹម៩ អឹម១០-១១-អឹម៥ បាញ់!,អាម៉ាប់ៗ! អឹម៤ អឹម៥ បាញ់ទៅ ចាំអីទៀត, សរជ័យៗ អឹម៣ អឹម៤ បាញ់ទៅ!(គោរពតាមបញ្ជាបង! គោរពតាមបញ្ជាប៉ា!) ។ ចប់បញ្ជា និងការទទួលកាលណាហើយ សំឡេង និងពន្លឺសរព្រះឥន្ទ្រ (គ្រាប់BM21) ដែលព្រួសហោះចេញពីមាត់កាណុងទាំង ៤០ ក្នុងពេលតែមួយ បានហោះរំលងព្រៃព្រឹក្សាដងគីរីបព្វតា រួចឆ្លងដែនសីមាទៅជ្រែកហែក​កកាយ កម្ទេចទីតាំងនានារបស់ពួកបច្ចាមិត្ត ឱ្យវិនាសអន្តរាយខូចខាតទាំងបន្ទាយ អាវុធយុទ្ធភ័ណ្ឌ កងទ័ពស្លាប់និងរបួស ។ ព្រមជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាឱ្យកងរថក្រោះចល័តចេញ ដើម្បីបាញ់​​សង្គ្រប់បំបាក់ស្មារតីសត្រូវផងដែរ ។
            ឆាកប្រយុទ្ធនៅមានសភាពស្រូចស្រាល់នៅឡើយ ។ ដូចជារាងអផ្សុកបន្តិចហើយ ខ្ញុំក៏បបួលលោកឧត្ដមសេនីយ៍ ប៉ា ថន ងើបចេញពីលេណដ្ឋាន (ត្រង់សេ) ដើម្បីយកខ្យល់អាកាសស្រាប់តែ វ៉ឺ...ក្ឌាំង! គ្រាប់ផ្លោងហោះរំលងពីលើក្បាល ហួសទៅធ្លាក់ចំទីតាំងដាក់កាណុង BM21 បងសរជ័យ ដែលទើបនឹងចល័តចេញក្រោយពេលដែលបានបាញ់រួច ធ្វើពួកខ្ញុំទាំងពីរនាក់លោតយ៉ាងប្រ​ញាប់ប្រញាល់ចូលទៅក្នុងត្រង់សេវិញទាំងព្រលឹងចុងសក់ ហេតុការណ៍បែប​នេះ វាបានកើតឡើងពីរដង ។ នៅលើកទីបី ខ្ញុំក៏បបួលគាត់ (ប៉ា ថន) ចេញមកម្តងទៀតដោយប្រាប់គាត់ថា ខ្ញុំនឹងឡើងទៅកន្លែងដេករកអ្វីមកផឹកបន្តិច ។ ឃើញឱកាសល្អ ខ្ញុំរត់វឹងចូលទៅក្នុងអគារសម្រាក រកមើលមិនឃើញអ្វី ក្រៅពីស្រាបៀរបួនកំប៉ុងនៅក្រោមប៉ៅអ៊ីដេករបស់វ.ទោ ឆែម សុខឿន (ដាង) ខ្ញុំស្រវាបានស្រាបៀរ ហើយរត់សំដៅទៅត្រង់សេវិញ ស្រាប់លាន់សូរក្ឌាំង! គ្រាប់​កាំភ្លើងធំ ១០០លី ធ្លាក់នៅខាងក្រោយរថយន្តដឹកម៉ាស៊ីនភ្លើងក្បែរឃ្លាំងដាក់​ស្បៀងបញ្ជាការដ្ឋាន ធ្វើឱ្យខ្ញុំលោតចូលត្រង់សេទាំងច្រ​ងាប់​ច្រងិល ។ បន្ទាប់ពីស្ងប់ស្ងាត់គ្រាប់ ខ្ញុំនិងលោក ប៉ា ថន នាំគ្នាអើតចេញពីត្រង់សេត្រឹមពាក់កណ្តាលខ្លូន ក្នុងលក្ខណៈប្រុងប្រយ័ត្ន ហើយបបួលគ្នាគាស់ស្រាបៀរក្រេបផ្សើមបំពង់ក ព្រោះអត់ទឹកផឹកច្រើនម៉ោងមកហើយ និងជក់បារីមួយដើមម្នាក់ ជជែកគ្នាពីនេះពីនោះ ភ្នែកសម្លឹងទៅទីតាំងកំពុងប្រយុទ្ធជួរមុខ ចាប់ពីភ្នំទ្រព្យ ឃ្មុំ ប្រាសាទ ភ្នំប្រាំរយ តាសឹម ចាក់ច្រែងជាដើម ឮតែស្នូរគ្រាប់កាំភ្លើងតូចធំគ្រប់ប្រភេទទ្រហ៊ឹងអឺងអាប់ ក្នុងពេលនេះដែរក៏មានការហៅទូរស័ព្វចូលពីបងប្អូនមិត្តភក្តិ ពីសមរភូមិខាងក្រោយ ចង់ដឹងហេតុការណ៍ និងការសាកសួរសុខទុក្ខដ៏ច្រើននាក់ផងដែរ ដែលកាលនៅក្នុងលេណដ្ឋាន ទូរស័ព្វមិនអាចទាក់ទងបានឡើយ ព្រោះគ្មានសេវាទាល់តែសោះ ។
            បន្ទាប់ពីទំនាក់ទំនងជាមួយក្រុមគ្រួសារ និងលោកឪពុកអ្នកម្ដាយរួច ទូរស័ព្ទរបស់ខ្ញុំក៏នៅមានការហៅចូលមកទៀត នោះជាលេខរបស់លោកគ្រូបណ្ឌិត ញ៉ែម គឹមតេង (ជាគ្រូរបស់ខ្ញុំតាំងពីនៅជាសិស្សសាលា រហូតបានបួសរៀននាវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង) ព្រះអង្គបានទូរស័ព្ទមកសួរនាំពីសុខទុក្ខរបស់ពួកខ្ញុំ ព្រោះកាលពីពីរថ្ងៃមុន លោកទើបនឹងនិមន្តចាកចេញពីទីនេះ ក្រោយពេលព្រះអង្គនិមន្តអមដំណើរសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងប្រតិភូក្រសួងធម្មការ យាង និងអញ្ជើញមកសួរសុខទុក្ខនាយ-ពលទាហាន នៅសមរភូមិទិសទី១ប្រាសាទព្រះវិហារ ។ លោកគ្រូ ត្រូវបានឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឃាត់ដំណើរលោកឱ្យសឹងពីរបីយប់នៅទីនេះ ដោយសារឯកឧត្ដមធ្លាប់ជួប និងស្គាល់កាលដែលលោកអញ្ជើញទៅទស្សនកិច្ចនៅឥណ្ឌា ហើយព្រះអង្គគ្រូ ក៏កំពុងសិក្សាថ្នាក់បណ្ឌិតនៅទៅទីនោះដែរ ។ ប៉ុន្មានថ្ងៃមុន ដោយបានដឹងថាលោកគ្រូ និងព្រះថេរៈមួយអង្គទៀតគង់នៅទីនេះ សម្ដេច​តេជោ ហ៊ុន សែន ក៏បញ្ជាមកនាយឧត្ដមសេនីយ៍មេបញ្ជា​ការ ឱ្យរៀបចំនិមន្តព្រះអង្គជយន្តោប្រោះព្រំប្រសិទ្ធិពរជ័យដល់កងទ័ព រថក្រោះ រថពាសដែក និងយុ​ទ្ធោបករណ៍នានាផងដែរ ។
            ក្រោយពីសាកសួរសុខទុក្ខរួច លោកគ្រូបណ្ឌិតបានប្រោះព្រំប្រសិទ្ធិពរជ័យដល់ពួកយើងម្ដងទៀតតាមទូរស័ព្ទ។ នាយ-ពលទាហានទាំងអស់របស់​​បញ្ជា​ការដ្ឋានអង្គរក្ស គ្មាននរណាម្នាក់ត្រូវរងរបួស ឬស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់សៀម ក្នងសង្គ្រាមលើកនេះឡើយ សូម្បីតែរថក្រោះ រថពាសដែក និងយុទ្ធោបករណ៍ ក៏គ្មានការខូចខាតអ្វីដែរ ។
            តាំងពីដើមរៀងមក ខ្ញុំពុំដែលមានវត្ថុស័ក្តិសិទ្ធិ ឬមន្តអាគមអូមអាមអ្វីដាក់តាមខ្លួនដូចអ្នកដទៃឡើយ ដែលអ្នកខ្លះគេមានខ្សែចង្កេះ ខ្សែគាថា អាថាន់ ជាដើម ចំណែកឯរូបខ្ញុំគ្មានអ្វីក្រៅអំពី ការរំឭកដល់គុណមាតាបិតា និងគុណបុណ្យព្រះរតនត្រ័យជាទីពឹងទីរឭក យល់ថាវាគ្រប់គ្រាន់ណាស់ទៅហើយ ។
            នៅម៉ោងជិត​ ៦ ល្ងាចថ្ងៃដដែល ការប្រយុទ្ធត្រូវបានបញ្ចប់ ដោយ​ខាងភាគីសៀមសុំធ្វើការចរចា ព្រោះថាពួកគេរងនូវបរា​ជ័យយ៉ាងធ្ងន់ធ្ងរ និងអាម៉ាសជាទីបំផុត ដោយចាញ់ដៃគូប្រើត្រឹមអាវុធអេតចាយតែប៉ុណ្ណោះ ។ ឯការចចរចានោះ នឹងធ្វើឡើងនៅថ្ងៃទី ៥កុម្ភៈ ២០១១ វេលាម៉ោង ២ រសៀល នាច្រកជាំស្រង៉ាំ ខេត្តឧត្តរមានជ័យ ដោយខាងភាគីកម្ពុជាមានមេបញ្ជាការភូមិភាគ៤ និងមេបញ្ជា​ការកងពលធំអន្តរាគមន៍លេខ ៣ (លោកឧត្ដមសេនីយ៍ ស្រី ឌឹក) ខាងភាគីថៃ មានមេបញ្ជាការភូមិភាគ ២ និងមេបញ្ជាការកងពលលេខ ៦ ។
            សូមរំឭកថា នៅមុនពេលដែលភាគីខាងសៀមសុំឈប់បាញ់ ដើម្បីធ្វើការចរចា ព្រះឥន្ទ្រ (រហស្សនាមសម្ដេចតេជោ) បានទូរស័ព្ទមកនាយឧត្ដមសេនីយ៍មេបញ្ជាការ ហ៊ីង ប៊ុនហៀង ដោយបញ្ជាក់ថា យ៉ាងយូរម៉ោង ៦ ល្ងាចពួកគេនឹងសុំឈប់បាញ់ហើយ ។ ពិតជាមិនខុសមែន ម៉ោងប្រហែល ៥ និង ៤៥នាទី នាយឧត្ដមសេនីយ៍មេបញ្ជា​ការ បានប្រកាសតាមអាយកូមថាៈ កូនចៅ! ឈប់បាញ់កនយើង ព្រោះព្រះឥន្ទ្របញ្ជាមកថា ពួកវាសុំឈប់បាញ់ រៀបចំធ្វើការចរចានៅថ្ងៃស្អែក ។ ពេលស្ដាប់ឮបទបញ្ជានេះ ពួកយើងទាំងអស់នាំគ្នាជំនុំគ្នាថា សម្ដេចតេជោ ពិតជាមិនធម្មតាមែន រឿងធ្វើសឹកសង្គ្រាម គាត់អាចស្មានដឹងបានពីចិត្តសាស្ត្រ ស្ថានការណ៍ និងសមត្ថភាពរបស់គូសត្រូវយ៉ាងច្បាស់​​លាស់បំផុត ។
            គួរឱ្យអស់សំណើចបន្តិចដែរ ពេលដែលមានបទបញ្ជាឈប់បាញ់ទៅហើយ តែនៅមានការហៅសុំជំនួយពីជួរមុខ នាយឧត្ដមសេនីយ៍មេបញ្ជាការ ក៏បញ្ជាឱ្យបាញ់ BM21 ថែម២កញ្ច្រែងថែមទៀត ធ្វើឱ្យខាងសៀមផ្អើលជាថ្មី ហើយបានទាក់ទងទៅថ្នាក់លើរបស់គេ ឱ្យប្រាប់មករាជរដ្ឋាភិបាលខ្មែរ ទើបសម្ដេចតេជោហៅទូរស័ព្ទមក​​​នាយឧត្ដមសេនីយ៍មេបញ្ជាការ ហ៊ីង ប៊ុនហៀង សួរថាហេតុអីនៅបាញ់ទៀត? នាយឧត្ដមសេនីយ៍មេបញ្ជាការ លោកបានតបទៅថា «ជម្រាបប្រសាសន៍សម្ដេច! ដោយសារយើងនៅសល់គ្រាប់ដែលច្រករួច ពីរកញ្ច្រែងនៅក្នុងកាណុង បើធ្វើការដកចេញ អាចបណ្ថាលឱ្យមានបញ្ហាជាយថាហេតុ ដូច្នេះក៏ព្រលែងចេញតែម្ដងទៅ ដើម្បីលាងសម្អាតកាណុងផង»! រួចហើយគាត់បែរមកសើចដាក់កូនចៅក្រោមឱវាទ (តាមពិតយើងអាចដោះក្បាលគ្រាប់ចេញពីកាណុង​បាន​ទេតើ ) ។





ងើបពីត្រង់សេ (លេណដ្ឋាន)

            បើទោះបីជាមានការព្រមព្រៀងគ្នា ឈប់បាញ់ដើម្បីធ្វើកាចរ​ចាក៏ដោយ ក៏ភាគីសៀមនៅតែបន្តផ្លោងគ្រាប់កាំភ្លើងធំ ចូលមកក្នុងទឺកដីកម្ពុជាជាហូរហែ និងជាច្រើនគ្រាប់ រហូតដល់ម៉ោង ១០យប់ ទើបមានការស្ងប់ស្ងាត់ ហើយក្រុមខ្ញុំទាំងអស់ ក៏បានមកជួប​ជុំគ្នាឡើងវិញ ។ យុទ្ធមិត្តរួមអាវុធទាំងអស់របស់ក្រុមយើង ប្រញាប់ប្រញាលរៀបចំដាំបាយហូប ព្រោះមានការស្រេកឃ្លាន និងហេវហត់ខ្លាំងណាស់ទៅហើយ ។ បាយរួច ខ្ញុំដោះកាំភ្លើង ទូស្សៀ និងខោអាវចេញពីខ្លួន ទៅរកមុជទឹកសម្អាតខ្លួនបន្តិច រួចស្លៀកពាក់ឯកសណ្ឋានឡើងវិញ ក្នុងលក្ខណៈត្រៀមប្រយុទ្ធដដែល ។
            យប់នោះរហូតដល់ជិតភ្លឺ មិនមានអ្នកណាម្នាក់ហ៊ានដេកឱ្យលង់លក់នោះទេ នាំគ្នាអង្គុយ និងឈរនៅក្បែៗលេណដ្ឋានជជែកពីនេះពីនោះ ភ្នែកសម្លឹងទៅកន្លែងប្រយុទ្ធគ្នាកាលពីថ្ងៃ កំពុងត្រូវភ្លើងឆេះក្រហមរងាលជាជួរៗ មើលទៅហាក់ដូចជាភ្លើងលម្អទីក្រុងក្នុងរាត្រីដ៏សែនមនោរម្យអ៊ីចឹង ។ ម៉ោង​ជាង​បីរំលងអាធ្រាត្រ ភាពងងុយក៏កាន់តែខ្លាំងឡើងៗ ទ្រាំមិនបានខ្ញុំក៏បបួលមិត្តភ័ក្ត្រមួយចំនួន ឡើងមកដេកនៅគ្រែក្នុងអគាររៀងៗខ្លួន ដោយមានការប្រយ័ត្នប្រយែងខ្ពស់ ។




ស្នូរកាំភ្លើងធំរំខានម្ដងទៀត

            គ្រឹមៗ! ក្ឌាំងៗ! សំឡេងទាំងនេះ វាបានមករំខានដំណេកពួកខ្ញុំឱ្យភ្ញាក់ក្រញាង ស្រវេស្រវារទូស្សៀរគ្រាប់ កាំភ្លើង មកពាក់ពីលើខោអាវដែលបានស្លៀកតាំងពីយប់ រួចហីយចល័តទៅកាន់លេណ​ដ្ឋានជាបន្ទាន់ ។ 
            «គ្រប់គ្នា! ឲ្យបងប្អូនប្រុងប្រយ័ត្ន»! នេះជាសំឡេងបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការតាមវិទ្យុទាក់ទង ។ ទ័ព​​សៀម​​​បានបាញ់ផ្លោងកាំ​ភ្លើងធំជាច្រើនគ្រាប់ នាពេលព្រឹកព្រលឹមស្រាងៗ​ វេលាម៉ោង ៥ ជិតកន្លះ ថ្ងៃទី ៥ កម្ភៈ ឯខាងកងទ័ពយើងគ្រាន់តែត្រៀមសភាពការណ៍ មិនទាន់មានបទបញ្ជាណាមួយឱ្យធ្វើការបាញ់តបតនៅឡើយទេ ។ មួយសន្ទុះធំក្រោយមក បងពល២ (ឧត្ដមសេនីយ៍ឯក អ៊ុង សារិទ្ធ) បានរាយការណ៍​ជូនឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការតាមវិទ្យុទាក់ទងមកថា នេះពួកវាគ្រាន់តែបាញ់​​​ផ្លោងកំញើញ​ ដាស់​សូរយកខ្មោចតែប៉ុណ្ណោះ ព្រោះការប្រ​យុទ្ធគ្នា​​ពីល្ងាចម្សិលមិញ ទ័ពសៀមបានទទួលរងនូវសរព្រះឥន្ទ្រ​ ​(គ្រាប់​​BM21) សុសសាញដីធ្វើឱ្យទ័ពងាប់ និងរបួសមិនស្ទើរហើយ​​ទុកចោលនៅក្នុងព្រៃ ទើបពេលនេះ ធ្វើការបាញ់ផ្លោងលើកទឹកចិត្តគ្នាវា ដើម្បីចូលមកយកខ្មោច និងអ្នករបួសតែប៉ុណ្ណោះ ។
​​            ក្តាប់បានសភាពការណ៍ដូច្នេះហើយ ទើបខាងភាគីខ្មែរយើង  មិនបានបាញ់តបតវិញសូម្បីតែមួយគ្រាប់ ។ ប្រហែលជាកន្លះម៉ោងក្រោយមក ក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ ពួកខ្ញុំម្នាក់ៗមានការហួសចិត្ត និងខឹងសម្បារជាខ្លាំងអំពីរឿងនេះ ។ មានមិត្តភក្ដិខ្លះបានស្រែកជេររបៀបលេងសើចថាៈ អាសៀមជម្លើយ! គេអត់ដឹងអីផង! កំពុងតែដេកស្រួលៗមកផ្លោងដាក់ឱ្យគេភ័យ!​ អាឈ្លើយ! អាសៀមត្រូវបេ! ជាដើម
            ក្នុងថ្ងៃ និងយប់នោះ (៥កុម្ភៈ) ទោះបីមិនមានសភាពការណ៍អ្វីធំដុំកើតឡើងក៏ដោយ ក៏ពួកយើងនៅតែមានស្មារតីប្រុងប្រយ័ត្ន និងត្រៀមប្រ​យុទ្ធជានិច្ច មិនអាចធ្វេសប្រហែសបានឡើយ ។ ម្នាក់ៗតាមដានវិទ្យុទាក់ទង ក្រែងលោមានពត៌មាន ឬបទបញ្ជាអ្វីមួយផង និងរង់ចាំស្តាប់លទ្ធផលនៃការចរចានៅ ជាំស្រង៉ាំ ផង ។ ម៉ោង​ ៦​ និង​ ៣០ ល្ងាចថ្ងៃដដែល យើងនាំគ្នាបើកទូរទស្សន៍ដើម្បីទស្សនា ទើបបានដឹងខ្លះៗ  អំពីលទ្ធផលនៃការចរចានោះ ដែលលទ្ធផលមិនខុសពីការចរចាលើកមុនៗ ធ្លាប់បានធ្វើមកនោះទេ ភាគីទាំងសង​ខាង​​ បានឯកភាពឈប់បាញ់គ្នាតទៅទៀត ។
            លុះស្អែកឡើងថ្ងៃទី ៦កុម្ភៈ ក៏ឃើញថានៅមានសភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែ​អ្នកយកការណ៍ជួរមុខ បានជូនដំណឹងមកថា ពួកវាកំពុងបញ្ជូនកម្លាំងទ័ព និងអាវុធ រថក្រោះមកបន្ថែមទៀត និងមានយន្តហោះចម្បាំងប្រភេទ​ F16 បានមកដល់ខេត្តស៊ីសាកេត ។ ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ បានប្រកាសតាមវិទ្យុទាក់ទង ទៅកាន់បណ្តាមេបញ្ជាការគ្រប់អង្គភាពទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ឱ្យប្រកាសអាសន្នផ្គុំអាវុធ មិនអាច​ធ្វេសប្រ​ហែសបានឡើយ ថ្វីត្បិតតែការចរចាគ្នាពីថ្ងៃ បានឯកភាពគ្នាថាឈប់បាញ់ក៏ពិតមែន ប៉ុន្តែមេរៀននេះយើងធ្លាប់បានដឹង និងទទួលជាច្រើនដងមកហើយ ពួកសៀមនេះក្រឡេចក្រឡុចខ្លាំងណាស់ និ​យាយ​អ៊ីចេះធ្វើអ៊ីចុះ បាទដៃជាខ្នងដៃ ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល ពេលជួបគ្នាជា​មួយយើងនិយាយផ្អែមល្ហែមណាស់ គួរឱ្យទុកចិត្ត បាទ!យល់ព្រម អរគុណបាទ (ខាប់!ខបឃុនខាប់) តែចប់ពីនោះបែរជាឯណាឯណីឆ្កុយទៅវិញ ។          
            មិនខុសពីការគិតរបស់យើងឡើយ នៅម៉ោងប្រមាណជា ៦ និង ៣០នាទី​​ល្ងាច គ្រាប់កាំភ្លើងធំគ្រប់ធុនត្រូវបានពួកសៀមបាញ់ផ្លោងចូលទឹកដីកម្ពុជាជាថ្មីម្តងទៀតរាប់ពាន់គ្រាប់ គ្របដណ្ដប់ទៅ​លើគ្រប់គោលដៅសំខាន់ៗរបស់យើង ។ គោលបំណងរបស់គេ គឺវាយសង្គ្រប់បំបាក់ស្មារតីឱ្យយើងចុះចាញ់ ប៉ុន្តែមិនដូចជាការគិតឡើយ កងកម្លាំងប្រដាប់អាវុធកម្ពុជា ទឹកចិត្តអង់អាចក្លា​ហាន​គ្មានតក់ស្លុត ឆន្ទះមោះមុតវាយបកទៅភាគីសត្រូវវិញ យ៉ាងប្តូរផ្តាច់ជាទីបំផុត ។
            នៅទីបញ្ជាការសមរភូមិមុខឯណេះវិញ ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ កំពុងតែមមាញឹកគ្រប់គ្រងស្ថានការណ៍ និងរង់ចាំទទួលសំណូមពរឱ្យជួយគាំទ្រពីខ្សែត្រៀមជួរមុខ ហើយគាត់មិ​នភ្លេចដាស់​​តឿន​កូនចៅក្រោមឱវាទ ឱ្យមានការប្រុងប្រយ័ត្ន ចូលទៅក្នុងលេណដ្ឋានគ្រប់ៗគ្នា ព្រោះលើកនេះពួកវាវាយកាន់តែទ្រង់​ទ្រាយធំ អាវុធគ្រប់ប្រភេទ ឬក៏អាចប្រើយន្តហោះប្រភេទ F16 ក៏ថាបាន​ ។ ដូចនេះហើយ នាយឧត្តមសេនីយ៍មេបញ្ជាការ លោកត្រូវតែប្រុងជើងការឱ្យបានហ្មត់ចត់បំផុត ដែលជារឿយៗ យើងតែងតែឮសំឡេងគាត់ស្រែកបញ្ជា «អាឡូជើងឯកៗ...អាឡូចតុមុខ...ពល២... ថ្លែង​​សរ... សរជ័យ... អគ្គិនេត្រ... កំពង់ឆ្នាំង...អាម៉ាប់ៗ...យ៉ាងម៉េចហើយ ត្រៀមរួចរាល់ហើយនៅ ? មើលបងប្អួនឱ្យបានស្រួលបួលប្រយ័ត្នប្រយែង! ក្តាប់សភាពការណ៍ឱ្យបានល្អ រង់ចាំបទបញ្ជាចាត់ការឮទេ?» «គោរពទទួលបញ្ជាលោកនាយ!» (សំឡេងឆ្លើយតប) ។c
            មិនយូរប៉ុន្មាន សំឡេងស្រែកសុំជំនួយគាំទ្រពីជួរមុខ បាន​​លាន់​ឮនៅក្នុងវិទ្យុទាក់ទង ។ ទទួលបាន​ការស្នើសុំ នាយឧត្តមសេនីយ៍មេបញ្ជាការ បាន បញ្ជាទៅ​គោលដៅគ្រប់គ្រងអាវុធ ​BM21 នៅតាមមុខសញ្ញានីមួយៗ ឱ្យបាញ់ទៅកាន់ទីតាំងបច្ចាមិត្ត លាន់ឮសំឡេងង៉ោកង៉ាកៗ វឹបៗ ! ទ្រហឹងអ៊ឺងអាប់ នាពេល​​រាត្រីក្រោយថ្ងៃអស្តង្គតរលត់ចោលទ្វីបលោកា ។
            យុទ្ធសាស្ត្រក្នុងការបាញ់អាវុធគាំទ្រ BM21 លើកនេះ មានភាពខុសប្លែកពីលើកមុន ដោយកាលពី​ថ្ងៃទី ៤ កុម្ភៈ បាញ់ម្តងមួយគោលដៅកាណុង និងចេញម្តងមួយកញ្ច្រែង (៤០កាណុង) ការបាញ់បែបនេះ នាយឧត្តមសេនីយ៍មេបញ្ជាការបានឱ្យឈ្មោះថាជាចង្វាក់ រាំវង់អន្លង់រមៀត ចំណែកឯលើកនេះ ប្តូរយុទ្ធសាស្ត្រមកបាញ់ព្រមៗគ្នាក្នុងពេលតែមួយ (គ្រប់គោលដៅអាវុធ BM21) ប៉ុន្តែក្នុងមួយគោលដៅ​បាញ់ម្ដងតែ ៥ កាណុង​ប៉ុណ្ណោះ ឱ្យឈ្មោះថាបាញ់ជាចង្វាក់ ឡាំបាដា Lambada

          ក្នុងយប់នេះ ត្រង់សេរបស់ពួកយើង មានសភាពចង្អៀតណែន​មែនទែន ព្រោះត្រូវប្រមូលផ្ដុំកម្លាំងមកជុំគ្នា មិនបានបែងចែកក្រុមដូចកាលថ្ងៃទីមួយនោះទេ និងមានកម្លាំងថ្មីបីបួននាក់ទៀត ដែលទើបនឹងឡើងពីសមរភូមិក្រោយមក (មិនចាំឈ្មោះ​អ្នកនៅក្នុងលេ​​​ណដ្ឋានបានអស់ទេក្នុងយប់នោះ គ្រាន់តែដឹងថាមានគ្នាប្រ​​​ហែល​ជា ២០ នាក់) ។ អ្នកដែល​មិនសូវមានការភ័យខ្លាច ព្រោះធ្លាប់​ជួបប្រទះ និងមានបទពិសោធន៍ខ្លះៗអំពីរឿងគ្រាប់ផ្លោង មិនបានចូលក្នុងលេណដ្ឋានជាអចិន្ត្រៃយ៍នោះទេ ពេលណាស្បើយសំឡេងគ្រាប់ធ្លាក់ក្បែរៗ ក៏នាំគ្នាអើតឡើងមកលើ ឈរអែបផ្លូវចូលត្រង់សេ ដើម្បីយកខ្យល់អាកាស និងតាមដានសភាពការណ៍ផង ។ នៅច្រក​ចូលពីខាងកើត មានគ្នាពីរទៅបីនាក់កំពុងនិយាយគ្នារអ៊ូរៗ មានឧត្ដមសេនីយ៍ ប៉ា ថន ឧត្ដមសេនីយ៍ យិន ហេង, .ត្រី មាស គ្រឿន ឯមាត់ច្រកខាងលិច មុខបែរចំទៅគោលដៅកំពុងប្រយុទ្ធ មានរូបខ្ញុំ​ (រ័ត្នន៍ សេនា).ទោ ម៉ម សារ៉ាត់, វ.ទោ ឆែម សុខឿន, អ.ឯក ដូត ណារី ខ្លះឈរខ្លះអង្គុយអើតចេញ​មកក្រៅពាក់កណ្តាលខ្លួន នាំគ្នាសម្លឹងមើលគ្រាប់កាំភ្លើងធំដែលសៀមកំពុងផ្លោងចូលមក ហោះប្រសេចប្រសាចពេញផ្ទៃអាកាសា ។ យូរៗម្តង ពួកវាបាញ់គ្រាប់ភ្លើងមួយគ្រាប់ដើម្បីបំភ្លឺ ដុំពន្លឺភ្លើងបានហោះឡើងលើ ភ្លឺច្បាស់ក្រឡែតប្រមាណ១នាទី ព្រមជាមួយនឹងការបាញ់ផ្លោងសង្គ្រប់ មកលើទីតាំងឈរជើងរបស់យើង ប៉ុន្តែពួកវាពុំបានទទួលលទ្ធផលអ្វីឡើយ ។ វ៉ឺ...រ៉ាកៗៗ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែឃើញពន្លឺភ្លើង ហោះសំដៅមកកាន់ពួកយើង ផ្តាច់ការសន្ទនាអស់​ ជំនួសដោយសម្រែកៈ« គ្រាប់ផ្លោងសំដៅមកពួកយើងហើយ ចូលក្នុងត្រង់សេឱ្យលឿនឡើង!ឆាប់ឡើងៗៗ!» ម្នាក់ៗស្ទុះលោតចូលដំណាលគ្នាចង្អៀតណែនប៉ែស ព្រោះតែផ្លូវចូលលេណ​ដ្ឋាន មានទំហំត្រឹមតែខ្លួនមនុស្សម្នាក់ប៉ុណ្ណោះ។ ចូលដល់មិនទាន់បានស្រួល​បួលផង សំ​​ឡេង​​​​​​គ្រាប់ធ្លាក់ដល់ដីគ្រាំងៗ ពីខាងក្រោយត្រង់សេ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន ចំកន្លែងទីតាំងដាក់អាវុជ BM21 ដែលបញ្ជាដោយបង សរជ័យ (ឧត្ដមសេនីយ៍ ឡេង សំអឿន) កាលពីថ្ងៃទី ៤ កុម្ភៈ កន្លងមក ។  លុះបន្តិចក្រោយមក ក៏នាំគ្នាចេញមកក្រៅវិញដដែល ដើម្បីផ្លាស់​ប្តូរយោបល់គ្នា និង​វិភាគជាបន្តទៅទៀត ហើយសភាពបែបនេះវាកើតឡើងជាញឹកញាប់មកលើ​ក្រុមពួកខ្ញុំ ។

            ងាកមកមើលផ្នែកខាងស្តាំដៃឯណោះវិញ ភ្លើងកំពុងតែឆេះសន្ធោសន្ធៅ ក្រហមច្រាលភ្លឺរន្ទាលជ្រែកស្បៃអន្ធការ នោះគឺភ្លើងឆេះនៅលើភ្នំក្បាលខ្មោច​ (ភ្នំ​ប្រាំរយ) ដែលស្ថិតនៅខាងកើតឆៀងខាងជើងភ្នំប្រាសាទព្រះវិហារ ជាទីតាំងយោធាដ៏ធំមួយរបស់សៀម (ភ្នំនេះជារបស់ខ្មែរដែរ តែត្រូវបានគេកាន់កាប់ជាយូរមកហើយ)។ សៀមបានធ្វើផ្លូវក្រាលកៅស៊ូឡើងដល់លើកំពូលភ្នំ បង្កលក្ខណៈងាយស្រួលដល់ពួកវា ក្នុងការដឹកជញ្ជូនកម្លាំង និងសម្ភារៈសឹក ។ ភ្លើងដែលកំពុងឆេះនៅជុំវិញភ្នំនេះ កើតឡើងពីការបាញ់កាំភ្លើងគាំទ្ររបស់កងទ័ពជាតិយើង ធ្វើឱ្យពួកខ្មាំងសៀមបាក់ស្មារតី ភ័យលស់​ព្រលឹង​​គ្រប់ៗគ្នា។ មាន​​ពត៌​មានផ្ដល់មកថា នៅពេលដែលយើងវាយសម្រុកខ្លាំង ពួកវាក៏បានហៅការគាំទ្រពីខាងក្រោយមកដែរ ប៉ុន្តែគ្រាប់កាំភ្លើងធំគាំទ្រ បាញ់មិនដល់គោលដៅរបស់យើង បែរជាធ្លាក់នៅលើភ្នំចំទីតាំងគ្នាវាទៅវិញ ធ្វើឱ្យពួកវាយល់ថាកងទ័ពកម្ពុជា ចូលព័ទ្ធវាយលុកពីខាងក្រោយខ្នង ទើបនាំគ្នាបែរចុងកាណុងកាំភ្លើង បាញ់គ្នាវាទៅវិញទៅមក ត្រូវគ្នាឯងងាប់ និង​របួសមិនតិចនាក់ទេ ពេលដែលបានឮរឿងនេះ ពួកខ្ញុំនាំគ្នាសើចគឹលទាំងហួសចិត្តជាខ្លាំង ។ 
            ម៉ោង ៩យប់ទៅហើយ ការប្រយុទ្ធគ្នានៅតែបន្តនៅឡើយ ហើយក៏មានការប្រកាសប្រាប់តាមវិទ្យុទាក់ទងមកថា សៀមចាប់ផ្តើមប្រើគ្រាប់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក ដូច្នេះត្រូវប្រុងប្រយ័ត្នរកមើមខ្ទឹមស ទុកទប់ទល់និងជាតិពុល ។ ពួកយើងម្នាក់ៗសុទ្ធតែបានត្រៀមលក្ខណៈរួចជាស្រេច ពុំមានធ្វេសប្រហែសឡើយ ប្រសិនបើមានជាតិពុល ត្រូវយកមើមខ្ទឹមសទាំងនោះ មកដំរួចយកមកហិតទៅ អ្វីៗនឹងបានប្រសើរឡើងវិញហើយ ។ បើតាមសង្កេតមើល​​​​យូរៗទៅ ការបាញ់ផ្លោងកាំភ្លើងធំរបស់ពួកវា ហាក់បីដូចជាទទឹង​ទទែងទិស គោលដៅធ្លាក់គ្រាប់មិនច្បាស់លាស់ទាល់​តែសោះ គ្រាំង!ឯណេះ គ្រាំង!ឯណោះ មើលទៅពួកវាមានសភាពដូចជាជ្រូកពុលអ៊ីចឹង ។ ម៉ោងប្រហែលជា ៩ និង ៤០ នាទីយប់ មានការព្រមព្រៀងឈប់បាញ់គ្នាម្តងទៀត ទទួលបានបទបញ្ជា ភាគីកម្ពុជាក៏បានផ្អាកការបាញ់។ ខាងសៀមក៏ឈប់បាញ់លក្ខណៈទ្រង់​ទ្រាយ​ធំដែរ ប៉ុន្តែនៅតែមានការផ្លោងចូលជាហូរហែថែមទៀត ត្រង់នេះមួយគ្រាប់ ត្រង់នោះមួយគ្រាប់ លុះដល់ម៉ោងជិត ១១ យប់ ក៏ប្រ​ហែលជាដោយសារឃើញយើងមិនរវល់តបត ពួកវាក៏ឈប់បាញ់ផ្លោងតទៅទៀតដែរ ។ 
            បើទោះបីជាមានការស្ងប់ស្ងាត់ក៏ដោយ ពួកយើងនៅមិនទាន់មាននរ​ណា​​ម្នាក់ ចូលទៅដេកនៅកន្លែងរបស់ខ្លួនវិញឡើយ ព្រោះតែមិនទុកចិត្ត ក្រែង​លោពួកវាវាយប្រហារម្តងទៀត ។ ពួកខ្ញុំនាំគ្នាឡើងមកខាងក្រៅ ជជែកពិភាក្សាគ្នាអំពីហេតុការណ៍ដែលទើបនឹងកើតឡើង​ថ្មីៗ អ្នកខ្លះសម្ងំសម្រាកនៅខាងក្នុងត្រង់សេនៅ​ឡើយ ។ យប់នោះខ្ញុំចេះតែនឹកពិភាល់ក្នុងចិត្ត ហេតុអ្វីបានជាមានអការផ្សារភ្នែក ហើយងងុយដេកចម្លែកខ្លាំងម្លេះ? អ្នកឯទៀតក៏អ៊ីចឹងដែរ លុះក្រោយមកទើបប្រាកដក្នុងចិត្តថា វាបណ្តាលមកពីឧស្ម័នបង្ហូរទឹកភ្នែក ដែលពួកសៀមបានបាញ់បង្ហើរតាមខ្យល់មក ទើបបណ្ដាលឱ្យទៅជាបែបនេះ ។ យប់កាន់តែជ្រៅ កាន់តែងងុយខ្លាំងឡើងៗ ខ្ញុំក៏ចូលទៅក្នុងត្រង់សេវិញ អង្គុយទម្រេតផ្អែកជាប់ជញ្ជាំង រហូត​ដល់ម៉ោង ៣ជាងកន្លះ ឃើញថាមិនស្រួលទាល់តែសោះ ក៏គិតក្នុងចិត្តថាៈ «បើទោះជាពួកឯងផ្លោងមកទៀត ក៏ផ្លោងតាមចិត្តទៅ! អញលែងខ្វល់ហើយ...» ។ គិតរួចក៏ទាញកាំភ្លើង ងើបឡើងដើរចេញ សំដៅទៅកាន់អគារសម្រាក រួចក៏ប្រាស់ខ្លួនភីង ដេកលក់ស្កប់ស្កល់​លែងដឹងខ្លួនរហូតថ្ងៃរះ ប៉ុន្តែមុននឹងដេក ខ្ញុំបានប្រាប់មិត្តភ័ក្ត្រឱ្យជួយដាស់ផង បើមានសភាពការណ៍​អ្វីមួយ​កើត​ឡើង និងបានយកវិទ្យុទាក់ទងមកដាក់លើក្បាលដំណេកក្បែរត្រចៀក បើក សំឡេងឱ្យអស់ទៀតផង ។
            ស្អែកឡើងពេលក្រោកពីដេក មិនឮសូរថាមានអ្វីកើតឡើងទេ ហើយជាច្រើនថ្ងៃកន្លងមកទៀត ក៏គ្មានការវាយប្រយុទ្ធគ្នាដែរ ប៉ុន្តែរយៈពេល ២-៣ ម៉ោងម្តង តែងតែឮស្នូរផ្ទុះគ្រាប់នៅខ្សែត្រៀមជួរមុខ បង្កឡើងដោយពួកទ័ពសៀម ។ ពួកវាគប់គ្រាប់បែក ចុចបំផ្ទុះមីន ឬបាញ់គ្រាប់បេ ៤០ មកទម្លាក់ក្បែរៗពួកយើង តែគ្មានបង្កផលប៉ះពាល់អ្វីធំដុំឡើយ ហើយពួកយើងក៏មិនខ្វល់នឹងធ្វើការតបតទៅ​ពួកវាវិញដែរ ដោយគោរពតាមបទបញ្ជាដ៏ហ្មឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់សម្តេចតេជោ​ប្រមុខរាជរដ្ឋាភិបាល ។ ទោះបីមិនមានការវាយប្រយុទ្ធគ្នាក៏ដោយ កងយោធពលខេមរភូមិន្ទ្រដ៏អង់​អាចក្លាហាន ជាពិសេសកងកម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្ស ដែល​ជាកម្លាំងគាំទ្រយ៉ាងសំខាន់ ដឹកនាំបញ្ជាផ្ទាល់ពីសំ​ណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងនៃ ខ..ម និងជាមេបញ្ជាការបញ្ជាការដ្ឋាន​អង្គរក្ស លោកមិនបានធ្វេសប្រហែសមួយវិនាទីណាឡើយ ​តែងតែដាស់តឿនក្រើនរំឭកដល់​មេបញ្ជាការ មេបញ្ជាការរងក្រោមឱវាទ ឱ្យត្រួតពិនិត្យអាវុធយុទ្ធភ័ណ្ឌជាប្រចាំ មើលសុខទុក្ខ ជំរុំជម្រក​ ស្នាក់នៅរបស់បងប្អូនយុត្ធមិត្ត ផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ លុយកាក់ប្រាក់កាស និងបានប្រកាសអាសន្នជាទៀងទាត់ ពិសេសពេលទៀបភ្លឺជារៀងរាល់ថ្ងៃ ។




ផ្អើលទាំងយប់

            កន្លងបាន-៦ ថ្ងៃ មានហេតុការណ៍មួយបានកើតឡើង នៅពេលយប់រំលងអាធ្រាត្រថ្ងៃទី១៣ ឈានចូលថ្ងៃទី ១៤កុម្ភៈ វេលាម៉ោង ១:៣៥នាទី មានការប្រកាសអាសន្នតាមវិទ្យុទាក់ទង (អាយកូម) ដល់គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ក្នុងបញ្ជាការដ្ឋានថា មានការពើបប្រទះវាយប្រយុទ្ធគ្នា អស់រយៈពេលកន្លះម៉ោងហើយ នៅតំបន់ប្រាសាទ​តាមាន់ខេត្តឧត្តរមានជ័យ ។ ទាំងអស់គ្នាប្រញាប់ប្រញាលរួសរាន់ ក្រវាត់ទូស្សៀរ អាវុធ គ្រាប់រំសេវ រត់សំដៅទៅកាន់លេណដ្ឋាន ហើយភ្នែកសម្លឹងទៅទិសខាងលិច ចំប្រាសាទតាមាន់ ឃើញតែពន្លឺភ្លើងភ្លឹបភ្លែតៗ លាយឡំនឹងស្នូរគ្រឹមៗ គិតច្បាស់ក្នុងចិត្តថា ពិតជាកំពុងមានការវាយប្រយុទ្ធគ្នាប្រាកដមែន ។ មួយស្របក់​ក្រោយមក សំឡេងបង ចតុមុខ (ឧត្ដមសេនីយ៍ យង់ សារិទ្ធ) បានបន្លឺឡើងតាមវិទ្យុទាក់ទង ជាមួយនឹងសំណើចផងថា អម្បាញ់​មិញនេះ គាត់​បានទូរស័ព្ទទៅសួរលោកឧត្ដមសេនីយ៍ ឈិន ច័ន្ទ​ពណ៌ ជាមេបញ្ជាការទិសប្រាសាទតាមាន់ គាត់បានប្រាប់មក​ថា មេឃកំពុងភ្លៀងយ៉ាងខ្លាំង និងមានផ្លេកបន្ទោរផ្គររន្ទះទៀតផងដែរ រយៈពេលជិតមួយម៉ោងមកហើយ គ្មានការបាញ់គ្នាអីនោះទេ ។ ទទួលបានដំណឹងនេះ ពួកខ្ញុំនាំគ្នាសើចហួសចិត្ត (ដែលមើលឃើញភ្លើងភ្លឺភ្លឹបភ្លែតៗ និងសូរគ្រឹមៗនោះ មិនមែនជាគ្រាប់ផ្លោងបាញ់គ្នាឯណា នោះជាផ្លេកបន្ទោរ និងផ្គលាន់ទេតើលោកព្រះអើយ​!​) ។ បន្ទាប់មក ក៏នាំគ្នាចូលនិទ្រាតាមកន្លែង​​​រៀងៗខ្លួនវិញ ។ មុនដំបូង ក្រុមរបស់ខ្ញុំទទួលបានព័ត៌មាននេះពី​​ អាគ្រឿន (.ត្រី មាស គ្រឿន) ពេលកំពុងតែដេកលក់ មិនដឹងជាបានដំណឹងនេះពីណាមកទេ វារត់មកប្រាប់ពួកយើងទាំងត្រ​ហេបត្រហប រញីរញ័រស្ទើរតែស្តាប់មិនយល់ «ឆាប់ឡើងៗ (វាស្រែក)​ក្រោក​ឡើងកនយើង! គេបាញ់គ្នាជាងកន្លះម៉ោងហើយនៅប្រា​សាទតាមាន់! »។ មែនទែនទៅខ្ញុំនិង​វ.ទោ ផូ ចាន់ថន ដូចជាមិនសូវទុកចិត្តដំណឹងនេះ តាំងតែពីដំបូងមកម្លេះ នៅពេលដែល​អាគ្រឿន​វាដើរស្រែកដាស់គេដាស់ឯងឱ្យ​ភ្ញាក់ ពួកខ្ញុំក្រោកអង្គុយនៅជ្រុងម្ខាងគ្រែដេក ភ្នែកសម្លឹងគ្នាទៅវិញទៅមក ក្នុងចិត្តនឹកសង្ស័យតែរៀងៗខ្លួន មួយសន្ទុះទើបងើបឡើងស្លៀកពាក់ឯកសណ្ឋាន ទាំង​មិនសូវប្រញេបប្រញាប់ដូចអ្នកដ៏ទៃទៀតប៉ុន្មានទេ ព្រោះតែមិនអស់ចិត្ត ហេតុអ្វីបានជាមិនឮ​សំឡេងបញ្ជាពីនាយឧត្តមសេនីយ៍មេបញ្ជា​ការតាមអាយកូម (វិទ្យុទាក់ទង)​ ដូចលើកមុនៗ ? លុះដល់ពេលដឹងការពិតហើយ ទើបយើងសើចដាក់គ្នា «វាមិនខុសពី​ការសង្ស័យរបស់ពួកយើងមែន» ។ ទោះបីមិនមែនជាការពិត ក៏វាជារឿងល្អម៉្យាងដែរ ទុកដូចជាការប្រកាសអាសន្ន ពញ្ញាក់ស្មារតីបងប្អូនយើង ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ។




កិច្ចការថ្នាក់ជាតិ

            នៅយប់ថ្ងៃទី ៤កុម្ភៈ ២០១១​ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល​​កម្ពុជា បានឱ្យឯកឧត្តមឧប​នាយករដ្ឋមន្ត្រី​ ហោ ណាំ​ហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផ្ញើលិខិតមួយ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្ហាញ​អំពីការវាយប្រហារ រំលោភបំពានរបស់ភាគីថៃ មកលើទឹកដីកម្ពុជា ។ យប់ថ្ងៃទី៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់ ទៅកាន់ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសៀម នៅតែធ្វើការ​បាញ់ផ្លោង​ចូលមកលើកកម្ពុជា ពិសេសក្នុងតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សម្តេចបានស្នើសុំ ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់មួយ ហើយទទួលបាននូវការឆ្លើយតបមកវិញ ក្រុមប្រឹក្សាសន៉្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការប្រជុំនៅថ្ងៃច័ន្ទ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០១១ នៅទីក្រុង New York នៃសហរដ្ឋអាមេរិក ។ 
            ដោយសារដឹងពីភាពកំសោយរបស់ខ្លួនលើផ្នែកការទូត និងចាញ់ប្រៀបទាំងស្រុងលើផ្លូវច្បាប់ជាមួយកម្ពុជា នាយករដ្ឋមន្ត្រីថៃ អាភិស៊ីត ខិតខំខ្នះខ្នែងរកគ្រប់កលល្បិច ដើម្បីបង្អាក់ដំណើរការនៃការប្រជុំនេះ រួមមានការទូរស័ព្ទទៅផ្អាកកិច្ចប្រជុំ តែត្រូវបរាជ័យ ទើបចាត់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន កាស៊ីតភិរុម ឱ្យធ្វើការបញ្ចុះបញ្ចូល (Lobby)  សុំឱ្យមានត្រឹមតែកិច្ចប្រជុំ កុំឱ្យមានចេញសេចក្តីថ្លែងការណាមួយ ក៏ត្រូវបរាជ័យផងដែរ ។ កាស៊ីតភិរុម អះអាងថាកម្ពុជា និងសៀម អាចដោះស្រាយគ្នាបាន មិនបាច់មានការអន្ត​រា គមន៍ពីភាគីទីបីឡើយ ។
            ថ្ងៃទី ១៤កុម្ភៈ (នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក) នាយករដ្ឋមន្ត្រីថៃ អាភិស៊ីត មានការអាម៉ាសជាខ្លាំង ព្រោះអីមិនត្រឹមតែជំទាស់ការប្រជុំមិនបានទេ ថែមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាតិ ចេញសេចក្តីថ្លែងការណ៍ពីរចំណុចទៀតផងគឺ៖ ទី១ ភាគីទាំងពីរត្រូវឈប់បាញ់ជាអចិន្ត្រៃយ៍, ទី២ គាំទ្រយ៉ាងសកម្មកិច្ចប្រជុំការបរ​ទេសអាស៊ាន ASEAN នៅទីក្រុង ហ្សាការតា ថ្ងៃទី ២២កុម្ភៈ ២០១១ ។
            នៅព្រឹកថ្ងៃ ពុធ ទី ១៧ កុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើសន្និសីទកាសែត ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបបានចូលរួម ហើយត្រូវបានធ្វើការផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ថែមទៀតផង ។ សម្តេចបានវាយប្រហារចំៗ ទៅលើរដ្ឋាភិបាល អាភិស៊ីត និងអ្នកនយោបាយថៃមួយចំនួនទៀត រួមទាំងមេដឹកនាំក្រុមអាវលឿងជ្រុលនិយម ដែលមាន ចំឡង ស្រីមឿង,ស៊ុនធិ លឹមថងឃុន និង វីរ៉ាក់ ក្បាលក្រិន ដែលកាលនោះ កំពុងសម្រាកវិស្សមកាល​រយៈពេល ៨ ឆ្នាំ នៅក្នុងគុកព្រៃសរប្រ​ទេស​កម្ពុជា ដោយត្រូវបានតុលាការរាជធានី​ភ្នំ​ពេញ​ ចោទប្រកាន់លើករណីឆ្លងដែនខុសច្បាប់ ចូលក្នុងតំបន់យោធា និងធ្វើចារកម្ម។
            នៅក្នុងសន្និសីទនោះដែរ សម្តេចតេជោ បានបញ្ជាក់ពីគោលជំហរ ៤ ចំ​ណុច ដែលកម្ពុជាស្នើទៅក្រុមប្រឹក្សាសន្តិសុខអាស៊ាន ទី១-កម្ពុជាស្នើឱ្យមានការចុះហត្ថលេខា រវាងភាគីទាំងពីរ(កម្ពុជា-ថៃ) ដែលមានការធ្វើសាក្សីពីអាស៊ាន អំពីបទឈប់បាញ់គ្នាជាស្ថា​ពរ និងជាអចិន្ត្រៃយ៍, ទី២-រក្សាស្ថានភាពដដែល នៃទីតាំងឈរជើង,ទី៣-កម្ពុជាលើកទឹកចិត្ត ឱ្យមេបញ្ជាការកងកម្លាំងឈរជើងនៅតាម​ព្រំដែនកម្ពុជា-ថៃ ពិភាក្សានិងសហការគ្នាល្អ​ ដើម្បី​សម្រួលឱ្យស្ថាន ការណ៍ វិលត្រឡប់ទៅដូចមុនថ្ងៃ ១៥ កក្កដា ឆ្នាំ ២០០៨, និងទី៤- កម្ពុជាយល់ព្រមឱ្យមានការត្រួតពិនិត្យ បទឈប់បាញ់គ្នាដោយ​​​មាន​ការចូលរួម ពីបណ្តាសមាជិកអាស៊ានទាំង ៨ ប្រទេស ជាក្រុមប្រទេស ឬក៏ជាប្រទេសនីមួយៗ ។ ចំណែក​​​​​ខាង​ភាគីសៀម នៅតែជំទាស់ជានិច្ចដោយមានលេសថា អាចដោះស្រាយទ្វេភាគីបាន មិនចាំបាច់មានភាគីទីបីចូលរួមឡើយ ។
            ហេតុដូចនេះហើយ បានជារៀងរាល់យប់ថ្ងៃ ទ័ពសៀមតែងតែគប់គ្រាប់បែក ចុចបំផ្ទុះមីន ផ្លោងគ្រាប់កាំភ្លើងត្បាល់ ៦០-៨០​  មម, បេ ៤០-៤០ កន្លះ សំដៅមកភាគីកម្ពុជាជាហូរហែគ្មានលស់ពេលឡើយ ជាក់ស្តែងក្នុងរាត្រីថ្ងៃទី ១៦ កុម្ភៈ សៀមបានបំផ្លោងចូលប្រមាណជាង ២០០គ្រាប់ ទើបមានការស្ងប់ស្ងាត់វិញ លុះដល់យប់ទី ១៩ កុម្ភៈ ឮស្នូរផ្ទុះគ្រាប់មីនពីរគ្រាប់ ក្រោយភ្នំត្រងោល ។ ទោះបីជាដូច្នេះក្តី ក៏ភាគីកម្ពុជានៅតែអត់ធ្មត់ មិនបានធ្វើការតបត​ឡើយ ។
            ខ្ញុំតែងតែគិតម្នាក់ឯង ហើយក៏ធ្លាប់បាននិយាយប្រាប់មិត្តរួមអាវុធឯទៀតដែរថា តាមការយល់ឃើញរបស់ខ្ញុំ ដែលពួកសៀមវាធ្វើដូច្នេះ មានហេតុផលពីរយ៉ាង៖ ទី១-វាញោះយើងឱ្យទ្រាំមិនបានវាយតបតទៅវាវិញ វាបានលេសនេះ នឹងប្រើយន្តហោះចម្បាំងតែវាយយើងទ្រង់ទ្រាយធំតែម្តង, ទី២-ពួកវាយល់ឃើញថា មិនអាច​យកឈ្នះលើផ្នែកច្បាប់ និងការទូត អ៊ីចឹងហើយមានតែបង្កឱ្យមានជាសង្គ្រាមម្តងទៀត ធ្វើឱ្យក្រុមប្រឹ​ក្សាសន្តិសុខអង្គការសហប្រជាជាតិ​ឈប់លូកដៃ ព្រោះគេយល់ថាភាគីទាំងពីរ មិនបានគោរព​  សេច​ក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកន្លងមក (ជាគំនិតផ្ទាល់ខ្លួនខ្ញុំតែប៉ុណ្ណោះ) ។ អ្នកឯទៀតមួយចំនួនយល់ថា វាជាព្រលឹងអតីតមេទ័ពខ្មែរដ៏ខ្លាំងពូកែនៅតំបន់ប្រាសាទព្រះវិហារ មានលោកតាឌី, មេទ័ព​ ១០៨, លោកយាយថងជាដើម និម្មិតជាកងទ័ពដើរល្បាតនៅពេលយប់ ឯពួកសៀម​ឃើញ​ស្មានថាជាទ័ពរបស់យើងលុកចូលទៅវាយប្រហារវា ទើបនាំគ្នាបាញ់បោះក្ឌុងក្ឌាំងរបៀបនេះទៅ ។

            អ្វីៗហាក់ដូចជាមានការធូរស្រាលបន្តិច ម្នាក់ៗរង់ចាំតែលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រសិនបើមិនមានការព្រមព្រៀងណាមួយនោះ​ទេ ច្បាស់ជានឹងមានសង្គ្រាមរវាងកម្ពុជា សៀមកើតឡើងម្តងទៀតជាក់ជាមិនខាន ហើយមានទ្រង់ទ្រាយកាន់តែធំ និងគ្រោះថ្នាក់ជាងលើកមុនទៀត។ 

            ប្រិយមិត្តជាទីគោរពស្រលាញ់រាប់អាន នៅពេលខ្ញុំ (រ័ត្នន៍ សេនា) បានសរសេរប្រលោមលោកពិតមកដល់ត្រឹមនេះ គឺថ្ងៃទី ២០ កុម្ភៈ ២០១១ ហើយក៏គ្មានព្រឹត្តិការណ៍អ្វីគួរឱ្យកត់សម្គាល់កើត​ឡើងតទៅទៀតដែរ នៅរង់ចាំតែលទ្ធផលនៃកិច្ចប្រជុំអាស៊ានថ្ងៃទី ២២ កុម្ភៈ ខានស្អែកយ៉ាងណាៗនោះ នឹងសសេរជូនមិត្តអ្នកអានជ្រាប​ជាបន្តទៀត ។
            នៅម៉ោង ៨ ព្រឹកថ្ងៃទី ២១ កុម្ភៈ ខ្ញុំបានទទួលព័ត៌មានមកថា រដ្ឋាភិបាលថៃយល់ព្រមតាមសំណើទាំង ៤ ចំណុច ដែលកម្ពុជាគ្រោងនឹងដាក់ចូល ទៅក្នុងកិច្ចប្រជុំអាស៊ាននៅហ្សាការតា ។ ថៃបាន​​ជ្រើសរើសយកកម្លាំងឥណ្ឌូណេស៊ី ឱ្យមកសង្កេតការណ៍ និងឃ្លាំមើលភាគីទាំង​ពីរ (កម្ពុជា-ថៃ)​ ថាតើអ្នកណាជាអ្នករំលោភបំ​ពាន​​លើអ្នកណាមុន?។ ទទួលបានដំណឹងនេះភ្លាម ខ្ញុំរួមនិងមិត្តភក្តិមួយចំនួន មានក្តីរីករាយក្នុងចិត្តជាខ្លាំង និយាយបែបនេះមិនមែនបានន័យថា ពួក​ខ្ញុំកំសាកខ្លាចស្លាប់នោះឡើយ បើខ្លាចមិនមែនម្នាក់ៗ ប្រឈមមុខនៅទីនេះរហូតជិតពីរឆ្នាំកន្លះមកហើយនោះ​ទេ អ្វីដែលយើងសប្បាយចិត្ត ក៏មិនមែនបានន័យថា ពួកយើងនឹងបានវិលត្រឡប់ទៅសមរភូមិក្រោយវិញភ្លាមៗនោះដែរ ដ៏រាបណាមានសន្តិភាពទាំង​ស្រុង និងមានការវាស់វែងបោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ ទើបកងកម្លាំងពួកខ្ញុំអាចធ្វើមាតុភូមិនិវត្តន៍ទៅកាន់សមរភូមិក្រោយ និងឆ្លៀតទៅផ្ទះសម្បែង ជួបមុខប្រពន្ធកូនជាទីស្រលាញ់របស់ខ្លួនវិញបាន ។ ពេលនេះត្រឹមតែគិតថា បើសភាពការណ៍បានធូរស្រាល ពួកខ្ញុំអាចមានច្បាប់ទៅលេងផ្ទះបាន​ពីរ ឬបីថ្ងៃប៉ុណ្ណោះ ។ (* រហូតដល់ខែកក្កដា ឆ្នាំ ២០១៧ ទើបពួកខ្ញុំមានឈ្មោះ បានវិលត្រឡប់មកសមរភូមិក្រោយវិញទាំងអស់គ្នា គឺរយៈពេល​៩ឆ្នាំ ដែលរស់នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ )



កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្សាកាតា

            ថ្ងៃទី ២២ កុម្ភៈ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅ ហ្សាកាតា ទទួលបានលទ្ធផលគាប់ប្រសើរ ទៅតាមអ្វីដែលកម្ពុជាបានគ្រោងទុក ។ ភាគីទាំងពីរ (កម្ពុជា-ថៃ) យល់ស្របគ្នាឱ្យអ្នកសង្កេតការណ៍មកពីឥណ្ឌូណេស៊ីចំនួន ១៥ នាក់ដាក់នៅខាងទឹកដីកម្ពុជា និង ១៥ នាក់ទៀត ដាក់នៅខាងទឹកដីថៃ ដើម្បីឃ្លាំមើលបទឈប់បាញ់ ។ ថ្វីត្បិតតែយ៉ាងនេះក្តី ក៏មិនមែនមានន័យថា អ្វីៗបានបញ្ចប់នោះទេ កងកម្លាំងប្រដាប់អាវុធរបស់យើង នៅតែប្រកាន់ខ្ជាប់នូវគោលជំហរប្រុងប្រយត្ន័ខ្ពស់ មិនអាចធ្វេសប្រហែសមួយដងណាណោះឡើយ ។
            ក្នុងនាមយើងជាកងទ័ពជាតិ ត្រូវតែមានវិន័យ សណ្ដាប់ធ្នាប់ គោរពតាមបញ្ជារបស់មេបញ្ជាការ ពិសេសគោរពតាមប្រ​សា​ស​ន៍​ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ   កម្ពុជា ។
            ប្រិយមិត្តទាំងអស់! សភាពការណ៍នយោ​បាយ​នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់បានបញ្ចប់ស្ងប់ស្ងាត់​​តែត្រឹមនេះឡើយ នៅមានការប្រែប្រួលជាបន្តបន្ទាប់ទៀត ។ ខ្ញុំនឹងសរសេររៀបរាប់បន្ថែម ដើម្បីបានជូនជ្រាបនៅពេលក្រោយ ។
និពន្ធដោយវរសេនីយ៍ឯក រត្ន័ន៍ សេនា
(នាយការិយាល័យអប់រំចិត្តសាស្ត្រ ស្នងការដ្ឋានឃោសនាព័ត៌មាន បញ្ជាការដ្ឋានអង្គរក្ស)








 ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង
នៃ ខ.ភ.ម នាយយករងខុទ្ទកាល័យ,ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ផ្តល់កិត្តិយសបំពាក់
គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ» 

  
ទទួលប័ណ្ណសសើរ «ស្នាដៃល្អឆ្នើម ក្នុងការការពារ
បូរណភាពទឹកដីទិសប្រាសាទព្រះវិហារ»


ទទួលបំពាក់មេដាយ»ការពារជាតិ»នៃព្រះរាជាណាចក្រកម្ពុជា



 ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរងនៃ ខ.ភ.ម
នាយយករងខុទ្ទកាល័យ,ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ

 ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស
ផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ 

(បញ្ជាការដ្ឋានអង្គរក្សសមរភូមិទិសទី១ ប្រាសាទព្រះវិហារ)
      

(បញ្ជាការដ្ឋានអង្គរក្សសមរភូមិទិសទី១ ប្រាសាទព្រះវិហារ)     



   ​  
              



               
          




    
​​          
​​          
   

 ដោយមានការធុញទ្រាន់ពេលត្រៀមប្រយុទ្ធពួកខ្ញុំក៏នាំគ្នាចាប់សាប់សាមពីរបីដៃលេងទៅ